ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជ្រូក​រស់​600​ក្បាល​ឆ្លង​ដែន​តាម​ច្រក​របៀង​​​ចូល​ទៅ​វៀតណាម​(វីដេអូ)

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ជ្រូក​រស់​ពី​ប្រទេស​ថៃ ត្រូវ​បាន​ឈ្មួញ​ដឹក​ឆ្លង​ដែន​ចូល​ទៅ​ប្រទេស​វៀតណាម ខណៈ​​ដែល​អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ចរាចរណ៍​ទំនិញ​គ្រប់​ប្រភេទ​តាម​ច្រករបៀង ​និង​ច្រក​តំបន់ ក៏​ប៉ុន្តែ​ក្រុម​ឈ្មួញ​នៅ​តែ​ផ្គើន​នាំ​ជ្រូក​រស់​ចេញ​តាម​ច្រករបៀង​កំពង់​ស្ពាន ក្នុងភូមិ​បា​វិត​កណ្តាល សង្កាត់​​បា​វិត ក្រុង​បា​វិត…

ខេត្តស្វាយរៀង ៖ ជ្រូក​រស់​ពី​ប្រទេស​ថៃ ត្រូវ​បាន​ឈ្មួញ​ដឹក​ឆ្លង​ដែន​ចូល​ទៅ​ប្រទេស​វៀតណាម ខណៈ​​ដែល​អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ចរាចរណ៍​ទំនិញ​គ្រប់​ប្រភេទ​តាម​ច្រករបៀង ​និង​ច្រក​តំបន់ ក៏​ប៉ុន្តែ​ក្រុម​ឈ្មួញ​នៅ​តែ​ផ្គើន​នាំ​ជ្រូក​រស់​ចេញ​តាម​ច្រករបៀង​កំពង់​ស្ពាន ក្នុងភូមិ​បា​វិត​កណ្តាល សង្កាត់​​បា​វិត ក្រុង​បា​វិត កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២០ ។

លោក សាយ ពន្លឺ​មេត្តា អនុប្រធាន​កា​រិ​យា​ល័យ​ផលិតកម្ម​និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត បាន​ឲ្យ​ដឹង​ថា ជ្រូក​រស់​ចំនួន​៦០០​ក្បាល​ដឹក​តាម​រថយន្ត​យី​ឌុ​ប​២​គ្រឿង​​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​តាម​ច្រក​របៀង​កំពង់​ស្ពាន គឺ​ជ្រូក​របស់​ក្រុមហ៊ុន លឹ​ម ស៊ីវ​ម៉ី មានច្បាប់​អនុញ្ញាត​នាំ​ជ្រូក​រស់​ពី​ប្រទេស​ថៃ ឆ្លង​កាត់​កម្ពុជា​ទៅ​ប្រទេស​វៀតណាម​ក្នុង​មួយ​ថ្ងៃ​៦០០​ក្បាល​ទៅ​១.២០០​ក្បាល ។

នៅ​ថ្ងៃ​ទី​១១ ខែកញ្ញា ជ្រូករ​ស់ត្រូវ​បាន​ដឹក​តាម​ច្រករបៀង​កំពង់​ស្ពាន​ចំនួន​៦០០​ក្បាល​តាម​រថយន្ត​២​គ្រឿង ដែល​១​គ្រឿង​ពាក់​ផ្លា​ក​លេខ​៣E-៣៧១២ ដឹក​ចំនួន​៣០០​ក្បាល និង​១​គ្រឿង​ទៀត​ពាក់​ផ្លា​ក​លេខ ៣A-៥១៥៨ ចំនួន​៣០០​ក្បាល និង​ដឹក​ចេញ​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រៃ​វល្លិ ឃុំ​ថ្មី ស្រុក​កំពង់​រោទ៍​៦០០​ក្បាល ។ ជាមួយ​នេះ ក៏​មាន​ក្រុមហ៊ុន​ជី​ធី​ហ្វោ​ន​ដេ​សិន នាំ​ជ្រូក​រស់​ចេញ​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រៃ​វល្លិ​ចំនួន​៦០០​ក្បាល​ដែរ ។

