ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ហេតុ​អ្វី ដែល​ស្ត្រី​ទី​១​សហរដ្ឋអាមេរិក ធ្វើ​ដំណើរ​មក​កម្ពុជា?

9 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន​ពី​សេត​វិមាន រដ្ឋធានី​វ៉ា​ស៊ី​ន​តោន បាន​ឲ្យ​ដឹង​ថា ស្ដ្រី​ទី​១​សហរដ្ឋអាមេរិក ដែល​ជា​ភរិយា​របស់​លោក​ប្រធានាធិបតី បា​រាក់ អូ​បា​ម៉ា គឺ «​លោកស្រី Michelle Obama មី​ស្ហែ​ល អូ​ប៉ា​ម៉ា​»

តាម​ប្រភព​ព័ត៌មាន​ពី​សេត​វិមាន រដ្ឋធានី​វ៉ា​ស៊ី​ន​តោន បាន​ឲ្យ​ដឹង​ថា ស្ដ្រី​ទី​១​សហរដ្ឋអាមេរិក ដែល​ជា​ភរិយា​របស់​លោក​ប្រធានាធិបតី បា​រាក់ អូ​បា​ម៉ា គឺ «​លោកស្រី Michelle Obama មី​ស្ហែ​ល អូ​ប៉ា​ម៉ា​» នឹង​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា ដែនដី​អាណាចក្រ​អច្ឆរិយ​អង្គរ ខេត្ដសៀមរាប ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០១៥ ខាង​មុខ​នេះ ។

ក្នុង​ព្រឹ​ត្ដ​ការណ៍​នេះ មជ្ឈដ្ឋាន​សាធារណៈ​ជាតិ និង​អន្ដរជាតិ បាន​នាំ​គ្នា​ចោទសួរ​ថា ហេតុ​អ្វី​បានជា​លោកស្រី មី​ស្ហែ​ល អូ​បា​ម៉ា សម្រេចចិត្ត​ធ្វើ​ដំណើរ​មក​កម្ពុជា ?

បើ​យោង​តាម​សេចក្ដីរាយការណ៍​ពី​ប្រភព​ដដែល បាន​ឲ្យ​ដឹង​ថា លោកស្រី មី​ស្ហែ​ល អូ​បា​ម៉ា មាន​គោលបំណង​ចម្បង គឺ​ដើម្បី​បាន​ផ្សព្វផ្សាយ​ពី​កម្មវិធី «Let Girls Learn initiative» (​យើង​នាំ​គ្នា​ឲ្យ​យុវនារី​រៀនសូត្រ​) ជា​កម្មវិធី​មួយ ដែល​ស្វាមី​របស់​លោកស្រី និង​លោកស្រី ទើបតែ​បង្កើត​ថ្មី​ៗ​នេះ ។

ក្នុង​បរិការណ៍​នេះ គេ​នៅ​ចាំ​បាន​ថា កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១២ កន្លង​ទៅ ខណៈ​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ធ្វើ​ជា​ប្រធាន​សមាគម​ប្រជាជាតិ​អាស៊ាន លោក​ប្រធានាធិបតី បា​រាក់ អូ​ប៉ា​ម៉ា ក៏​បាន​ធ្វើ​ដំណើរ​ទាំង​ស្ទាក់ស្ទើរ តែ «​ជា​ផ្លូវការ​» មក​កាន់​កម្ពុជា ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​«​អាស៊ាន​-​សហរដ្ឋអាមេរិក​» និង​កិច្ចប្រជុំ​កំពូល​ផ្សេង​ៗ​ទៀត ។

កាល​ណោះ មាន​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស អង្គការក្រៅរដ្ឋាភិបាល និង​ក្រុមប្រឆាំង​មួយ​ចំនួន បាន​ធ្វើ​ព្យុះ​ផ្គរ​យ៉ាង​ខ្លាំង រារាំង​មិន​ឱ្យ​លោក អូ​បា​ម៉ា មក​កម្ពុជា ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​លោក អូ​បា​ម៉ា មាន​ភាព​ចង្អៀតចង្អល់​ចិត្ដ ព្រោះ​សហរដ្ឋអាមេរិក​ធ្លាប់​បាន​ថ្កោលទោស​កម្ពុជា ពី​រឿង​សិទ្ធិ​មនុស្ស បញ្ហា​ដីធ្លី ។​ល​។

