រាជធានីភ្នំពេញ ៖ ប្រភពព័ត៌មានធ្លាយចេញពីសាលាដំបូងរាជធានីនៅព្រឹកថ្ងៃទី៣០ មីនា បានឱ្យដឹងថា លោកព្រះរាជអាជ្ញារងគ្រី សុខអ៊ី តំណាងអយ្យការសាលាដំបូង បានចេញដីកាកោះហៅនាងជួន ចាន់រតនា ហៅក្អយឱ្យចូលខ្លួនទៅបំភ្លឺលើបណ្តឹងរឿងរំលោភលើសេចក្តីទុកចិត្ត។ ដីកាកោះរបស់តំណាងអយ្យការខាងលើ បានឱ្យនាងក្អយចូលទៅកាន់សាលាដំបូងនៅថ្ងៃទី៤ មេសា ខាងមុខនេះ ដើម្បីសាកសួរតាមបណ្តឹងរបស់លោកមេធាវីច័ន្ទ ភក្តី ជាមេធាវីការពារសិទ្ធិឱ្យម្ចាស់រថយន្ត៥គ្រឿងដែលនាងក្អយជួលយកទៅធ្វើអាជីវកម្ម តែបែរជាយកទៅដាក់បញ្ចាំយកប្រាក់ក្បត់កិច្ចសន្យា។
ដីកាកោះនោះត្រូវបានភ្នាក់ងាររត់ដីការបស់សាលាដំបូងចាត់ចែង និងបញ្ជូនទៅកាន់លំនៅឋាននាងក្អយហើយ ប៉ុន្តែរឿងចូល ឬមិនចូលជាសិទ្ធិរបស់នាងក្អយ ឬក៏ប្រគល់ការងារនោះទៅមេធាវីវិញ។ អ្នកតាមដានរឿងរ៉ាវនាងក្អយនិយាយថា នាងក្អយជំពាក់ប្រាក់គេដល់កទៅហើយតើមានលុយឯណាទៅលោះយករថយន្តនោះវិញដែលទំនងមានតែផ្លូវមួយគត់ដូចចំណងជើងបទចម្រៀងរំដួលដូរដីប៉ុណ្ណោះ។
គួររំលឹកថា នាងជួន ចាន់រតនា ហៅអយ ឬក្អយដែលជាតារាកំប្លែងល្បីឈ្មោះបោះសំឡេងតាមកញ្ចក់ទូរទស្សន៍ និងពេលនេះល្បីរឿងអាស្រូវតាមសារព័ត៌មាន កាលពីថ្ងៃទី២១ មីនា កន្លងមកបានត្រូវសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃនាំខ្លួនពាក់ព័ន្ធនឹងបណ្តឹងជួលរថយន្តគេយកទៅបញ្ចាំ ។ ប្រភពព័ត៌មាននៅសាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងថា នាងជួន ចាន់រតនា ហៅអយ ត្រូវគេប្តឹងច្រើនដែលសុទ្ធតែរឿងជួលរថយន្ត គេជិះបែរជាយកទៅបញ្ចាំដូចខាងលើ ។ មានដើមបណ្តឹងពីឈ្មោះឈុំ សុគន្ធណារិទ្ធ និងឈ្មោះឈ ប៊ុនឆាយ អស់រថយន្ត៥គ្រឿង ដែលសំណុំរឿងស្ថិតលើព្រះរាជអាជ្ញារង២រូប កំពុងស៊ើបអង្កេតបឋម ។
ប្រភពព័ត៌មានពីសាលាដំបូងដដែលបានឱ្យដឹងទៀតថា នាងក្អយមិនមែនមានត្រឹមតែរឿង ប៉ុណ្ណឹងទេ គឺនៅជំពាក់ប្រាក់គេវ័ណ្ឌកច្រើនទៀត ដូច្នេះទំនងមិនអាចគេចផុតពីការចោទប្រកាន់តាមផ្លូវច្បាប់នោះឡើយ ។ រឿងរ៉ាវជាក់ស្តែងមួយកាលពីថ្ងៃទី៨ មីនា កន្លងមកនេះបានទាក់ទងនឹងនាងក្អយពាក់ព័ន្ធជាមួយរថយន្តម៉ាកតូយ៉ូតា ឡិចស៊ីស RX300 មួយគ្រឿងដែលបានជួលគេជិះយកទៅដាក់បញ្ចាំនៅកុងស៊ីទទួលបញ្ចាំរថយន្តអ្នកចាញ់ល្បែងកាស៊ីណូ ។ ចំណែកម្ចាស់ដើមរថយន្តខាងលើបានទទួលលុយជួលពីនាងក្អយ តែជាងពាក់កណ្តាលប៉ុណ្ណោះ ឯជិតពាក់កណ្តាលទៀតអត់បានទទួលទេ ។ មិនតែប៉ុណ្ណោះអត់បានឃើញរថយន្តរបស់ខ្លួន៣ខែមកហើយ គឺបាត់ឈឹងតែម្តង ឯនាងក្អយក៏អត់បានបង្ហាញមុខដែរ។
