ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

UN ឲ្យ​ស៊ើបអង្កេត​ឡើង​វិញ ក្មេង​ស្រី​អា​ហ្ស​ង់​ទី​ន​២​នាក់ ត្រូវ​កងកម្លាំង​ប៉ា​រ៉ា​ហ្គា​យ បា.ញ់​សម្លា.ប់​ក្នុង​ជំរំ​ឧទ្ទាម

3 ឆ្នាំ មុន

អន្តរជាតិ ៖ អង្គការសហប្រជាជាតិ UN អំពាវនាវ​ឲ្យ​មានការ​ស៊ើបអង្កេត​មួយ បន្ទាប់​ពី​ក្មេង​ស្រី ២​នាក់ ត្រូវ​បាន​បាញ់​សម្លាប់ ដោយ​កម្លាំង​សន្តិសុខ​ប៉ា​រ៉ា​ហ្គា​យ ក្នុង​ប្រតិបត្តិការ​វាយឆ្មក់…

អន្តរជាតិ ៖ អង្គការសហប្រជាជាតិ UN អំពាវនាវ​ឲ្យ​មានការ​ស៊ើបអង្កេត​មួយ បន្ទាប់​ពី​ក្មេង​ស្រី ២​នាក់ ត្រូវ​បាន​បាញ់​សម្លាប់ ដោយ​កម្លាំង​សន្តិសុខ​ប៉ា​រ៉ា​ហ្គា​យ ក្នុង​ប្រតិបត្តិការ​វាយឆ្មក់ នៅ​ជំរុំ​ឧទ្ទាម​មួយ កាលពី​ស​ប្តា​ហ៍​មុន ។

ក្មេង​ស្រី​ទាំង​២​នាក់ បាន​ស្លាប់​ក្នុងអំឡុងពេល នៃ​ការ​វាយឆ្មក់​រួម​គ្នា លើ​ជំរំ​ឧទ្ទាម​តូច​មួយ​កន្លែង ដែល​ធ្វើ​ឡើង​ដោយ​កម្លាំង​ប៉ូ​លី​ស និង​យោធា​ប៉ា​រ៉ា​ហ្គា​យ កាលពី​ថ្ងៃ​ពុធ ទី​២ កញ្ញា ២០២០ ក្នុងស្រុក Yby Yaú មាន​ចម្ងាយ​ប្រហែល ៣៧០​គីឡូម៉ែត្រ ភាគ​ខាងជើង នៃ​រដ្ឋធានី Asunción របស់​ប៉ា​រ៉ា​ហ្គា​យ ។

ប្រទេស​ជិតខាង​ប៉ា​រ៉ា​ហ្គា​យ គឺ​ប្រទេស​អា​ហ្ស​ង់​ទី​ន បាន​កំណត់​អត្តសញ្ញាណ ក្មេង​ស្រី​រង​គ្រោះ​ទាំង​២​នាក់​នោះ គឺជា​ជនជាតិ​អា​ហ្ស​ង់​ទី​ន ហើយ​បញ្ជាក់​ថា ពួក​គេ​ទើបតែ​មាន​អាយុ ១១​ឆ្នាំ ប៉ុណ្ណោះ ។

រដ្ឋាភិបាល​ប៉ា​រ៉ា​ហ្គា​យ​ពី​ដំបូង បាន​និយាយ​ថា ក្មេង​ស្រី​ទាំង​២ ជា​សមាជិក នៃ​ក្រុម​ឧទ្ទាម​កងទ័ព​ប្រជាជន​ប៉ា​រ៉ា​ហ្គា​យ ហៅ​កាត់ (EPP) គឺជា​ក្រុម​តូច​មួយ ដែល​សកម្ម​ចាប់ជំរិត និង​ការ​សម្លាប់​មនុស្ស នៅ​ភាគ​ខាងជើង​ប៉ា​រ៉ា​ហ្គា​យ ។

មន្ត្រី​ក្រសួងការបរទេស​ប៉ា​រ៉ា​ហ្គា​យ ក៏​បាន​សម្តែង​ការ​សោកស្តាយ​យ៉ាង​ខ្លាំង ចំពោះ​ការ​ស្លាប់​របស់​ក្មេង​ស្រី​ទាំងនោះ ។ ហើយ​បាន​ថ្កោលទោស​លើ​ក្រុម​ឧទ្ទាម EPP នូវ​អ្វី​ដែល​ហៅ​ថា ជា​“​ការ​ប្រើប្រាស់ គួរ​ឲ្យ​ស្អប់ខ្ពើម​” គឺ​ប្រើ​កុមារ និង​ក្មេង​ជំទង់ ធ្វើ​ជា​ខែល​ការពារ​ក្រុម​របស់​ខ្លួន ។

