ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទន់ភ្លន់​តែ​មិន​ទន់ជ្រាយ​! កញ្ញា ធា សម្ផស្ស ស្រវា​យក​ទាំង​ការងារ​កីឡា​និង​​សិល្បៈ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពាក្យ​ថា​កីឡាការិនី បើ​ទោះជា​ស្ថិត​ក្នុង​ប្រភេទ​ណាមួយ​ក៏​ដោយ ក៏​មិនសូវ​ត្រូវ​បាន​មនុស្ស​ចាស់ទុំ​ជា​ឪពុក​ម្ដាយ​គាំទ្រ​នោះ​ដែរ ជា​ពិសេស​សម្រាប់​អ្នក​អភិរក្ស​វប្បធម៌​ខ្មែរ​តែ​ម្ដង ។ មនុស្ស​ភាគច្រើន​យល់​ថា នារី​ដែល​ចូល​ចិត្ត​កីឡា​ច្រើន​តែ​ជានា​រី​ចរិត​ប្រុស និង​មិនមែន​ជានា​រី​ទន់ភ្លន់​នោះ​ផង…

រាជធានី​ភ្នំពេញ ៖ ពាក្យ​ថា​កីឡាការិនី បើ​ទោះជា​ស្ថិត​ក្នុង​ប្រភេទ​ណាមួយ​ក៏​ដោយ ក៏​មិនសូវ​ត្រូវ​បាន​មនុស្ស​ចាស់ទុំ​ជា​ឪពុក​ម្ដាយ​គាំទ្រ​នោះ​ដែរ ជា​ពិសេស​សម្រាប់​អ្នក​អភិរក្ស​វប្បធម៌​ខ្មែរ​តែ​ម្ដង ។ មនុស្ស​ភាគច្រើន​យល់​ថា នារី​ដែល​ចូល​ចិត្ត​កីឡា​ច្រើន​តែ​ជានា​រី​ចរិត​ប្រុស និង​មិនមែន​ជានា​រី​ទន់ភ្លន់​នោះ​ផង ។ យ៉ាងណាមិញ កីឡាការិនី​ប៉េតង់ ធា សម្ផស្ស ជា​តារាចម្រៀង​ក្លា​ស៊ិ​ក​ផង ជា​តារា​សម្ដែង​ផង ដែល​តែងតែ​បង្ហាញ​ភាព​ខ្យូ​ត​ៗ​នៅ​ក្នុង​សិល្បៈ​នោះ បាន​អះអាង​ថា ថ្វី​ដ្បិតតែ​នាង​គឺជា​កីឡាការិនី​ដែល​មើលទៅ​រឹង​មាំ​មែន តែ​នាង​ក៏​មាន​និស្ស័យ​ទន់ភ្លន់​ផង​ដែរ ទើប​នាង​អាច​ប្រឡូក​សិល្បៈ​កើត​ដូច​ពេល​នេះ​។

ស្ថិត​ក្នុង​វ័យ​២៥​ឆ្នាំ ធា សម្ផស្ស ត្រូវ​គេ​ស្គាល់​គួរសម​ក្នុង​នាម​ជា​តារាចម្រៀង​មួយ​រូប​ប្រចាំ​ផលិតកម្ម ជា​តារា​សម្តែង និង ជា​អ្នក​ដើរ​ម៉ូ​ដ ។ ប៉ុន្តែ​នៅ​ក្នុង​វិស័យ​កីឡា នាង​ក៏​ត្រូវ​គេ​ស្គាល់​ថា​គឺជា​កីឡាការិនី​ជើង​ខ្លាំង​ផ្នែក​ប៉េតង់​ផង​ដែរ ខណៈ​ដែល​ពេល​នេះ ក៏​រយាល​សិល្បៈ ហើយ​ងាក​មក​ពង្រឹង​កីឡា​វិញ ។ នាង​ត្រូវ​គេ​ឃើញ​បង្ហាញមុខ​ផ្តោត​ខ្លាំង​លើ​ការ​ហ្វឹក​ហាត់​កីឡា​ប៉េតង់ ព្រោះ​នាង​ចង់​តំណាង​ឲ្យ កម្ពុជា ចូលរួម​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ដំបូង នៅ​ប្រទេស​វៀតណាម នា​ឆ្នាំ​២០២១ ខាង​មុខ​នេះ ។ ម្យ៉ាង​មក​ពី​នាង​ធ្លាប់​បាន​មេដាយ​កម្រិត​ជាតិ ហើយ​ចង់​ក្លាយ​ខ្លួន​ជា​កីឡាការិនី​ជម្រើសជាតិ​ជា​ថ្មី ក្រោយ​ត្រូវ​បាន​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា​ជម្រុះ​ចេញពី​ក្រុម​ជម្រើសជាតិ ជា​លើក​ទី​៥​ផង ទើប​នាង​ខំប្រឹង​ប្រែង​។

