រាជធានីភ្នំពេញ ៖ រដ្ឋមមន្ត្រីក្រសួងបរិស្ថានបានថ្លែងថា «យុវជនពិតជាដើរតួនាទីសំខាន់ជាកម្លាំងចលករជំរុញឱ្យមានការប្រែក្លាយពីចំណេះដឹងអំពីបរិស្ថានដែលប្រជាពលរដ្ឋ មានទៅជាប្រតិបត្តិមេត្រីភាពបរិស្ថានដើម្បីធ្វើឱ្យកម្ពុជាបៃតង មានបរិស្ថានស្អាតមានផាសុកភាព និងសោភ័ណភាពសម្រាប់ការរស់នៅរបស់ពលរដ្ឋខ្មែរ និងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនឡើងបន្ថែមទៀត»។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ នេះក្នុងឱកាស ចូលរួមជាអធិបតីភាព ក្នុងសិក្ខាសាលា បញ្ជ្រាបលិខិតបទដ្ឋានគតិយុត្តមេត្រីភាពបរិស្ថាន និងកម្មវិធីផ្តល់បណ្ណសរសើរមេត្រីភាពបរិស្ថាន លោកបានគូសបញ្ជាក់ថា «អ្នកស្ម័គ្រចិត្តទាំងឡាយ ដែលតែងតែបានចូលរួមសកម្មភាពសម្អាតអនាម័យ បរិស្ថាននៅរាជធានីភ្នំពេញ ក្នុងពិធីបុណ្យជាតិធំៗដូចជាពិធីបុណ្យអ៊ុំទូកជាដើម និងក៏ជាការទទួលស្គាល់ចំពោះស្មារតីនៃការទទួលខុសត្រូវ ក្នុងនាមជាប្រជាពលរដ្ឋដែលបានលះបង់ពេលវេលា កម្លាំងកាយកម្លាំងចិត្តចូលរួមសម្អាតអនាម័យបរិស្ថាន និងចូលរួមប្រតិបត្តិមេត្រីភាពបរិស្ថានបានល្អប្រសើរ»។
ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងថាការផ្តល់បណ្ណសរសើរមេត្រីបរិស្ថាននេះ គឺជាសកម្មភាពដែលក្រុមយុវជន ស្ថាប័ននិងអង្គភាពផ្សេងៗបានរួមគ្នា សម្អាតអនាម័យបរិស្ថាន នៅក្នុងពិធីបុណ្យជាតិធំៗគឺជាការចូលរួមអប់រំនិងផ្សព្វផ្សាយ បណ្តុះស្មារតី ប្រជាពលរដ្ឋឱ្យកាន់តែស្រឡាញ់បរិស្ថាន និងចូលរួមសម្អាតបរិស្ថានទាំងអស់គ្នា។ លោក នេត្រ ភក្ត្រា បានបន្តថា «ក្រសួងបរិស្ថានតែងតែលើកទឹកចិត្តនិងផ្តល់នូវសេចក្តីគោរពសរសើរចំពោះរូបវន្តបុគ្គលនិងនីតិបុគ្គលទាំងឡាយដែលបានប្រតិបត្តិមេត្រីភាពបរិស្ថានបានល្អប្រសើរ និងសូមលើកទឹកចិត្តដល់ប្រជា ពលរដ្ឋដទៃទៀត សូមចូលរួមប្រតិបត្តិមេត្រីភាពបរិស្ថានពោលគឺចូលរួមសម្អាតអនាម័យបរិស្ថាន ទុក ដាក់វេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ»។
លោក នេត្រ ភក្ត្រា បញ្ជាក់យ៉ាងដូច្នេះ មុននឹងបន្ថែមថាពល រដ្ឋគ្រប់រូបមានភារកិច្ចចូលរួមសម្អាតបរិស្ថានជុំវិញខ្លួន និងចូលរួមថែរក្សាធនធានធម្មជាតិដែលមាន ហើយការលើកទឹកចិត្តចំពោះអ្នកដែលបានប្រតិបត្តិមេត្រីភាពបរិស្ថានល្អគឺជាភាពចាំបាច់ដើម្បីជំរុញ បំផុសស្មារតីស្រឡាញ់បរិស្ថានឱ្យកាន់តែច្រើនទៀតនៅក្នុងចំណោមប្រជាពលរដ្ឋ។ បើតាមការថ្លែងឱ្យដឹងរបស់ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន នៅក្នុងរយៈពេល ១០ ឆ្នាំ ចុងក្រោយនេះ ប្រជាពលរដ្ឋមានការយល់ដឹងច្រើនលើបញ្ហាបរិស្ថាន ប៉ុន្តែការចូលរួមនៅមានកម្រិតនៅឡើយ ហើយមានភាពចាំបាច់ណាស់ក្នុងការជំរុញការប្រែក្លាយពីការយល់ដឹងទៅជាប្រតិបត្តិមេត្រីភាពបរិស្ថានឱ្យកាន់តែច្រើនឡើង។
លោកបានមានប្រសាសន៍ថា កម្ពុជាសម្បូណ៌ដោយបេតិកភណ្ឌវប្បធម៌ ធម្មជាតិ មានរមណីយដ្ឋានទេសចរណ៍ជាច្រើនដែលទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរ ជាតិឱ្យមកទស្សនាហើយបរិស្ថានស្ថាន ទេសភាពល្អស្អាតមិនបំពុលដោយសំណល់សំរាម សំណល់ ប្លាស្ទិក និងបរិស្ថានកខ្វក់ នឹងកាន់តែទាក់ទាញភ្ញៀវទេសចរថែមទៀត។ ដូច្នេះចាំបាច់ដែលយើងទាំងអស់គ្នាត្រូវចូលរួមសម្អាតអនាម័យបរិស្ថានប្រចាំ។
ជាមួយគ្នានេះ លោក នេត្រ ភក្ត្រា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាមានចក្ខុវិស័យកសាងកម្ពុជាជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងទៅជាប្រទេសដែលមានចំណូខ្ពស់នៅឆ្នាំ ២០៥០ ក្នុងចក្ចុវិស័យបរិស្ថាន គឺកម្ពុជា ឆ្នាំ២០៥០ គុណភាពបរិស្ថាន និងនិរនត្តរភាពបរិស្ថានត្រូវបានធានា ហើយប្រជាពលរដ្ឋនឹងមាន ចំណេះដឹងខ្ពស់និងចូលរួមកាន់តែសកម្មក្នុងបុព្វហេតុបរិស្ថាននិងធនធានធម្មជាតិស្របទៅតាមការ វិវឌ្ឍរបស់ប្រទេសនិងពិភពលោក៕
ចែករំលែកព័តមាននេះ