ក្រោយ​បាញ់​សម្លាប់ នៅ​ថ្ងៃ​ពុធ​ដដែល​នោះ កងកម្លាំង​សន្តិសុខ​ប៉ា​រ៉ា​ហ្គា​យ បាន​បញ្ចុះ​សាកសព​ក្មេង​ស្រី​ទាំងនោះ​ភ្លាម​ៗ ដោយ​លើក​ឡើង​ពី​ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល នៃ​វីរុស​កូ​វី​ដ​-១៩ ធ្វើ​ជា​មូលហេតុ នៃ​ការ​បញ្ចុះសព​យ៉ាង​ឆាប់រហ័ស ។ សម្លៀក​បំពាក់​របស់​ពួក​គេ ក៏​ត្រូវ​បាន​ដុត​បំផ្លាញ ដោយ​កង​សន្តិសុខ ផង​ដែរ ។

កាលពី​ថ្ងៃ​ពុធ ទី​២​កញ្ញា ប្រធានាធិបតី​ប៉ា​រ៉ា​ហ្គា​យ លោក​ម៉ា​រី​អូ អា​ដូ Mario Abdó បាន​ពិពណ៌នា​អំពី​ការ​វាយឆ្មក់​លើ​ជំរំ​ឧទ្ទាម ខាងលើ​នេះ​ថា ជា​ប្រតិបត្តិការ​ទទួល​បាន​ជោគជ័យ គួរ​ជាទី​មោ​ទ​នៈ ។

លោក​ប្រធានាធិបតី ថ្លែង​ថា “​ទទួល​បាន​ជោគជ័យ ព្រោះ​សមាជិក​នៃ​ក្រុម​ឧទ្ទាម EPP ត្រូវ​បាន​កម្ទេច​” ដោយ​លោក​បញ្ជាក់​ថា ក្មេង​ស្រី​ទាំង​ពីរ​នាក់ គឺ​មាន​ម្នាក់ ជា​ក្រុម​ឧទ្ទាម ។

អ្នកជំនាញ​ខាង​កោសល្យវិច័យ មក​ពី​ការិយាល័យ​ព្រះរាជអាជ្ញា​របស់​ប្រទេស​ប៉ា​រ៉ា​ហ្គា​យ លោក Cristian Ferreira បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៣ ខែកញ្ញា​ថា អ្នក​ដែល​ត្រូវ​បាន​កង​សន្តិសុខ​សម្លាប់ គឺជា​ស្ត្រី ហើយ​ការ​ធ្វើ​កោសល្យវិច័យ គឺ​ធ្វើ​ឡើង​មុន​ពេល ពួក​គេ​យក​ទៅ​បញ្ចុះ ដោយ​បង្ហាញ​ថា ក្នុង​ចំណោម​ពួក​គេ មាន​ក្មេង​ស្រី​ម្នាក់ អាយុ​១៥​ឆ្នាំ និង​ម្នាក់​ទៀត មាន​អាយុ​ចន្លោះ​ពី​១៧ ទៅ​១៨​ឆ្នាំ ។

លោក Cristian Ferreira ក៏​បាន​និយាយ​បន្ត​ផង​ដែរ​ថា ក្មេង​ស្រី​ម្នាក់ រង​ការ​វាយប្រហារ ចំនួន ៦​គ្រាប់ និង​ម្នាក់​ទៀត ត្រូវ​ចំនួន ២​គ្រាប់ ។ បើ​តាម​សម្តី​របស់​លោក Ferreira ថា ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំង​២ មាន​ក្មេង​ស្រី​ម្នាក់​ពាក់អាវ “​ប្រយុទ្ធ​” ហើយ​ពួក​គេ​ទាំង​ពីរ មាន​គ្រាប់រំសេវ រាប់រយ​គ្រាប់ នៅ​លើ​ខ្លួន​ពួក​គេ ។

ក្រុម​មន្ត្រី​សន្តិសុខ​ប៉ា​រ៉ា​ហ្គា​យ ក៏​បាន​និយាយ​ថា អាវុធ​ជាតិ​ផ្ទុះ និង​ថវិកា​ចំនួន ១៦,០០០​ដុល្លារ ត្រូវ​បាន​រក​ឃើញ នៅ​ក្នុង​ជំរំ​ឧទ្ទាម ក្រៅពី​នោះ​ក៏​មាន​ដូច​ជា​សៀវភៅ ស្តី​ពី​បដិវត្ត​រុ​ស្ស៊ី របស់​លោក វ្លា​ឌី​មៀ លេ​នី​ន និង​សៀវភៅ​ទស្សនវិទូ​អា​ឡឺ​ម៉​ង់ លោក កាល ម៉ា​ក្ស Karl Marx និង​ឌី​វី​ឌី DVD ស្តី​ពី​ម្ចាស់​គ្រឿងញៀន​កូ​ឡុំ​ប៊ី Pablo Escobar ។