ការប្រទះឃើញរថយន្តដោយចៃដន្យ ខណៈម្ចាស់រថយន្តប្រទះឃើញរថយន្តរបស់ខ្លួននៅព្រឹកថ្ងៃទី៨ ខែមីនា នៅម្តុំភ្លើងស្តុបផ្សារដីហុយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ប៉ុន្តែពេលនោះអ្នកបើកបរ និងអ្នកជិះមិនមែនជានាងក្អយឡើយ គឺជាអ្នកផ្សេងទៅវិញ។ ទោះបីជាបែបណាដោយសារស្គាល់រថយន្តរបស់ខ្លួនពិតប្រាកដ ម្ចាស់រថយន្តរូបនោះក៏បានតាមពីក្រោយបណ្តើរ និងប្តឹងប៉ូលិសខណ្ឌដង្កោបណ្តើរ ហើយរហូតដល់ក្នុងភូមិសាស្ត្រសង្កាត់កន្ទោក លើផ្លូវជាតិលេខ៤ទើបឃាត់រថយន្តនោះសាកសួរបាន។ បន្ទាប់មកប៉ូលិសខណ្ឌដង្កោបានសួរនាំទៅអ្នកជិះក្នុងរថយន្តនោះ២នាក់ប្តីប្រពន្ធបានឆ្លើយថា ទិញតពីបុរសម្នាក់ ហើយប៉ូលិសក៏បានទៅឃាត់ខ្លួនបុរសនោះយកទៅសាកសួរបន្តទៀត។ បុរសនោះបានឆ្លើយថាខ្លួនបានទិញរថយន្តនោះពីកុងស៊ីបញ្ចាំមួយដែលជាកុងស៊ីទទួលបញ្ចាំពីអ្នកចាញ់ល្បែងកាស៊ីណូ។ បន្ទាប់ពីទទួលបានចម្លើយនោះហើយ ប៉ូលិសបានទៅឃាត់ខ្លួនបុរសម្នាក់ទៀតដែលជាអ្នកទទួលបញ្ចាំយកមកសួរទៀត។
រថយន្តដែលរកឃើញនោះម៉ាកឡិចស៊ីសRX300 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ២I៤៩៩៣ មានម្ចាស់ឈ្មោះស៊ុន វ៉ា អាយុ៣២ឆ្នាំ ជាជាងសង្ហារិម មានទីលំនៅក្នុងភូមិតាងួន សង្កាត់កាកាប ខណ្ឌដង្កោ រាជធានីភ្នំពេញ។ តាមម្ចាស់រថយន្តឱ្យដឹងថា នាងអយបានជួលរថយន្តពីរូបគាត់ចំនួន២គ្រឿង គឺម៉ាកឡិចស៊ីសRX300 នេះ១គ្រឿង និងម៉ាកកាមរីឆ្លាម១គ្រឿង ។ រថយន្តឡិចស៊ីសRX300 មួយគ្រឿងនេះជួលក្នុង១ខែតំលៃ៦០០ដុល្លារ ដោយមានកុងត្រាជួលរយៈពេល៦ខែគិតចាប់ពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១០ ដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១១ ។ ក្នុងរយៈពេលនេះរូបគាត់ទទួលបានលុយ៣ខែដំបូងគ្រប់ចំនួន ។ លុះដល់៣ខែចុងក្រោយអត់បានគ្រប់ចំនួនទេ ហើយរថយន្តក៏បាត់រហូត ទើបប្រទះឃើញដោយចៃដន្យ ។ ចំណែកឯរថយន្តកាមរីឆ្លាមវិញបានជួលឱ្យនាងអយក្នុង១ខែ៣៥០ដុល្លារ ហើយពេលនេះកំពុងតែបាត់ដំណឹងឈឹងដែរ ។
ម្ចាស់រថយន្តទួរីស និងឡិចស៊ីសដែលបានរកឃើញរថយន្តរបស់ពួកគេវិញក្រោយពីមានការជួយអន្តរាគមន៍ពីប៉ូលិសនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានឱ្យដឹងថា ល្បិចជួលរថយន្ត២ទៅ៣ខែដំបូងនាងក្អយបង់គ្រប់ចំនួន តែបន្ទាប់ពីនោះមកក៏បាត់។ ដើម្បីបានរថយន្តមកវិញត្រូវបង់ប្រាក់សម្រាប់តម្លៃលោះរថយន្តរាប់ម៉ឺនដុល្លារ គឺខាតបង់ដូចគ្នា។ កន្លែងដែលពួកនាងក្អយយកទៅបញ្ចាំក៏បានលាក់បាំងទៀត គឺពេលប្រគល់លុយឱ្យទើបគេទូរស័ព្ទមកប្រាប់ថា ទៅយកនៅទីនេះ ឬទីនោះមិនខុសពីពួកចាប់ជំរិតឡើយ។ ពេលនេះវាសនានាងក្អយកាន់តែយ៉ាប់យ៉ឺន មិនដឹងថា ស្តារស្ថានភាពនេះបានឬក៏អត់នោះទេ ៕
ចែករំលែកព័តមាននេះ