ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំសាន្ត

13 ឆ្នាំ មុន

* កំពុង​រង់ចាំ

អ្នក​ជិតខាង​ខ្សឹប​ប្រាប់​បុរស​ស្រពាប់ ស្រពោន​ម្នាក់ ៖
-​បង​ឯង​ដឹង​ទេ ខ្ញុំ​ឃើញ​ប្រពន្ធ​បង​ឯង ដើរ​កៀក​ដៃ​ជាមួយ​អា​មួយ​មាឌធំ ។ ពួក​គេ កៀក​ដៃ​បណ្ដើរគ្នា​ចូល​រោងកុន​…. ។

  • កំពុង​រង់ចាំ
  • អ្នក​ជិតខាង​ខ្សឹប​ប្រាប់​បុរស​ស្រពាប់ ស្រពោន​ម្នាក់ ៖
    -​បង​ឯង​ដឹង​ទេ ខ្ញុំ​ឃើញ​ប្រពន្ធ​បង​ឯង ដើរ​កៀក​ដៃ​ជាមួយ​អា​មួយ​មាឌធំ ។ ពួក​គេ កៀក​ដៃ​បណ្ដើរគ្នា​ចូល​រោងកុន​…. ។
    -​ខ្ញុំ​ដឹង​ហើយ កំពុង​រង់ចាំ​សិន​ហ្នឹង​ណា៎ ។
    -​រង់ចាំ​អី​ទៀត ម៉េច​មិន​សំពង​អា​ចង្រៃ នោះ​តែ​ម្ដង​ទៅ ។
    -​វា​មាឌធំ​ណាស់ ខ្ញុំ​រង់ចាំ​ពេល​ណា​នាង កៀក​ដៃ​បណ្ដើរ​ជាមួយ​ប្រុស​ណា​មាឌតូច​ជាងខ្ញុំ ។ ដល់​ពេល​នោះ​ខ្ញុំ​នឹង​សំពង​វា​ឱ្យ​បង​ឯង មើល ៕

    • ចង់​ឱ្យ​ភ្លៀង​លិច

    ពូ A បណ្ដើរ​កង់​ចូល​ផ្ទះ​ដោយ​លុយ​កាត់ ទឹក​ត្រឹម​ក្បាលជង្គង់ ។ ផ្អែក​កង់​រួច គាត់និយាយ​ជាមួយ​ពូ B ដែល​កំពុង​ឈរ​សើច ៖
    -​ប្រសិនបើ​ទីក្រុង​យើង​លិច​ទឹក​រហូត ប្រហែល​ស្រួល​ជាង ។
    -​បង​ឯង​លុយ​ទឹក​ក​ក្លូ​ក​អ៊ីចឹង​ហើយ​ថា លិច​ទឹក​រហូត​ស្រួល​ជាង​យ៉ាងម៉េច ?
    -​ខ្ញុំ​និយាយ​សំដៅលើ​គ្រោះថ្នាក់ចរាចរណ៍ ។ ព្រឹក​មិ​ញ​ខ្ញុំ​ជិះ​កង់​មួយ​ព្រឹក ឃើញ​គ្រោះថ្នាក់​ចរាចរណ៍​៥​ករណី​សុទ្ធតែ ធ្ងន់​ៗ ករណី​ខ្លះ​ងាប់ ករណី​ខ្លះ​ប្អូន​ងាប់ ។ ប៉ុន្ដែ​ល្ងាច​នេះ​ភ្លៀង​លិច​ផ្លូវ​គ្រប់​ទីកន្លែង ឡាន ម៉ូតូ​រលត់​ម៉ាស៊ីន​ហែ​ៗ ខ្ញុំ​អត់​ជួប​ករណី គ្រោះថ្នាក់​ចរាចរណ៍​សោះ ព្រោះ​ពួក​បើកបរ ដែល​ចង់​តែ​លឿន​ដើម្បី​កុំឱ្យ​រន្ទះបាញ់​នោះ ពុំ​អាច​បើក​លឿន​បាន ៕

