ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​ចំនួន​12 ​ទទួលស្គាល់​ពី​ការ​ខិត​ខំ​ប្រឹងប្រែង​របស់​កម្ពុជា​ឆ្ពោះទៅ​សុ​ី​ហ្គេម​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក វ៉ា​ត់ ចំរើន​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​កីឡា​ស៊ីហ្គេ​ម​​ឆ្នាំ​២០២៣ (CAMSOC) បាន​មាន​ប្រសាសន៍​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ពេល​នេះ​មាន​ប្រទេស​ចំនួន​១២​នៅ​ក្នុង​តំបន់​អាស៊ី​បាន​ទទួលស្គាល់​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣ ។…

រាជធានី​ភ្នំពេញ ៖ លោក វ៉ា​ត់ ចំរើន​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​កីឡា​ស៊ីហ្គេ​ម​​ឆ្នាំ​២០២៣ (CAMSOC) បាន​មាន​ប្រសាសន៍​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ពេល​នេះ​មាន​ប្រទេស​ចំនួន​១២​នៅ​ក្នុង​តំបន់​អាស៊ី​បាន​ទទួលស្គាល់​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣ ។

លោក​មាន​ប្រសាសន៍​បន្ត​ថា ដោយសារ​តែ​ជំងឺ​កូ​វី​ដ​-១៩ ការ​ហ្វឹកហាត់​ក្នុង​ប្រទេស​នា​ពេល​កន្លង​មក​មានការ​អាក់ខាន​ខ្លះ​ៗ ហើយ​ក៏​មានការ​ពន្យារពេល​ក្នុង​ការ​បញ្ជូន​អត្ត​ព​លិ​ក​ទៅ​ហ្វឹកហាត់​នៅ​ក្រៅប្រទេស​ផង​ដែរ ។ ទោះបីជា​បែប​នេះ​ក្ដី​លោក​ថា ការ​បញ្ជូន​អត្ត​ព​លិ​ក​ទៅ​ហ្វឹកហាត់​នៅ​ក្រៅ​ប្រទេស​នៅ​តែ​ជា​រឿង​សំខាន់​ដដែល ។ ជាក់ស្ដែង​នៅ​ចុងខែ​វិច្ឆិកា​ឆ្នាំ​២០២០​នេះ បើសិនជា​​ជំងឺ​កូ​វី​ដ​-១៩​មានការ​ថយ​ចុះ​នោះ កម្ពុជា​នឹង​បញ្ជូន​អត្ត​ព​លិ​ក​ទៅ​ហ្វឹកហាត់​នៅ​ក្រៅប្រទេស​ដែល​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​តែ​ម្ដង ។

ប៉ុន្តែ​ប្រសិនបើ​ជំងឺ​កូ​វី​ដ​-១៩​មិន​ទាន់​ឈាន​ទៅ​រក​ភាព​ប្រក្រតី​ដូច​ការ​រំពឹង​ទុក​ទេ​នោះ កម្ពុជា​ក៏​ត្រូវ​តែ​បង្ខំចិត្ត​បញ្ជូន​អត្ត​ព​លិ​ក​ទៅ​ហ្វឹកហាត់​នៅ​ក្រៅប្រទេស​នា​ដើមឆ្នាំ​២០២១​ខាង​មុខ​នេះ​។ ចំពោះ​បណ្ដា​ប្រទេស​ដែល​ជា​គោលដៅ​ត្រូវ​បញ្ជូន​រួម​មាន​ប្រទេស​ចិន កូរ៉េ ជប៉ុន ថៃ និង​បណ្ដា​ប្រទេស​នៅ​ទ្វីបអឺរ៉ុប​និង​អា​មេ​រិ​កមួយ​ចំនួន​ទៀត​តាមតែ​អាច​ធ្វើ​ទៅ​បាន ។

អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​កីឡា​ស៊ី​ហ្គេ​ម​រូប​នេះ​បានឱ្យ​ដឹង​ទៀត​ថា សម្រាប់​អត្ត​ព​លិ​ក​ដែល​ត្រៀម​បញ្ជូន​ឱ្យទៅ​ហ្វឹកហាត់​នៅ​ក្រៅប្រទេស​មាន​ចំនួន​១១០​នាក់ ។ ការ​បញ្ជូន​អត្ត​ព​លិ​ក​ឱ្យទៅ​ហ្វឹកហាត់​ច្រើន​បែប​នេះ​ដោយសារ​នៅ​ក្នុង​ឆ្នាំ​២០២១​ខាង​មុខ​នេះ​គឺជា​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣១​ដែល​នឹង​ត្រូវធ្វើ​ឡើង​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ដែល​នេះ​គឺជា​ការ​ប្រកួត​ចុង​ក្រោយ ហើយ​ក៏​ជា​ឆ្នាំ​ដែល​កម្ពុជា​ត្រូវ​វាស់​ស្ទង់​ពី​កម្រិត​សមត្ថភាព​របស់​អត្ត​ព​លិ​ក​ជម្រើស​ជាតិ​កម្ពុជា ព្រមទាំង​មន្ត្រី​បច្ចេកទេស​ជា​លើក​ចុង​ក្រោយ​មុន​នឹង​ឈាន​ទៅ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​ផង​ដែរ​។

គួរ​រំលឹក​ថា បច្ចុប្បន្ន​កម្ពុជា​មាន​ប្រភេទ​កីឡា​ដែល​មាន​សក្ដានុពល​មួយ​ចំនួន​ដែល​រំពឹង​ថា​នឹង​ដណ្ដើម​​យក​មេដាយ​ពី​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣១​នៅ​ប្រទេស​វៀតណាម​រួម​មាន​កីឡា​ប៉េតង់ កីឡា​ចំបាប់ កីឡា​វ៉ូ​ស៊ូ កីឡា​វ៉ូ​វី​ណា​ម កីឡា​តេ​ក្វា​ន់​ដូ កីឡា​សូ​ហ្វ​តេ​ន្នី​ស កីឡា​វាយ​កូន​បាល់ កីឡា​វាយ​សី និង​កីឡា​ជា​ច្រើន​ប្រភេទ​ទៀត​ដែល​ធ្លាប់​ដណ្ដើម​បាន​មេដាយ​ពី​ការ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​នា​ពេល​កន្លង​មក ។

មិនតែប៉ុណ្ណោះ​ប្រភេទ​កីឡា​ទាំងនោះ​ក៏​កំពុង​តែ​ធ្វើ​ឱ្យ​បណ្ដា​ប្រទេស​ក្នុង​តំបន់​មានការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ទៀត​ផង ។ ដោយឡែក​ចំពោះ​ប្រភេទ​កីឡាបាល់ទាត់​ឯណោះ​វិញ​ក៏​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ចំណាត់ថ្នាក់​ល្អ ជា​ពិសេស​កីឡាករ​វ័យក្មេង​ដែល​ទើបតែ​ឆ្លងកាត់​ការ​បណ្ដុះបណ្ដាល​ចេញពី​សាលា​បាល់ទាត់​ជាតិ​បាទី​សុទ្ធតែ​មាន​សមត្ថភាព​ខ្ពស់ ។ រីឯ​ប្រភេទ​កីឡាបាល់ទះ បាល់បោះ ក៏​កំពុង​តែ​បង្ហាញ​នូវ​ភាព​រីក​ចម្រើន​ជា​បណ្ដើរ​ៗ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