ខេត្តប៉ៃលិន៖ ដើម្បីរក្សាបាននូវចីរភាពបរិមាណផលិតកម្មនិងការបង្កើនបរិមាណនៃការនាំចេញដំឡូងមីរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាលោក ប៉ាន សូរស័ក្តិ បានផ្ដល់គន្លឹះសំខាន់ៗមួយចំនួនដល់សភាពាណិជ្ជកម្មខេត្តប៉ៃលិន ដើម្បីអោយសម្រេចនូវយុទ្ធសាស្ត្រនេះ ។
លោករដ្ឋមន្ត្រីបាននិយាយថា ដើម្បីរក្សាបានចីរភាពបរិមាណផលិតកម្ម និងបង្កើនបរិមាណ នៃការនាំចេញ ភាគីទាំងអស់ត្រូវសហការ និងរួបរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដែលកើតមានឡើង នៅក្នុងខ្សែច្រវ៉ាក់តម្លៃផលិតផល កសិ-ពាណិជ្ជកម្មដំឡូងមី ដើម្បីរួមចំណែកអភិវឌ្ឍន៍ផលិតផលកសិ-ពាណិជ្ជកម្មនេះ ឱ្យកាន់តែមានភាពរីកចម្រើនជួយបង្កើតការងារ និងបង្កើនប្រាក់ចំណូល ជូនដល់បងប្អូន កសិករ ផលិត និងតួអង្គពាក់ព័ន្ធទាំងអស់នៅក្នុងខ្សែច្រវ៉ាក់តម្លៃនេះ ប្រកបដោយសមភាព សមធម៌ និរន្តរភាព និងរួមចំណែកជួយកាត់បន្ថយការធ្វើចំណាកស្រុករបស់បងប្អូនប្រជាពលរដ្ឋ ។
លោកបានបន្តថា សមាគមនាំចេញជាតួអង្គសំខាន់មួយក្នុងចំណោមតួអង្គពាក់ព័ន្ធទាំងអស់នៅក្នុងខ្សែ ច្រវ៉ាក់តម្លៃ ផលិតផលកសិ-ពាណិជ្ជកម្មដំឡូងមី និងជាឪពុក ជាម្តាយរបស់បងប្អូនអាជីវករ ផលិតករ ម្ចាស់ឃ្លាំងសម្ងួត រោងចក្រ/សិប្បកម្មកែច្នៃនៅក្នុងខ្សែច្រវ៉ាក់តម្លៃផលិតផលកសិ-ពាណិជ្ជកម្មដំឡូងមី ទាំងមូលផងដែរ។ ហេតុនេះ ត្រូវមាន ការសាមគ្គីគ្នាជាធ្លុងមួយ ក្នុងការ កសាងសមាគមឱ្យមាន ភាពរីកចម្រើននិងបែងចែកភោគផលប្រកប ដោយសមធម៌ តម្លាភាព គណនេយ្យភាព និងប្រកៀកស្មាគ្នា ដោះ ស្រាយបញ្ហាគ្រប់រូបភាព។ ជាពិសេសត្រូវ ផ្តោតការ យកចិត្តទុក ដាក់ លើបរិមាណ និងគុណភាពផលិតផល ក្នុងសមាគម របស់យើងឱ្យបានហ្មត់ចត់ ព្រោះវាដើរតួនាទីសំខាន់ណាស់សម្រាប់ធ្វើការប្រកួតប្រជែងជាយុទ្ធសាស្ត្រ រយៈពេលខ្លី និងវែងរបស់សមាគមនីមួយៗ ។
លោកបន្ថែមថា សមាគមនាំចេញ ត្រូវធ្វើការទំនាក់ទំនងជាមួយនឹងប្រធានមន្ទីរពាណិជ្ជកម្មខេត្ត ដើម្បីឱ្យប្រធាន មន្ទីរពាណិជ្ជកម្មខេត្ត ជាមួយថ្នាក់ដឹកនាំខេត្ត ដើម្បីដោះ ស្រាយ នូវរាល់បញ្ហាកកស្ទះផលិតផលដំឡូងមី តាមរយៈការចរចា រកវិធីសាស្ត្រ និងយន្តការដោះស្រាយបន្ទាន់ៗ ជាមួយនឹងសមភាគីថៃ ដើម្បីសម្របសម្រួលឱ្យមានចរាចរផលិតផលបានទាន់ពេលវេលា និង មាន ប្រសិទ្ធភាពខ្ពស់ ។
លោកលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់សហការគ្នាក្នុងការពង្រឹងការអភិវឌ្ឍខ្សែច្រវ៉ាក់តម្លៃផលិត ផល កសិ-ពាណិជ្ជកម្ម ដំឡូងមី នឹងជួយរួមចំណែកធ្វើអោយផលិតផលនេះមានការកើនឡើងទាំងបរិមាណ និង គុណភាពនៅក្នុងទីផ្សារនាំចេញមួយកម្រិតទៀត ។
យោងតាមរបាយការណ៍ របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានអោយដឹងថាក្នុងរយៈពេល៧ខែ ដើមឆ្នាំ ២០២០នេះ កម្ពុជានាំចេញផលិតផលដំឡូងមី ទៅកាន់ទីផ្សារអន្តរជាតិចំនួនជាង១លាន៥៥ម៉ឺនតោន ក្នុងនោះមានចំណិតដំឡូងមីក្រៀមមានចំនួន ១លាន៩៧ពាន់តោន ទៅកានទីផ្សារប្រទេសថៃ និងវៀតណាម ដំឡូងមីស្រស់ចំនួន ៤៣៣ពាន់តោន ទីផ្សារថៃនិងវៀតណាម ម្សៅដំឡូងមី ១៥ពាន់តោន ទៅកាន់ប្រទេសឥណ្ឌា ចិន ប៊ែលហ្សិក អ៊ីតាលី ហូឡង់ ប៉ាគីស្ថាន និងឆេក ។ សម្រាប់ប្រទេសចិនក៏បាននាំចូលកាកសំណល់ដំឡូងមី ប្រមាណ៧.៦៨១តោនក្នុងរយៈពេល៧ខែកន្លងទៅនេះផងដែរ ៕
ចែករំលែកព័តមាននេះ