    • កិច្ចសន្យា​គឺ​២០​ឆ្នាំ

    លោកនាយក​ក្រុមហ៊ុន​សួរ​អ្នក​មក​សុំ​ធ្វើ ការងារ ៖
    -​កាល​នៅ​កន្លែង​ចាស់ ប្អូន​ឯង​ធ្វើការ​បាន ប៉ុន្មាន​ឆ្នាំ ?
    -​បាទ​, បើ​តាម​កិច្ចសន្យា​គឺ​២០​ឆ្នាំ តែ​ខ្ញុំ ទើបតែ​នៅ​បាន​១០​ឆ្នាំ គេ​ក៏​ឱ្យ​ចេញ​មក​វិញ​។
    -​មក​ពី​ប្រព្រឹត្ដ​កំហុស​អី​បានជា​គេ​ឱ្យ​ចេញ មុន​កិច្ចសន្យា ?
    -​បាទ​, ខ្ញុំ​ខំធ្វើការ​ណាស់ រហូត​ដល់​គេ យល់​ថា​ខ្ញុំ​កែប្រែ​ល្អ ក៏​ដោះ​លែង​ខ្ញុំ​មុន​កំណត់ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ថ្មី​ៗ​នេះ ។

    • ជ្រៅ​ម្ល៉េះ………​ជ្រៅ​ម្ល៉េះ

    កំពុង​អង្គុយ​លើ​កៅអី​ឱ្យ​ពេទ្យ​ពិនិត្យ ធ្មេញ ស្រាប់តែ​អ្នកជំងឺ​ឮ គ្រូពេទ្យ​ស្រែក ឡើង ៖
    -​យី​, ជើងធ្មេញ​នេះ​ដង្កូវ​ស៊ី​ខូង​ជ្រៅ​ម្ល៉េះ​.. ជ្រៅ​ម្ល៉េះ​…
    អ្នកជំងឺ​មួម៉ៅ​ដំឡើង​សំឡេងៈ
    -​ម៉េច​ចាំំ​បាច់​ស្រែក​ដដែល​ៗ ?
    -​អ្នក​ណា​ថា​ស្រែក​ដដែល​ៗ ? ខ្ញុំ​លាន់ មាត់​តែ​ម្ដង​ប៉ុណ្ណោះ តែ​ជើងធ្មេញ​ពុក​ខូង​ជ្រៅ ពេក​ធ្វើ​ឱ្យ​សំឡេង​ខ្ញុំ​រំពង​វិញ​ហ្នឹង​ណា៎​។

    • ហួសពេល​ទៅ​ហើយ

    ស្ដ្រី​ម្នាក់​កំពុង​អាន​កាសែត ស្រាប់តែ​ងាក មក​និយាយ​ជាមួយ​ប្ដី ៖
    -​នែ​បង​, អត្ថបទ​កាសែត​នេះ​និយាយ​ថា ប្រុស​ៗ​ភាគច្រើន ក្លាយជា​មនុស្ស​ឈ្លាសវៃ ក្រោយ​ពេល​មានគ្រួសារ​, បង​យល់​យ៉ាងម៉េចដែរ ?
    ប្ដី​ដកដង្ហើម​វែង ៖
    -​គេ​និយាយ​អត់​ខុស​ទេ ដូច​រូប​បង​នេះ​ជាដើម ប៉ុន្ដែ​គួរ​ឱ្យ​ស្ដាយ ទម្រាំ​ក្លាយជា​មនុស្ស ប្រុស​ឈ្លាសវៃ​វា​ហួសពេល​អស់រលីង​ទៅ ហើយ ។

    • មិន​និយាយ​ខ្លួនឯង

    អ្នកស៊ីឈ្នួល​សម្ដែង​ឈុត​គ្រោះថ្នាក់ និយាយ​ជាមួយ​តួឯក ៖
    -​លោក​មិនបាច់​បារម្ភ​ទេ​, ឱ្យ​តែ​ឈុត​ណា លោក​មិន​ហ៊ាន​សម្ដែង​ខ្លួនឯង ខ្ញុំ​សម្ដែង​ជំនួស បាន​ទាំងអស់ ។
    -​ប្រសើរ​ណាស់​, ដំបូង​បំផុត​សូម​លោក ធ្វើការ​ឱ្យ​ខ្ញុំ​រឿង​មួយ ។
    -​ឈុត​អី ?
    -​អត់​ឈុត​អត់​ឆុង​អី​ទេ​, គឺ​លោក​ទៅ​ផ្ទះ​ខ្ញុំ ជួយ​បកស្រាយ​ប្រាប់​ប្រពន្ធ​ខ្ញុំ​ពី​មូលហេតុ ដែល​យប់មិញ​ខ្ញុំ​អត់​បាន​ត្រឡប់​ទៅ​ផ្ទះ ។
    -​ម៉េច​លោក​មិន​ទៅ​និយាយ​ខ្លួនឯង ?
    -​បើ​ខ្ញុំ​ហ៊ាន​ទៅ ចាំបាច់​ពឹង​លោក​ធ្វើ​អី ?