ប៉ុន្ដែ​អ្វី​ដែល​ធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍​នោះ គឺ​នៅ​ពេល លោក អូ​បា​ម៉ា បាន​មក​ដល់​កម្ពុជា បន្ទាប់​ពី​លោក​បាន​ជួប​សម្តេច​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ពេល​បាន​ពិនិត្យ​មើលឃើញ​នូវ​សភាពការណ៍​ពិត​នៅ​កម្ពុជា ទំនងជា​លោក​មាន​អារម្មណ៍​ថា គ្មាន​អ្វី​ដែល​ជា​សភាពការណ៍​ធ្ងន់ធ្ងរ ដែល​ផ្ទុយ​ពី​របាយការណ៍​ផ្សព្វផ្សាយ បែប​មាន​បំណង​ផ្លុំ​ត្រចៀក​លោក​នោះ​សោះ ។

តើ​ហេតុ​អ្វី ? ព្រោះ​ក្រោយ​ពី​ពេល លោក អូ​ប៉ា​ម៉ា វិល​ត្រ​ទ្ប​ប់​ទៅ​វិញ ដែល​មាន​រយៈពេល​ជាង​២​ឆ្នាំ​ហើយ គេ​មើលឃើញ​សហរដ្ឋអាមេរិក បន្ត​ចំណងមិត្ដភាព​ជាមួយ​កម្ពុជា កាន់តែ​រឹង​មាំ​ថែម​ទៀត ។ រីឯ​សភាពការណ៍​នយោបាយ សេដ្ឋកិច្ច សន្ដិភាព និង​សុវត្ថិភាព នៅ​កម្ពុជា ក៏​កាន់តែ​រីក​ស្រស់បំព្រង ។

ក្នុង​ន័យ​នេះ​ហើយ ដែល​យើង​យល់​ថា ស្ដ្រី​ទី​១​អា​មេ​រិ​កាំ​ង ដែល​បាន​ធ្វើការ​សម្រេចចិត្ដ​យ៉ាង​ត្រឹមត្រូវ ធ្វើ​ដំណើរ​មក​កាន់​កម្ពុជា ដែល​ជា​ប្រទេស​ទី​១ ក្នុង​ចំណោម​ប្រទេស​ទាំង​១១​ក្នុង​ពិភពលោក ដើម្បី​ប្រកាស​កម្មវិធី​របស់​លោកស្រី យ៉ាង​សាមញ្ញ ។

បើ​គេ​ពិនិត្យ​មើល​ពី​ព្រឹ​តិ្ដ​ការណ៍​ប្រវត្ដិសាស្ដ្រ និង​នយោបាយ នៃ​កិច្ច​សហប្រតិបត្ដិការ រវាង​ប្រទេស​ទាំង​ពីរ ចាប់តាំងពី​ពេល​ការ​ធ្វើ​ដំណើរ​មក​កម្ពុជា របស់​អតីត​ស្ដ្រី​ទី​១​អា​មេ​រិ​ក គឺ​លោកស្រី ចា​កឺ​លី​ន កេ​ណ្ណឺ​ឌី (Jacqueline Kennedy) មក​កម្ពុជា នា​ឆ្នាំ​១៩៦៧ នោះ គឺ​មាន​រយៈពេល​ប្រមាណ​៥០​ឆ្នាំ​ហើយ រីឯ​ដែល​ឆ្នាំ​២០១៥​នេះ ជា​លើក​ទី​២ ដែល​ស្ដ្រី​ទី​១​សហរដ្ឋអាមេរិក មី​ស្ហែ​ល អូ​បា​ម៉ា បាន​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា ជា​ថ្មី​ម្តងទៀត ។