កីឡាការិនី​រូប​នេះ ត្រូវ​បាន​សហព័ន្ធ​ជម្រុះ ចេញពី​ក្រុម​ជម្រើសជាតិ ចំនួន​៤​លើក ក្រោយ ប្រឡូក​ក្នុង​វិស័យ​នេះ​អស់​រយៈពេល​៥​ឆ្នាំ ។ ប៉ុន្តែ នាង​បាន​ជាប់​ជម្រើសជាតិ​ឡើង​វិញ​ទាំង​៤​លើក ក្រោយ​​ជាប់​ក្នុង​ការ​ប្រកួត​តេស្ត​ជ្រើសរើស កីឡាករ​ជម្រើសជាតិ ។

កីឡាការិនី មក​ពី​ស្រុក​កោះអណ្តែត រូប​នេះ បាន​និយាយ​ថា មូលហេតុ​ដែល​ខ្លួន​ត្រូវ​បាន​សហព័ន្ធ​ជម្រុះ​​ចេញពី​ក្រុម​ជម្រើសជាតិ​៤​ឆ្នាំ​ជាប់​គ្នា ដោយសារ​នាង​មិនសូវ​បាន​ហ្វឹកហាត់​ព្រោះ​ជាប់រវល់​ជាមួយ​ការ​សិក្សា និង​មមាញឹក​ជាមួយ​ការងារ​សិល្បៈ​។ «​ក្តី​ស្រមៃ​របស់ខ្ញុំ គឺខ្ញុំ​ចង់​ចូលរួម​ប្រកួត​ក្នុង​កីឡា​ស៊ី​ហ្គេ​ម អ៊ីចឹង​ឆ្នាំ​នេះ ខ្ញុំ​ប្តេជ្ញា​ខិតខំ​ហ្វឹកហាត់ និង​ត្រៀម​ទៅ​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ »​។ នេះ​ជា​ការ​បង្ហាញ​ក្តី​ស្រមៃ និង​ការ​ប្តេជ្ញា​ចិត្ត របស់​កីឡាការិនី ធា សម្ផស្ស ។

