រាជធានីភ្នំពេញ ៖ ក្រុមក្មេងហិតកាវ និងស្ត្រីរកស៊ីផ្លូវភេទតាមផ្លូវសាធារណៈបង្កភាពអនាធិបតេយ្យត្រូវបានកំលាំងផ្នែកសណ្តាប់ធ្នាប់សាលាខណ្ឌដូនពេញ ចុះបង្ក្រាបកាលពីយប់ថ្ងៃទី២៨ កញ្ញា ២០១០ ខណៈពេលដែលពួកគេឈរបក់ដៃហៅភ្ញៀវ ។ លោក គឹម វុត្ថា ប្រធានផ្នែកសណ្តាប់ធ្នាប់សាលាខណ្ឌដូនពេញបានឱ្យដឹងថា យោងតាមបទបញ្ជារបស់អភិបាលរាជធានីភ្នំពេញ និងតាមការចង្អុលបង្ហាញពីលោកសុខ សម្បត្តិ អភិបាលខណ្ឌដូនពេញ ត្រូវតែអនុវត្តន៍ចុះបង្ក្រាបក្រុមក្មេងទំនើងហិតកាវ និងស្ត្រីរកស៊ីផ្លូវភេទតាមដងផ្លូវសាធារណៈមិនថាយប់ ឬថ្ងៃត្រូវលុបបំបាត់ឱ្យអស់ពីក្នុងភូមិសាស្ត្រសាលាខណ្ឌដូនពេញ ។
ដោយឡែកនៅយប់ថ្ងៃទី២៨ កញ្ញា ២០១០ ផ្នែកសណ្តាប់ធ្នាប់ខណ្ឌដូនពេញបង្ក្រាបបានក្រុមក្មេងហិតកាវ និងស្ត្រីរកស៊ីផ្លូវភេទបានចំនួន១៣នាក់ ក្នុងនោះមានស្ត្រីចំនួន៣នាក់ ។ ជនទាំងនេះកន្លងមកត្រូវបានសាលាខណ្ឌដូនពេញ ឃាត់ខ្លួនបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ យ៉ាងតិចម្នាក់ៗក៏ពីរលើកមកហើយដែរ ។ រយៈពេលមួយខែកញ្ញា ឆ្នាំ២០១០ នេះ សាលាខណ្ឌដូនពេញ បានសហការជាមួយសង្កាត់ទាំង១១ បានចុះយុទ្ធនាការបង្ក្រាប និងប្រមូលក្រុមក្មេងទំនើង ក្មេងហិតកាវ ស្រី្តរកស៊ីផ្លូវភេទ អ្នកសុំទាន និងជនអនាថាចំនួន១៥លើក និងឃាត់ខ្លួនចំនួន១៥៧នាក់ ក្នុងនោះមានស្ត្រីរកស៊ីផ្លូវភេទ និងអ្នកសុំទានចំនួន៤៩នាក់ ។ ក្រោយពីលោកអភិបាលខណ្ឌដូនពេញធ្វើការណែនាំអប់រំរួចក៏ប្រគល់ជនទាំងនោះទៅឱ្យមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ។
លោកសុខ សម្បត្តិ អភិបាលខណ្ឌដូនពេញ បានមានប្រសាសន៍ថា ក្រុមក្មេងហិតកាវចំនួន១០នាក់ ដែលឃាត់ខ្លួនកាលពីនៅថ្ងៃទី២៨ កញ្ញា ត្រូវបញ្ជូនទៅមជ្ឈមណ្ឌលគ្រួសារថ្មី ។ ចំណែកស្ត្រីរកស៊ីផ្លូវភេទចំនួន៣នាក់ ប្រគល់ឱ្យមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ។ លោកអភិបាលខណ្ឌបានសំណូមពរដល់ផ្នែកពាក់ព័ន្ធ មេត្តាជួយធ្វើយ៉ាងណាអប់រំដល់ក្រុមក្មេងហិតកាវទាំងនោះឱ្យមានរយៈពេលវែង ហើយចំពោះស្ត្រីរកស៊ីផ្លូវភេទ ក៏ដូច្នេះដែរ ។ កន្លងមក កំលាំងផ្នែកសណ្តាប់ធ្នាប់ខណ្ឌ ឃាត់ខ្លួនពួកគេទាំងនោះមុខដដែលៗ បញ្ហានេះពិតជាលំបាកក្នុងការអនុវត្តបោសសំអាតក្រុមក្មេងហិតកាវ ក្មេងទំនើង ស្ត្រីរកស៊ីផ្លូវភេទ ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ឱ្យអស់ជាស្ថាពរនោះ មិនងាយនោះទេ ដូច្នេះសុំឱ្យផ្នែកពាក់ព័ន្ធ ក៏ដូចមន្ទីរពាក់ព័ន្ធត្រូវតែចាត់វិធានការពិនិត្យឱ្យបានតឹងតែង ទើបអាចឈានទៅលុបបំបាត់ឱ្យអស់ជនប្រភេទនេះ ៕
ចែករំលែកព័តមាននេះ