ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្លំ​ជា​ប៉ូលិស​ទម្លាក់​គ្រឿងញៀ.ន​ជំរិត​ទារប្រាក់ ចាប់ខ្លួន​៦​នាក់(​​ចិន និង​អ្នក​សារព័ត៌មាន​ខ្មែរ)

3 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​ឧត្តម​សេនី​យ៌​ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ឲ្យ​ដឹង​ថា កម្លាំង​នគរបាល​ជំនាញ បាន​បង្ក្រាប​ក្រុម​ជនសង្ស័យ​ចំនួន​៦​នាក់ មាន​ជនជាតិ​ខ្មែរ…

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​ឧត្តម​សេនី​យ៌​ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ឲ្យ​ដឹង​ថា កម្លាំង​នគរបាល​ជំនាញ បាន​បង្ក្រាប​ក្រុម​ជនសង្ស័យ​ចំនួន​៦​នាក់ មាន​ជនជាតិ​ខ្មែរ ៥​នាក់ និង​ជនជាតិ​ចិន​ម្នាក់ ដែល​ក្លែងបន្លំ ជា​កម្លាំង​ប៉ូលិស ធ្វើ​សកម្មភាព​ជំរិត​ទារប្រាក់ ពី​ជន​រង​គ្រោះ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ។

លោកស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បានអោយ​ដឹង​បន្ត​ថា នៅ​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​០៨ កញ្ញា ២០២០ មាន​ជនជាតិ​ចិន​ម្នាក់ ភេទ​ប្រុស បាន​មក​ដាក់​ពាក្យបណ្តឹង​ថា «​កាល​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​០៦ កញ្ញា ២០២០ មាន​ជនសង្ស័យ​១​ក្រុម ជា​ជនជាតិ​ខ្មែរ មាន​គ្នា​៥​នាក់ ស្លៀកពាក់​ស៊ី​វិល ជិះ​រថយន្ត​១​គ្រឿង ប្រភេទ PICK UP ពណ៌​ស និង​ម៉ូតូ​២​គ្រឿង អះអាង​ថា ជា​សមត្ថកិច្ច​ប៉ូ​លី​ស បាន​ធ្វើ​សកម្មភាព កាក់​រថយន្ត​របស់​ជន​រង​គ្រោះ ជា​ជនជាតិ​ចិន ១​គ្រឿង ម៉ាក​ព្រូស ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ 2C-9291 ក្នុង​ខណៈ​ពេល​ដែល​ជន​រង​គ្រោះ កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទៅ​បុរី​គុ​ជ​អាស៊ី ស្ថិត​នៅ​ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។ បន្ទាប់​មក ក្រុម​ជនសង្ស័យ​ទាំងនោះ បាន​ធ្វើការ​ឆែកឆេរ ក្នុង​រថយន្ត​របស់​ជន​រង​គ្រោះ ក៏​បាន​ទម្លាក់​គ្រឿងញៀន​១​កញ្ចប់ នៅ​ក្នុង​រថយន្ត​របស់​ជន​រង​គ្រោះ ដើម្បី​ចោទប្រកាន់​ថា គ្រឿងញៀន​ជា​របស់​ជន​រង​គ្រោះ រួច​គំរាម​ទារប្រាក់​ពី​ជន​រង​គ្រោះ​ចំនួន ៤,០០០​ដុល្លារ​(​បួន​ពាន់​ដុល្លារ​អា​មេ​រិ​ក​) បើ​មិន​ព្រម​ឲ្យ​ទេ ក្រុម​ជនសង្ស័យ​ទាំងនោះ​នឹង​ចាប់​ជន​រង​គ្រោះ​ទៅ​ប៉ុស្តិ៍​ប៉ូលិស ដោយ​មានការ​ភ័យ​ខ្លាច ជន​រង​គ្រោះ​ក៏​ទូរស័ព្ទ​ទៅ​ប្រពន្ធ ឲ្យ​ដើរ​ខ្ចី​លុយ​ពី​មិត្តភក្តិ បាន​ចំនួន ២,៣០០​ដុល្លារ (​ពីរ​ពាន់​បី​រយ​ដុល្លារ​អា​មេ​រិ​ក​) យក​ទៅ​ប្រគល់​ឲ្យ​ក្រុម​ជនសង្ស័យ ដោយ​សន្យា​ថា ប្រាក់​ដែល​នៅ​សល់​នឹង​ឲ្យ​នៅ​ពេល​ក្រោយ​» ។

