រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បានឲ្យដឹងថា សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ពាក់ព័ន្ធករណីឆបោក គំរាមសម្លាប់ និងលាក់អាវុធទុកប្រើប្រាស់ដោយគ្មានច្បាប់អនុញ្ញាតចំនួន២ដើម ។
ជនសង្ស័យខាងលើឈ្មោះ យន្ត ដារ៉ា ហៅ នូ រស្មី ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរគ្រូឱសថបុរាណ ដែលតាំងខ្លួនជាឧត្តមសេនីយ៍យោធា មានស្រុកកំណើតនៅភូមិតាលួស ឃុំតាលួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង មកស្នាក់នៅបន្ទប់ជួលភូមិបឹងទំពុន សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
ក្រោមវិធានការជំនាញរបស់សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យខាងលើបានសារភាពថា កាលពីអំឡុងខែកក្កដា ឆ្នាំ២០២០ រូបគេពិតជាបានធ្វើសកម្មភាពឆបោកប្រាក់ពីអ្នកដទៃជាបន្តបន្ទាប់សរុប ៣២ ១០០ ដុល្លារអាមេរិក ពិតប្រាកដមែន ពាក់ព័ន្ធករណីទិញលក់វត្ថុអង្គសំរឹទ្ធ ។
ក្រោយមកជនរងគ្រោះបានដឹងខ្លួនថា ជាករណីបោកប្រាស់ ពេលនោះគេ (ជនសង្ស័យ) បានផ្ញើសារទៅកាន់ជនរងគ្រោះ ដោយគំរាមកំហែងម្តងហើយ ម្តងទៀតតាមរយៈបណ្តាញទំនាក់ទំនង Messenger ដោយប្រើពាក្យសម្តីថា នឹងសម្លាប់ចោលទាំងពូជ សូម្បីតែកូនង៉ែតក្នុងអង្រឹងក៏មិនទុកដែរ ។ ដោយមានការភ័យខ្លាចនឹងការគំរាមកំហែងដល់ជីវិតនោះហើយ ជនរងគ្រោះក៏មកទៅដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចកងអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីឲ្យជួយចាត់ការតាមផ្លូវច្បាប់ ។
បន្ទាប់ពីទទួលបានបណ្តឹងសមត្ថកិច្ចជំនាញបានបើកការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ព្រមទាំងដកហូតអាវុធខ្លីចំនួន២ដើម ដោយ១ដើមម៉ាក K54 និង១ដើមទៀតម៉ាក Swees នៅចំណុចភូមិខ្វា ទល់មុខធនាគារ ផ្លូវ២១៧ សង្កាត់ដង្កោ ខណ្ឌ ដង្កោ រាជធានីភ្នំពេញ ដែលអាវុធទាំង២ដើមខាងលើ ជនសង្ស័យប្រាប់ថា គេបានទិញពីមនុស្សស្គាល់គ្នា ដែលសព្វថ្ងៃអ្នកលក់កាំភ្លើងនោះ បានបាត់បង់ជីវិតទៅហើយ ៕
ចែករំលែកព័តមាននេះ