ដោយឡែក​នៅ​ក្នុង​ប្រទេស​អា​ហ្ស​ង់​ទី​ន​វិញ ក្រុម​មេធាវី តំណាង​ឲ្យ​អ្នកនយោបាយ​អា​ហ្ស​ង់​ទី​ន បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ ទី​៤​កញ្ញា ថា ក្មេង​ស្រី​ទាំង​២​នាក់ គឺជា​ពលរដ្ឋ​អា​ហ្ស​ង់​ទី​ន ដែល​ស្ថិត​នៅ​ក្នុង​ជំរំ ដើម្បី​ទៅ​សួរសុខទុក្ខ សមាជិកគ្រួសារ ។ ក្រុម​មេធាវី ក៏​បាន​និយាយ​ដែរ​ថា ក្មេង​ស្រី​ទាំងនោះ មាន​អាយុ​ត្រឹមតែ ១១​ឆ្នាំ ប៉ុណ្ណោះ ។

ក្រោយមក អាជ្ញាធរ​ប្រទេស​អា​ហ្ស​ង់​ទី​ន បញ្ជាក់​ពី​អាយុ​របស់​ជន​រង​គ្រោះ ហើយ​បាន​និយាយ​ថា ពួក​គេ​ពិតជា​ពលរដ្ឋ​អា​ហ្ស​ង់​ទី​ន ។ បន្ទាប់​ពី​មាន​អន្តរាគមន៍​របស់​អាជ្ញាធរ​អា​ហ្ស​ង់​ទី​ន រួច​មក មន្ត្រី​ប៉ា​រ៉ា​ហ្គា​យ បាន​បញ្ជា​ឲ្យ​ធ្វើ​កោសល្យវិច័យ​សាកសព​ក្មេង​ស្រី​ឡើង​វិញ បាន​បញ្ជាក់​ថា ពួក​គេ​មាន​អាយុ ១១​ឆ្នាំ ។

លោកស្រី Federico Delfino មក​ពី​ការិយាល័យ​ព្រះរាជអាជ្ញា​ប៉ា​រ៉ា​ហ្គា​យ បាន​និយាយ​ថា ក្មេង​ស្រី​ទាំងនោះ បាន​ឆ្លង​ដែន​ពី​ប្រទេស​អា​ហ្ស​ង់​ទី​ន ចូល​ទៅ​ប្រទេស​ប៉ា​រ៉ា​ហ្គា​យ កាលពី​ខែវិច្ឆិកា ២០១៩ ។

ករណី​នេះ បាន​ជំរុញ​ឲ្យ​មាន​ជម្លោះ រវាង​ប៉ា​រ៉ា​ហ្គា​យ និង​អា​ហ្ស​ង់​ទី​ន ដែល​ទាមទារ​ឲ្យ​មានការ​ពន្យល់ អំពី​របៀប​ដែល​ក្មេង​ស្រី​ទាំង​ពីរ​ត្រូវ​បាន​គេ​បាញ់​សម្លាប់ ផង​ដែរ ។

ក្រុមប្រឆាំង នៅ​ប៉ា​រ៉ា​ហ្គា​យ ក៏​បាន​រិះគន់ លោក​ប្រធានាធិបតី​ផង​ដែរ ចំពោះ​ការ​ពិពណ៌នា​អំពី​ការ​វាយឆ្មក់​នេះ​ថា​ជា​ភាព “​ជោគជ័យ​” ។

កាលពី​ថ្ងៃអាទិត្យ ទី​៦​កញ្ញា ប្រធាន​ការិយាល័យ​ប្រចាំ​តំបន់ របស់​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស បាន​ជំរុញ ឲ្យ​រដ្ឋាភិបាល​ប៉ា​រ៉ា​ហ្គា​យ ធ្វើការ​ស៊ើបអង្កេត​លើ​ការ​ស្លាប់​របស់​ក្មេង​ស្រី​ទាំងនោះ “​ដោយ​មិន​លំអៀង និង​មិន​ពន្យា​ពេល​” ។

សូម​ជម្រាប​ថា EPP ជា​ក្រុម​ឧទ្ទាម​តូច​មួយ ដែល​សកម្ម​លើ​ការ​ចាប់ជំរិត និង​ការ​សម្លាប់​មនុស្ស​ជា​ច្រើន នៅ​ប៉ា​រ៉ា​ហ្គា​យ ។ ប្រភព​ចំណូល​សំខាន់​មួយ​របស់​ក្រុម​នេះ គឺ​ការ​រត់ពន្ធ​កញ្ឆា និង​ការ​រឹបអូស​ប្រាក់ ពី​អ្នក​ដែល​បាន​ចាប់ពង្រត់ ។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ ក្រុម​ឧទ្ទាម​បាន​ផ្លាស់​ទីលំនៅ ទៅ​តំបន់​ផ្សេង ពី​តំបន់​ដែល​ពួក​គេ​ព្យាយាម​គ្រប់គ្រង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