ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារជាតិ​មនុស្សកំហូច!

9 ឆ្នាំ មុន

មន្ត្រីរាជការ ឬ​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុ​ជានា​សម័យ​សាកល​ភាវូបនីយកម្ម​នេះ​បាន​បង្ហាញ​អាកប្បកិរិយា​ផ្សេង​ៗ​គ្នា ទៅ​តាម​ឋានៈ តួនាទី និង​មន្ត្រី​សាមញ្ញ ដែល​ភាគច្រើន

មន្ត្រីរាជការ ឬ​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុ​ជានា​សម័យ​សាកល​ភាវូបនីយកម្ម​នេះ​បាន​បង្ហាញ​អាកប្បកិរិយា​ផ្សេង​ៗ​គ្នា ទៅ​តាម​ឋានៈ តួនាទី និង​មន្ត្រី​សាមញ្ញ ដែល​ភាគច្រើន​នៃ​ការ​បញ្ចេញ​ចរិត​ខ្លះ​ត្រូវ​បាន​គេ​មើលឃើញ​ថា ដើម្បី​ផលប្រយោជន៍​សួនតួ​សុ​ទ្ឋ​សាធ ។ ទោះបីជា​សកម្មភាព​នោះ​ប៉ះពាល់ ឬ​ត្រូវ​ធ្វើបាប​មន្ត្រីរាជការ ឬ​បុគ្គលិក​ដែល​បម្រើ​ការងារ​ក្នុង​ក្រសួង​ស្ថាប័ន ឬ​ក្រុមហ៊ុន​ជាមួយ​គ្នា​ក្តី ។

កាយវិការ សម្តីសំដៅ អាកប្បកិរិយា​របស់​មន្ត្រីរាជការ ឬ​បុគ្គលិក​ផ្សេង​ៗ​គ្នា​នោះ​រាប់​បញ្ចូល​ដូច​ជា ៖ ការ​ឱនលំទោន សម្តី​ផ្អែមល្ហែម​អែបអប​នៅ​ចំពោះ​មុខ​មេ​កើយ ឬ​ម្ចាស់​ក្រុមហ៊ុន និយាយ​អេចអូច​អុជអាល​ប្រាប់​ថៅកែ ឬ​មេ អំពី​សកម្មភាព​ការងារ​របស់​មន្ត្រី ឬ​បុគ្គលិក​ណា​ដែល​ខ្លួន​មិន​ពេញចិត្ត ។ ចូល​ចិត្ត​យក «​បុ​ង​» មុខ​មេ និយាយ​ពី​អ្នក​នេះ​ប្រាប់​អ្នក​នោះ ជូន​សំណែន ​(​សូក​លុយ​) ​មេ កាន់​ឯកសារ​សម្ភារ​ឱ្យ​មេ​កើយ​ពេល​ចៅហ្វាយ​ខ្លួន​ដើរ​ចូល​ការិយាល័យ​ម្តង​ៗ និយាយ​បង្ខូច​អ្នក​ដទៃ​ក្នុង​ន័យ​ច្រណែនឈ្នានីស​ជាដើម ។

ជា​ការ​ពិត​នៅ​មាន​ចរិត​មនុស្ស​ច្រើន​ប្រភេទ​ទៀត​នៅ​ក្នុង​សង្គម​ខ្មែរ​នា​ពេល​បច្ចុប្បន្ន ប៉ុន្តែ​ដោយសារ​តែ​ពេលវេលា​និង​ទំហំ​ចុះ​ផ្សាយ​នៅ​លើ​សារព័ត៌មាន​កោះសន្តិភាព ក្នុង​នាម​ពលរដ្ឋ​ខ្មែរ​ម្នាក់ ខ្ញុំ​សូម​និយាយ​តែ​ចរិត​មន្ត្រីរាជការ​មួយ​ចំនួន​តូច​មក​រិះគន់​ក្នុង​ន័យ​ស្ថាបនា ដែល​សូ​ម្បី​តែ​ស​ម្តេ​តេ​ជោ ហ៊ុន សែន កាលពី​ព្រឹក​ថ្ងៃ​ទី​១០ មីនា ២០១៥ ក៏​បាន​ក្រើនរំលឹក​ជា​ថ្មី​ម្តងទៀត​ឱ្យ​មន្ត្រីរាជការ​កុំ​យក​តួនាទី​និង​មុខ​តំណែង​ទៅ​ធ្វើ​ជា​ចៅហ្វាយ​របស់​ប្រជាជន តែ​ត្រូវ​បម្រើប្រជាជនដោយ​ភាព​ស្មោះស ហើយ​ក៏​បាន​ជំរុញ​ឱ្យ​មន្ត្រីរាជការ​មួយ​ចំនួន​ដែល​មាន​ទម្លាប់​ឱនលំទោន​ចំពោះ​មុខ​អ្នកធំ តែ​ចំពោះ​ថ្នាក់​ក្រោម និង​ប្រជាជន​ដើរ​ពើងទ្រូង​ត្រូវ​ជម្រុះ​ចរិត​នេះ​ចោល​ផង​ដែរ ។

