ធុំក្លិន​ស្អុយ​ឆ្មា​ងាប់​ផ្អើល​នាំ​គ្នា​គាស់​ទ្វារ​ចូល​មើល ក៏​ឃើញ​បុរស​ម្នាក់​ក្នុង​បន្ទប់​ទឹក


រាជធានី​ភ្នំពេញ ៖ បុរស​ជា​អាណិកជន​ម្នាក់​បាន​ដួល​សន្លប់​ក្នុង​បន្ទប់​ទឹកជា​ច្រើន​ថ្ងៃ​មក​ហើយ គ្មាន​នរណា​ម្នាក់​បានដឹង​ឡើយ លុះ​ទាល់តែ​ធុំក្លិន​ស្អុយ​ទើប​អ្នក​ជិតខាង​ប្តឹង​សមត្ថកិច្ច​ឱ្យ​ជួយ​អន្តរាគមន៍​គាស់​ទ្វារ​ចូល​ទៅ​មើល ក៏​រក​ឃើញ​ឆ្មា​ងាប់​មួយ​ក្បាល និង​ប្រទះ​ឃើញ​បុរស​ម្នាក់​ដួល​សន្លប់​ក្នុង​បន្ទប់ទឹក រួច​ក៏​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៧​យប់ ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២០ ស្ថិត​នៅ​ចំណុច​ផ្ទះ​លេខ​529 ផ្លូវ​លេខ​30 ក្នុងភូមិ​ត្រពាំង​ល្វា​១ សង្កាត់​កា​កាប​1 ខណ្ឌ​ពោធិ៍​សែន​ជ​យ័ ។

បុរស​ដែល​ដួល​សន្លប់​ក្នុង​បន្ទប់ទឹក​ខាងលើ ឈ្មោះ​គ័​ច កៅ​ទ្រី ភេទ​ប្រុស អាយុ​71​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅ​កន្លែង​កើតហេតុ មានស្រុក​កំណើត​នៅ​ខេត្តកំពង់ចាម ជា​អា​ណិ​ក​ខ្មែរ រស់នៅ​ប្រទេស​បារាំង ។

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ជិតខាង​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មិន​បាន​ចេញ​មក​ខាងក្រៅ​ផ្ទះ​ប្រាំមួយ​​ថ្ងៃ​មក​ហើយ និង​ចេះ​តែ​មាន​ក្លិនស្អុយ​ភាយ​ៗ​ពី​ក្នុង​បន្ទប់ បន្ទាប់​មក​អ្នក​ជិតខាង​ក៏​រាយការណ៍​ជូន​សមត្ថកិច្ច​តែ​ម្តង ។

ប្រភព​ដដែល​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១១ ខែកញ្ញា​នោះ សមត្ថកិច្ច​បាន​មក​ដល់​ក៏​ឃើញ​ផ្ទះ​ជន​រង​គ្រោះ​ចាក់សោ​របង​ខាងក្នុង បន្ទាប់​មក​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​ទាក់ទង​ទៅ​ជំនាញ​ចក្ខុ​រាជធានី​ភ្នំពេញ ដើម្បី​មក​ពិនិត្យ​ទីតាំង​កន្លែង​កើតហេតុ​ក្នុងផ្ទះ ដោយ​មិន​មាន​ចាក់សោ​ផ្ទះ​នោះ​ឡើយ គ្រាន់តែ​ចាក់សោ​របង​តែ​ប៉ុណ្ណោះ ។

តាន​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​បានឱ្យ​ដឹង​ថា ខណៈ​ពេល​សមត្ថកិច្ច​ចូល​ទៅ​ដល់​ក្នុងផ្ទះ ដោយ​មាន​ក្លិនស្អុយ​គួរ​ឲ្យ​ចាប់អារម្មណ៍ ដោយ​ស្មានថា​ជា​ក្លិន​សព​ជន​រង​គ្រោះ ក៏​បាន​រុករក ក្នុងផ្ទះ ស្រាប់តែ​ប្រទះ​ឃើញ​សព​ឆ្មា​មួយ​ក្បាល​ងាប់​ស្អុយរលួយ​ជា​ច្រើន​ថ្ងៃ​មក​ហើយ ។

សមត្ថកិច្ច​បន្ត​ថា នៅ​ពេល​នោះ​ដែរ ក៏​ឃើញ​បន្ទប់ទឹក​ចាក់​គន្លឹះ​នៅ​ខាងក្នុង សមត្ថកិច្ច​ក៏​មានការ​សង្ស័យ រួច​ក៏​បាន​នាំ​គ្នា​គាស់​ទ្វារ​បន្ទប់ទឹក​មើល ក៏​ស្រាប់តែ​ប្រទះ​ឃើញ​ជន​រង​គ្រោះ​កំពុង​ដេក​ផ្កាប់មុខ​សន្លប់​ស្ដូកស្ដឹង​តែ​ម្តង តែ​នៅ​មាន​ដង្ហើម​នៅឡើយ ហើយ​មាន​អាកា​រៈ​ខ្សោយ​ខ្លាំង សមត្ថកិច្ច​ក៏​បាន​ទាក់ទង​ទៅ​រថយន្ត​សង្គ្រោះ​ដឹក​ជន​រង​គ្រោះ​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ នៅ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