ក្នុង​ករណី​នេះ គេ​មិន​ពិបាក​យល់​ទេ​ថា កាលដែល លោកស្រី Kennedy អញ្ជើញ​មក​កម្ពុជា នា​ពេល​នោះ គឺ​ដោយសារ​មាន សម្ដេចឪ  (​ព្រះករុណា​ព្រះ​បរម​រតន​កោដ្ឋ​) ជា​ព្រះ​អគ្គ​ម​គ្គុ​ទេ្ទ​សក៍ ក៏​ព្រោះតែ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា ជា «​កោះសន្ដិភាព​» ។

ជា​អកុសល នៅ​ទស​វត្ស​ឆ្នាំ​៧០ ឆ្នាំ​៨០ និង​ឆ្នាំ​៩០ កម្ពុជា​បាន​ឆ្លងកាត់​នូវ​ព្យុះសង្ឃរា ប្រៀប​ដូចនឹង​នាវា​តូច​មួយ ត្រូវ​ឆ្លងកាត់​មហាសាគរ​យ៉ាង​ដូច្នោះ​ដែរ ។ ភាព​អសន្ដិសុខ សង្គ្រាម​កាប់សម្លាប់​គ្នា រវាង​ប្រទេស​ជិតខាង រវាង​ខ្មែរ​នឹង​ខ្មែរ​គ្នា​ឯង បាន​ធ្វើ​ឲ្យ​ពិភពលោក​ខ្លាច​ក្រែងរអែង មិន​ហ៊ាន​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា ។

ទើបតែ​ជាម​ហា​ភ័ព្វសំណាង នា​ទស​វត្ស​ចុង​ក្រោយ​នេះ ដែល​កម្ពុជា​មាន​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​អគ្គ​ម​គ្គុ​ទេ្ទ​សក៍ បាន​ដឹកនាំ​កម្ពុជា ឲ្យ​ក្លាយជា​ប្រទេស​មួយ គេ​ទទួលស្គាល់​មាន​ភាព​រុងរឿង មាន​សន្ដិភាព​ពេញ​បរិបូរណ៍ ប្រជាពលរដ្ឋ​គ្រប់​រូប​មាន​មោទនភាព​នឹង​ការ​រស់នៅ​យ៉ាង​សុខដុម រស់នៅ​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​អ្វី​ឡើយ ។

ជា​សរុប ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី មី​ស្ហែ​ល អូ​បា​ម៉ា (Michelle Obama) មក​កាន់​អាណាចក្រ​អង្គរ​នា​ពេល​នេះ គឺជា​ព្រឹត្ដិការណ៍​មួយ​ឆ្លុះ​បញ្ចាំង​យ៉ាង​ប្រត្យក្ស​ថា កម្ពុជា​បច្ចុប្បន្ន​គឺជា «​ព្រះរាជាណាចក្រ​អច្ឆរិយ​» ពិតប្រាកដ​មែន ។ ពិភពលោក​បាន​ទទួលស្គាល់​នូវ​កេរ​មរតក​របស់​បុព្វបុរស​ខ្មែរ ដែល​មិន​អាច​កាត់ថ្លៃ​បាន ដែល​បាន​បន្សល់​ទុក​មក​ជា​រៀងដរាប​។

អត្ថបទ​នេះ​ក៏​អាច​ជា​ការ​ក្រើនរំឭក​ដល់​ប្រជាជន​ខ្មែរ​គ្រប់​រូប ទាំងស្រី​ទាំងប្រុស ទាំងចាស់ទាំងក្មេង ទាំង​យុវជន​ទាំង​យុវនារី និង​អ្នកនយោបាយ គួរ​ចេះ​រួបរួម​គ្នា​លើកកម្ពស់​អត្ដសញ្ញាណ​ជាតិ «​កម្ពុជា​អច្ឆរិយ​» តរៀង​ទៅ ៕
ដោយ រ័​ត្ន សណ្តាប់