បន្ទាប់​ពី​បាន​ទទួល​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ ដោយ​មាន​បញ្ជា​ដឹកនាំ​ពី​លោក គួ​ច ចំរើន និង​ដឹកនាំ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា សៀង សុខ លោកស្នងការ ជួន ណា​រិ​ន្ទ បាន​បញ្ជា​កម្លាំង​ជំនាញ​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ បាន​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ រហូត​កំណត់​បាន​អត្តសញ្ញាណ​របស់​ជនសង្ស័យ និង​ឈាន​ដល់​ការ​ចាប់​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​នៅ​វេលា​ម៉ោង​០៧​និង​៣០​នាទី យប់​ថ្ងៃ​ទី ០៨ កញ្ញា ២០២០ ក្នុង​ចំណោម​ជនសង្ស័យ​សរុប ៦​នាក់ មាន​ជនជាតិ​ចិន​ម្នាក់ ។

ជន​រង​គ្រោះ​ឈ្មោះ ZHANG KANG ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ចិន មុខរបរ​ទេសចរណ៍ ស្នាក់​នៅ​ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។ បាត់​បង់លុយ ២,៣០០​ដុល្លារ (​ពីរ​ពាន់​បី​រយ​ដុល្លារ​អា​មេ​រិ​ក​) ។

ជនសង្ស័យ​ទាំង​៦​នាក់ ដែល​ចាប់​ឃាត់ខ្លួន​បាន រួម​មាន ៖
១-​ឈ្មោះ ហាក់ សុធា​បញ្ញា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ ភ្នាក់ងារ​សារ​ព​ត៌​មាន កម្ពុជា​ញូ​វ​ផ្លាស មាន​ទីលំនៅ​ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។
២-​ឈ្មោះ អ៊ួ​ន ប្រុស ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​ភ្នាក់ងារ​សារព័ត៌មាន មាន​ទីលំនៅ​ភូមិ​៣ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។
៣-​ឈ្មោះ ចិន ប៊ុ​ន​ធឿ​ន ហៅ រាជ្យ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មុខ របរ ភ្នាក់ងារ​សារព័ត៌មាន មាន​ទីលំនៅ​ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។
៤-​ឈ្មោះ ចំរើន លាង​ម៉េ​ង ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មុខរបរ ម៉ៅ​ការ​សំណង់ និង​ជួល​រថយន្ត មាន​ទីលំនៅ​ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។
៥-​ឈ្មោះ ស៊ឹ​ម សុខ​ដា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ ជំនួយការ​របស់​ឈ្មោះ អ៊ួ​ន ប្រុស ភ្នាក់ងារ​សារ​ព​ត៌​មាន មាន​ទីលំនៅ​ភូមិ​១ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។
៦-​ឈ្មោះ ZHOU DONGYA ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជនជាតិ​ចិន មុខរបរ រត់​តាក់ស៊ី កាន់​លិខិតឆ្លងដែន​លេខៈ EF3093157 មាន​ទីលំនៅ​ភូមិ​៣ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​។

ជនសង្ស័យ បាន​សារភាព​ថា ពួក​គេ​ពិតជា​បាន​កាក់​ឃាត់​រថយន្ត​ឆែកឆេរ​ក្នុង​រថយន្ត​និង​ជំរិត​ទារ​យក​ប្រាក់​បាន​ចំនួន​២,៣០០​ដុល្លា (​ពីរ​ពាន់​បី​រយ​ដុល្លា​អា​មេ​រិ​ក​)​ពី​ជន​រង​គ្រោះ​ប្រាក​មែន ។

បច្ចុប្បន្ន​មន្ត្រី​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ កំពុង​កសាង​សំណុំរឿង​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