ទាក់ទិន​នឹង​ករណី​នេះ មាន​ខាង​ក្រុមហ៊ុន​នាំ​ជ្រូក​ពី​ប្រទេស​ថៃ​ទៅ​ប្រទេស​វៀតណាម​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ បង្ហើប​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​នាំ​ជ្រូក​ពី​ប្រទេស​ថៃ​ទៅ​ប្រទេស​វៀតណាម មាន​ច្រើន​ក្រុមហ៊ុន ក៏​ប៉ុន្តែ​ក្រុមហ៊ុន លឹ​ម ស៊ីវ​ម៉ី កន្លង​មក​មាន​នាំ​ជ្រូក​រស់​ពី​ប្រទេស​ថៃ ដាក់​ចែក​ចាយ​តាម​ឡ​ដ៏​សត្តឃាត​ក្នុង​ខេត្តស្វាយរៀង កាប់​សាច់​លក់​នៅ​លើ​ទីផ្សារ​ផង​ដែរ ។

ករណី​នេះ អ្នក​យក​ព័ត៌មាន​យើង​មិន​អាច​រក​ការ​បំភ្លឺ​ពី​តំណាង​ក្រុមហ៊ុន លឹ​ម ស៊ីវ​ម៉ី បាន​ទេ ដោយ​សារ​ទូរស័ព្ទ​ហៅ​អត់​ចូល ហើយ​ប្រភព​ដែល​ផ្តល់​ព័ត៌មាន​ឱ្យ​នេះ​ក៏​មិនដឹង​ថា​ពិត​កម្រិត​ណា​ដែរ ។

ប្រភព​ពី​មន្ត្រី​ពេទ្យសត្វ​បាន​ឲ្យ​ដឹង​ទៀត​ថា មាន​ក្រុមហ៊ុន​ដា​នី ដេ​ង នាំ​ជ្រូក​រស់​ពី​ប្រទេស​ថៃ​មក​លក់​ចែកចាយ​តាម​ឡ​សត្តឃាត​នានា​ទូ​ទាំង​ខេត្តស្វាយរៀង សម្រាប់​កាប់​សាច់​លក់​នៅ​លើ​ទីផ្សារ​រាប់រយ​ក្បាល​ក្នុង​១​ថ្ងៃ​ៗ ។

អ្វី​ដែល​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​នោះ គឺ​ពេល​មាន​ជ្រូក​ឈឺ​ឬ​ងាប់ ឈ្មួញ​វៀតណាម​មិន​យក​ទេ​ហើយ​ឈ្មួញ​តែងតែ​លក់​ជ្រូក​ទាំងនោះ​ឲ្យ​តាម​ឡ​សត្តឃាត​ពន្លះសាច់​លក់​ចែកចាយ​នៅ​លើ​ទីផ្សារ​នានា​ក្នុង​ខេត្តស្វាយរៀង ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ​យ៉ាង​ខ្លាំង ។

ទាក់ទិន​ករណី​នេះ ក្រុម​កម្មករ​របស់​ក្រុមហ៊ុន​លឹ​ម ស៊ីវ​ម៉ី បាន​បំភ្លឺ​ថា គ្មាន​ជ្រូក​ឈឺ​ទេ គឺ​ជ្រូក​អន់​ដឹក​ឆ្ងាយ​ត្រូវ​ក្តៅ វៀតណាម​គេ​មិន​យក​ទេ​ ហើយ​ចំពោះ​ជ្រូក​ងាប់​ក៏​មិន​មិនមែន​ងាប់​ដោយ​ជំងឺ​ដែរ គឺ​ងាប់​ដោយ​ត្រូវ​ក្តៅ ។ បើ​ងាប់​ភ្លាម​គឺ​វះ​សាច់​ចែក​កម្មករ​ធ្វើ​ម្ហូប បើ​ងាប់​តាម​ផ្លូវ​អន់​សាច់​គឺ​ដុត​ចោល បើ​ជ្រូក​អន់​គឺ​លក់​ឲ្យ​ឡ​កាប់​សាច់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