ទោះបី​យ៉ាងនេះ​ក្តី កីឡាការិនី​ដែល​ជាប់​ជម្រើសជាតិ​នៅ​ឆ្នាំ​២០១៥​រូប​នេះ អះអាង​ថា នាង​នឹង​មិន​បោះបង់​ចោល​វិស័យ​ណាមួយ​ឡើយ ព្រោះ​វិស័យ​ទាំង​ពីរ​ជា​ចំណង់​ចំណូលចិត្ត​របស់​ខ្លួន ។ សម្ផស្ស បន្ត​ថា ឆ្នាំ​នេះ​នាង​អាច​បោះ​បង់​វិស័យ​សិល្បៈ ហើយ​ងាក​មក​ពង្រឹង លើ​វិស័យ​កីឡា​ប៉េតង់​ដើម្បី​សម្រេច​គោលដៅ​ដែល​ចង់​ដណ្តើម​មេដាយ​លើ​ឆាក​អន្តរជាតិ​ជូន​ជាតិ​មាតុភូមិ ។ ដកស្រង់​សម្ដី​ពី​សារព័ត៌មាន​ក្នុង​ស្រុក នាង​និយាយ​ថា​«​ការងារ​សិល្បៈ​ក៏​ខ្ញុំ​ស្រ​ឡាញ់ កីឡា​ក៏​ខ្ញុំ​ស្រឡាញ់ តែបើ​ខ្ញុំ​អាច​បែង​ចែកពេល​វេលា​ជាមួយ​សិល្បៈ​ផង និង​កីឡា ផង វា​ក៏​ជា​រឿង​ល្អ ។ ដ្បិតតែ​ខ្ញុំ​មិន​អាច​ចេញ​ទៅ​ដណ្តើម​មេដាយ​នៅ​ក្រៅប្រទេស​មែន ប៉ុន្តែ​ខ្ញុំ​នៅ​តែ​ជា​កីឡាការិនី​ជម្រើសជាតិ ខ្ញុំ​នៅ​តែ​ចូល​រួម​ហ្វឹកហាត់ ព្រោះ​វា​ជា​ក្តី​ស្រឡាញ់​របស់ខ្ញុំ​»​។

សម្ផស្ស បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​កីឡា ប៉េតង់ តាំងពី​នាង​រៀន​នៅ​អនុ​វិទ្យាល័យ​មក​ម៉្លេះ ។
ដំបូង​ឡើយ នាង​ជា​កីឡាការិនី​បាល់ទះ តែ​ត្រូវ​បាន​គ្រូ​ផ្ទេរ​ឲ្យ​ទៅ​លេង​កីឡា​ប៉េតង់ ក្រោយ ឃើញ​នាង​មាន​មាឌតូច និង​កម្ពស់​ទាប ។ នាង ធ្លាប់​ឈ្នះ​ជើងឯក​បាន​ចំនួន​ពីរ​ក្នុង​ការ​ប្រកួត ជម្រើស​ថ្នាក់​ខេត្ត ដោយ​ទទួល​បាន​ម៉ូតូ​លើក​ទឹកចិត្ត ចំនួន​ពីរ​គ្រឿង ។

ភាព​លេចធ្លោ​ក្នុង​ការ​ប្រកួត​ជម្រើស​ជើងឯក​ថ្នាក់​ខេត្ត​នេះ នៅ​អំឡុង​ឆ្នាំ​២០១៤ នាង​ត្រូវ​បាន​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា ជ្រើសរើស​ឲ្យ​ធ្វើ​ជា​កីឡាការិនី​ជម្រើសជាតិ​បម្រុង ។ ក្រោយមក នៅ​ឆ្នាំ​២០១៥ នាង​ក៏​បាន​ក្លាយជា កីឡាការិនី​ប៉េតង់​ជម្រើសជាតិ​ពេញ​សិទ្ធិ ក្រោយ ទទួល​បាន​ចំណាត់ថ្នាក់ លេខ​៣ ក្នុង​ការ​ប្រកួត ជើងឯក​ថ្នាក់​ជាតិ ។

ក្រោយ​ប្រឡូក អស់​រយៈពេល​៥​ឆ្នាំ​កន្លង​មកនេះ កីឡាការិនី ធា សម្ផស្ស ធ្លាប់​សាង ស្នាដៃ​លើ​ឆាក​អន្តរជាតិ ជូន​ជាតិ​មាតុភូមិ​ចំនួនពីរ​លើក តាម​រយៈ​ការ​ឈ្នះ​មេដាយ​ប្រាក់​ក្នុង​ការ​ប្រកួត Mekong Goodwill នៅ​ប្រទេស ថៃ និង​មេដាយ​សំរឹទ្ធ នៅ​ប្រទេស​វៀតណាម ។ ប៉ុន្តែ​កីឡាការិនី​រូប​នេះ មិន​ធ្លាប់​ចូលរួម​ការ​ប្រកួត​កីឡា SEA Games និង Asia Games នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