លោកមហាសេដ្ឋី ប៊ីល ហ្គេតស៍ (Bill Gates) បានជួយឲ្យ Microsoft ក្លាយជាក្រុមហ៊ុនដែលមានតម្លៃយ៉ាងខ្លាំងលើពិភពលោក។ ហើយដើម្បីព្យាយាមធ្វើឲ្យក្រុមហ៊ុនជោគជ័យ ខណៈដែលយកឈ្នះដៃគូប្រកួតប្រជែងក្នុងទីផ្សារ មហាសេដ្ឋីរូបនេះមិនមែនជាចៅហ្វាយដែលចិត្តល្អចំពោះបុគ្គលិកខ្លួនទេ។
ផ្ទុយមកវិញ លោកប្រៀបបានលោកមហាសេដ្ឋីស្ទីវ ចបស៍ (Steve Jobs) របស់ Apple ដែលទាមទារខ្ពស់ណាសពីបុគ្គលិករបស់ខ្លួន។
ក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះមួយ លោកហ្គេតស៍បានទទួលស្គាល់ចំណុចនេះរបស់ខ្លួន និងបានប្រៀបធៀបខ្លួនទៅនឹងកីឡាករបាល់បោះ ម៉ៃខល ចរដេន (Michael Jordan) ដ៏ល្បី។ ការខិតខំប្រឹងប្រែងរបស់លោកចរដេនបានធ្វើឲ្យលោកមានការទាមទារខ្ពស់ពីខ្លួន ឯង និងសមាជិកក្រុមរបស់លោកដែលលោករំពឹងទុកថាពួកគេនឹងខិតខំដូចលោកដែរដើម្បីសម្រេចបានភាពជោគជ័យ។
ផ្នត់គំនិតនេះមានសារៈសំខាន់ណាស់ក្នុងពិភពអាជីវកម្ម ដែលមាននាយកប្រតិបត្តិជោគជ័យជាច្រើនជុំវិញពិភពលោកមានស្តង់ដារដែលស្ទើរតែមិនអាចគោរពតាម។
យ៉ាងណាក្តីលោក ហ្គេតស៍ បានបកស្រាយដែរថា ការទាមទារខ្ពស់ពីមិតរួមការងារដទៃ និងបុគ្គលិកដទៃគឺមានប្រភពមកពីការមានស្តង់ដារខ្ពស់លើខ្លួនឯង។
លោកបាននិយាយថា «ខ្ញុំមិនដែលបានសុំឲ្យបុគ្គលិក Microsoft ខិតខំធ្វើការជាងខ្ញុំ ឬទាមទារខ្ពស់ពីខ្លួនឯង ច្រើនជាងខ្ញុំទេ។» ផ្ទុយមកវិញ វាប្រៀបបានដូចជាការព្យាយាមបង្ហាញពីគោលការណ៍របស់លោក និងព្យាយាមជំរុញឲ្យអ្នកដទៃប្រកាន់យកគោលការណ៍មួយនេះដែរ ។ លោកបានបន្ថែមថា ប្រសិនបើបុគ្គលិកមិនមានអារម្មណ៍ថាពួកគេអាចរីកចម្រើនក្នុងបរិស្ថាននេះទេ មិនមាននរណាបង្ខំឲ្យពួកគេនៅធ្វើការឲ្យ Microsoft ឡើយ។
យោងទៅតាមសៀវភៅមួយដែលបានបោះពុម្ភពីលោកហ្គេតស៍កាលពីឆ្នាំ ១៩៩៣ បានឲ្យដឹងថា លោកហ្គេតស៍ជាមនុស្សដែលងាយនឹងខឹងសម្បាពេលដែលលោកចាប់ផ្តើម Microsoft ដំបូង។ លើសពីនេះទៅទៀត លោកឧស្សាហ៍ផ្ញើអ៊ីមែលនៅយប់អាធ្រាត្រដើម្បីរិះគន់ការងារបុគ្គលិករបស់លោកថែមទៀត។
ប៉ុន្តែលោកហ្គេតស៍បានប្រាប់មកថាលោកនៅតែព្យាយាមបង្ហាញប្រាប់បុគ្គលិករបស់លោកថាលោកគោរពការងាររបស់ពួកគេ និងចង់ប្រាប់ពួកគេថា «មូលហេតុដែលអ្នកនៅទីនេះគឺព្រោះតែអ្នកជាមនុស្សអស្ចារ្យ ដូច្នេះកុំយល់ច្រឡំពេលដែលពួកយើងទាមទារច្រើន។ ពួកយើងស្ថិតក្នុងក្រុមតែមួយ ហើយពួកយើងនឹងតស៊ូជាមួយគ្នា។»
ចែករំលែកព័តមាននេះ