តើ​ហេតុ​អ្វី​បានជា​មន្ត្រីរាជការ​មួយ​ចំនួន​តូច​បែរជា​មាន​ចរិត​មាយា​ទ​របៀប​ខាងលើ ?
ទី​១-​អាច​ថា​ជា​សារជាតិ​ពី​កំណើត​របស់​បុគ្គល ។
ទី​២-​អាច​បណ្តាល​មក​ពី​កង្វះ​គុណធម៌ ការ​អប់រំ​និង​ចំណេះដឹង ។
ទី​៣-​អាច​កើតមក​ក្នុង​ត្រកូល​អភិជន ឬ​កូន​អ្នកមាន​លុយ មាន​អំណាច និង​ចុង​ក្រោយ​អាច​បណ្តាល​មក​ពី​កត្តា​សង្គម​រួម​ផ្សំ ដែល​អូស​ទាញ​ឱ្យ​មនុស្ស​មាន​ចរិត​ប្រភេទ​ខាងលើ​នេះ ។

ជា​ការ​ពិត​ប្រសិនបើ​មន្ត្រីរាជការ​មួយ​ចំនួន​មាន​ចរិត​ដូចដែល​សម្តេច​បាន​វ៉ៃ​ចំ​ៗ​កាលពីថ្ងៃ​ទី​១០ មីនា ​នេះ គឺ​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​អាច​នឹង​ទទួល​រង​គ្រោះ​និង​ឈឺចាប់​ដោយសារ​តែ​ពួក​មន្ត្រី​អែបអប ឡេមឡឺម ឱនលំទោន​ចំពោះ​មុខ​មេ​កើយ ឬ​មន្ត្រី​ជើង​១០ (​ជើង​តុ​៤ ជើង​កៅអី​៤​និង​ជើងមនុស្ស​២)​ នោះ​ជា​មិន​ខាន និង​ប៉ះពាល់​យ៉ាងធ្ងន់ធ្ង​ដល់​ស្មារតី និង​ការ​អភិវឌ្ឍ​សង្គម​ជាតិ ។

បើ​តាម​អ្នកវិភាគ​សង្គម​និង​ទស្សនៈ​មួយ​ចំនួន ការ​កាត់​បន្ថយ​និង​ឈាន​ទៅ​លុប​បំបាត់​មន្ត្រីរាជការ​មួយ​ចំនួន​តូច​ដែល​មាន​ចរិត​ខាងលើ វា​មិនមែន​ជា​ការ​ងាយស្រួល​នោះ​ទេ ។ ប៉ុន្តែ​ក៍​មិន​អាច​និយាយ​ថា​ធ្វើ​មិន​បាន​នោះ​ដែរ ព្រោះ​បើ​រាជរដ្ឋាភិបាល ជា​ពិសេស​ក្រសួង​-​ស្ថាប័ន​សា​ម៉ី​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​កាត់​បន្ថយ ឬ​លុប​បំបាត់​ភាព​អ​សកម្មភាព​របស់​មន្ត្រី​ទាំងនោះ ត្រូវ​តែ​ធ្វើការ​អង្កេត​តាមដាន​និង​ត្រូវ​ហ៊ាន​កាត់​សាច់​ស្អុយ​នោះចេញ ។ បើ​មិន​ដូច្នោះ​ទេ សង្គម​កម្ពុជា​ដែល​ធ្លាប់តែ​មាន​ប្រពៃណី ទំនៀមទំលាប់​ល្អ​ផូរផង់ សេចក្តី​ថ្លៃថ្នូរ គុណធម៌ វប្បធម៌ និង​អរិយធម៌​ខ្ពង់ខ្ពស់​នោះ និង​បន្ត​អាប់ឱន ដោយសារ​តែ​មន្ត្រីរាជការ​ដែល​មាន​ចរិត​មាយា​ទ​ខាងលើ​នេះ ៕ ដោយ ជួប ថា