ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បឺត សង្ឃឹម ណាត់ជួប​វ៉ា​ន់ វឿ​ន ជម្រះ​បញ្ជី​​ម្ដងទៀត​នៅ​លើ​សង្វៀន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បឺត សង្ឃឹម មក​ពី​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​សង​សឹក​ជាមួយ​វ៉ា​ន់ វឿ​ន មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា​ម្ដងទៀត​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​នា​ថ្ងៃ​សៅរ៍ ទី​១២ កញ្ញា…

រាជធានី​ភ្នំពេញ ៖ បឺត សង្ឃឹម មក​ពី​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​សង​សឹក​ជាមួយ​វ៉ា​ន់ វឿ​ន មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា​ម្ដងទៀត​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​នា​ថ្ងៃ​សៅរ៍ ទី​១២ កញ្ញា ឆ្នាំ​២០២០ ខាង​មុខ​នេះ ក្នុង​កម្មវិធី​ប្រដាល់​ដណ្ដើម​ប្រាក់​លាន​ពី​ក្រុមហ៊ុន​គោ​ជល់ ។

ក្នុង​ជំនួប​៣​លើក​កន្លង​មក បឺត សង្ឃឹម​ធ្លាប់​ជួប​រឿង​ខកចិត្ត​តែ​ម្ដង​គត់​ក្នុង​ឱកាស​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ដោយ​កាល​ណោះ​គេ​បាន​ចាញ់​ពិន្ទុ​វ៉ា​ន់ វឿ​ន​ទាំង​ប្រផិតប្រផើយ​ប៉ុណ្ណោះ ។ ប៉ុន្តែ​សម្រាប់​ការ​ប្រកួត​ចំនួន​ពីរ​លើក​ទៀត អ្នក​ប្រដាល់​មក​ពី​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក​រូប​នេះ មានឱកាស​សងសឹក​បាន​សម្រេច​វិញ​ដោយ​បាន​យកឈ្នះ​ទាំង​ពីរ​លើក​តែ​ម្ដង ។ ជា​ពិសេស​សម្រាប់​ការ​ប្រកួត​មួយ​លើក​ចុង​ក្រោយ បឺត សង្ឃឹម បាន​ប្រើ​ស្នៀត​ជើង​ទាត់​ផ្កាប់​ចាន​ត្រូវ​កញ្ចឹងក​គូប្រកួត​ពេញទំហឹង ធ្វើ​ឱ្យ​វ៉ា​ន់ វឿ​ន សន្លប់​ធំ​នៅ​ត្រឹម​ទឹក​ទី​៤​។

ទោះជា​យ៉ាងណា​សម្រាប់​ការ​ប៉ះ​គ្នា​ជា​លើក​ទី​៤​នេះ​ទៀត គេ​មិន​អាច​ទាយ​ទុក​មុន​ថា​តើ បឺត សង្ឃឹម អាច​សម្រេច​ក្ដី​ស្រមៃ​របស់​ខ្លួន​ក្នុង​ការ​ក្លាយជា​ម្ចាស់​ប្រាក់​លាន​បាន​ឬ​អត់​នោះ​ទេ​។
ប៉ុន្តែ​លោក​បឺត សំខាន់ ដែល​ជា​គ្រូបង្វឹក​នោះ​នៅ​តែ​មាន​ជំនឿ​ចិត្ត​យ៉ាងច្រើន​លើ​សិស្ស​របស់​លោក ព្រោះ​អី​តាម​រយៈ​ការ​យកឈ្នះ​ទាំង​ពីរ​លើក​ចុង​ក្រោយ​មកនេះ​បឺត សង្ឃឹម បាន​ស្គាល់​ពី​ល្បិច​ប្រកួត វ៉ា​ន់ វឿ​ន ខ្ទេចខ្ទី​អស់​គ្មាន​សល់​នោះ​ទេ ។ ម្យ៉ាងទៀត សំអាង​ទៅ​លើ​ស្នៀត​ជើង​ដ៏​ជំនាញ​របស់​គេ វ៉ា​ន់ វឿ​ន បើ​ចង់​យកឈ្នះ​ប្រហែលជា​ពិបាក​បន្តិច​ហើយ​។

ចំណែក​វ៉ា​ន់ វឿ​ន ពេល​ទទួល​ដំណឹង​ថា​ជួប​សត្រូវ​ចាស់​ម្ដងទៀត​នោះ គេ​ក៏​មិន​ហ៊ាន​ធ្វេស​ប្រហែស​នោះ​ដែរ មួយ​រយៈ​មកនេះ​គេ​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​សម្បើម​ខ្លាំង​ណាស់​។​មិនតែប៉ុណ្ណោះ គេ​ក៏​មិន​ចង់ឱ្យ​បឺត សង្ឃឹម ធ្វើ​ព្យុះ​ភ្លៀង​តាមតែ​អំពើ​ចិត្ត​នោះ​ដែរ​។ ដូច្នេះ​សម្រាប់​ការ​ជួប​គ្នា​រវាង​កីឡាករ​ទាំង​ពីរ​លើក​នេះ​ដឹង​តែ​ពី​ល្អមើល​មិន​ខាន​។

សម្រាប់​មួយគូ​ទៀត​ដែល​ត្រូវ​ប្រកួត​ដណ្ដើម​ប្រាក់​លាន​នៅ​ក្នុង​ថ្ងៃ​ជាមួយ​គ្នា​នេះ​ដែរ គឺជា​ការ​ជួប​គ្នា​រវាង​កីឡាករ​ឈាង ហុង មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ជាមួយ​កីឡាករ ឡុ​ង សំណាង​មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ។ គូ​នេះ​ក៏​ធ្លាប់​ប៉ះ​គ្នា​ចំនួន​៣​លើក​រួច​មក​ហើយ​ដែរ ប៉ុន្តែ​ឈាង ហុង​មិន​ដែល​ប្រកួត​ឈ្នះ ឡុ​ង សំណាង​ម្ដងណា​ឡើយ ។ ទោះជា​បែប​នេះ​ក្ដី ក៏​ឈាង ហុង នៅ​តែ​មានចិត្ត​ចង់​ប្រកួត​សងសឹក​គ្មាន​ទី​បញ្ចប់​។

ម្យ៉ាងវិញទៀត សម្រាប់​ការ​ប៉ះ​គ្នា​ជា​លើក​ទី​៤​នេះ​ទៀត ឈាង ហុង ប្ដេជ្ញា​ថា​ត្រូវ​តែ​សងសឹក​ឱ្យ​បាន​សម្រេច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