រាជធានីភ្នំពេញ ៖ ករណីបៀតបៀនផ្លូវភេទ ឬការប្រើប្រាស់ពាក្យអាសគ្រាមមកលើស្ត្រីហាក់មានរូបភាពកើនឡើង រហូតស្ត្រីមួយចំនួនបានចេញមុខលាតត្រដាងនូវអារម្មណ៍ដែលរងនូវការបៀតបៀនផ្លូវភេទតាមរយៈពាក្យសម្តីពីបុរសមួយចំនួន ដែលទង្វើបែបនេះ ត្រូវបានចាត់ទុកជាអំពើអសីលធម៌ធ្ងន់ធ្ងរ ដែលសង្គមនិងច្បាប់មិនអាចលើកលែងនោះឡើយ ។
ជាក់ស្តែងថ្មីៗនេះ តារាចម្រៀងស្រីវ័យក្មេង ចិត្ត កញ្ចនា បានធ្វើលាតត្រដាងនូវរឿងរ៉ាវដែលរងនូវការបៀតបៀនតាមរយៈពាក្យសម្តី ដែលធ្វើឲ្យរូបនាងមានការភ័យព្រួយពីសុវត្ថិភាពរបស់នាងផង និងបានផ្ញើសារផ្តាំទៅស្ត្រីទាំងពួងឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ។
ការលាតត្រដាងនូវរឿងរ៉ាវ ដែលតារាស្រីរូបនេះចាត់ទុកជាទង្វើបំពានធ្ងន់ធ្ងរនោះ ក៏បានធ្វើឲ្យមហាជនមានការព្រួយបារម្ភយ៉ាងខ្លាំង ក្រោយពីរូបនាងបានចេញវីដេអូរៀបរាប់ពីហេតុការណ៍ ដែលបានឡើងចំពោះរូបនាងទាំងកណ្តាលថ្ងៃ នៅពេលដែលនាងកំពុងតែជិះម៉ូតតាមដងផ្លូវ ។
តារាចម្រៀងស្រីរូបនេះរៀបរាប់រឿងហេតុតាមរយៈវីដេអូឃ្លីបមួយលើបណ្តាញសង្គមរបស់នាងថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០ព្រឹក ថ្ងៃទី ៣ កញ្ញា ឆ្នាំ២០២០ នៅពេលនាងបានជិះម៉ូតូទៅកន្លែងហាត់ប្រាណ នៅត្រង់ចំណុចផ្លូវស្តុបក្ដាន់ពីរ ឆ្ពោះទៅផ្សារដេប៉ូ ដោយមានបុរសវ័យចំណាស់ម្នាក់ប្រហែល ៤០ ឬ ៥០ឆ្នាំ បានព្យាយាមជិះពីក្រោយនាង។
មិនត្រឹមតែប៉ុណ្ណោះ បុរសវ័យចំណាស់ម្នាក់នោះក៏បានប្រើពាក្យសំដីបៀតបៀនក្នុងន័យបំពានលើកេរ្តិ៍ខ្មាស់របស់នាង លក្ខណៈប្រើប្រាស់ពាក្យអាសអាភាសបបួលនាងទៅដេក ដែលជាពាក្យសម្តីប្រមាថលើសេចក្តីថ្លៃថ្នូរបស់មនុស្សស្រី ដែលរូបនាងផ្ទាល់មិនអាចទទួលយកបាន ទើបធ្វើអោយរូបនាងមានការភ័យខ្លាចយ៉ាងខ្លាំង ដែលជួបប្រទះរឿងរ៉ាវដ៏អាក្រក់បែបនេះក្នុងជីវិតបែបនេះ។
យ៉ាងណាមិញ ដោយសារតែមានភាពភ័យខ្លាចខ្លាំង នាងបានព្យាយាមជិះម៉ូតូគេចពីបុរសម្នាក់នោះ សំដៅទៅរកម៉ូតូអ្នកដំណើរផ្សេងទៀតដែលបានដឹកមនុស្សស្រីចាស់ទុំ និងបង្អង់ល្បឿនម៉ូតូជិះជិតៗនិងអែបអ្នកដំណើរផ្សេងទៀត ហើយនាងក៏បានផ្តាំផ្ញើអោយមនុស្សស្រីទាំងអស់មានការប្រុងប្រយ័ត្នអោយបានច្រើន ។
ហើយនាងបានបញ្ជាក់ថា រឿងអាក្រក់បែបនេះមិនគួរកើតមាននោះទេ ខណៈដែលរូបនាងមិនបានស្លៀកពាក់អ្វីលេចលើក្រោមហួសហេតុនោះទេ គឺពាក់អាវយឺតនិងខោកីឡាជើងវែង ។ បន្ថែមពីលើនេះ នាងបានផ្ញើសារទៅកាន់បុរសមួយចំនួន ចួរកុំវាយតម្លៃនិងប្រើប្រាស់ពាក្យសម្តីបំពានកេរ្តិ៍លើស្ត្រីជុំវិញការស្លៀកពាក់របស់ស្ត្រី ។
តាមរយៈការចេញវីដេអូរៀបរាប់រឿងរ៉ាវដ៏អាក្រក់បែបនេះ ក៏មានបងប្អូនស្ត្រីជាច្រើនបានចែករំលែកនិងមានអ្នកខ្លះបានលើកឡើងថារូបពួកនាងក៏ធ្លាប់បានពើបប្រទះបញ្ហាស្រដៀងនេះដូចគ្នា ។ខាងក្រោយនេះជាវីដេអូររបស់នាង ដែលបានរៀបរាប់៖
ចែករំលែកព័តមាននេះ