ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យចំនួន3នាក់ត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងធ្វើការចាប់ខ្លួននៅរសៀលថ្ងៃទី 24 ខែកញ្ញាឆ្នាំ 2012 បន្ទាប់ពីបានធ្វើសកម្មភាពបង្ករបួសស្នាមទៅលើស្ត្រីរងគ្រោះមានផ្ទៃពោះ 8 ខែក្នុងហេតុការណ៍ មានជម្លោះក្នុងការធ្វើដំណើរតាមដងផ្លូវ ដែលបានកើតឡើងកាលពីវេលាម៉ោងជាង 10 យប់ថ្ងៃទី 3 ខែកញ្ញា នៅចំណុចមុខធនាគារអេប៊ីអេក្នុងស្រុកកំពង់ត្រឡាច ។
លោកនួន ស៊ីណាត អធិការនគរបាលស្រុកកំពង់ត្រឡាច បានអោយដឹងថា នៅយប់ថ្ងៃកើតហេតុសមត្ថកិច្ច មិនបាននៅកន្លែងកើតហេតុទេ ប៉ុន្តែនៅព្រឹកឡើងថ្ងៃទី 4 ខែកញ្ញា ទើបឃើញខាងភាគីជនរងគ្រោះមកប្តឹងនៅអធិការនគរបាលស្រុក ។ លោកបានបញ្ជាក់ថា តាមការប្រមូលព័ត៌មានពីភាគីទាំងសងខាងបានដឹងថា នៅយប់នោះ មានការបើករថយន្តវ៉ាជែងគ្នា ក្នុងទិសដៅពីភ្នំពេញមកខេត្តកំពង់ឆ្នាំង រវាងភាគីរថយន្តជនរងគ្រោះ និងរថយន្តបង្ក គឺបើកវ៉ាគ្នាចុះឡើងចុះឡើង ។
លុះមកដល់ចំណុចកើតហេតុ ភាគីរថយន្តបង្កបានបើកវ៉ាជែងរថយន្តជនរងគ្រោះហើយក៏បានឈប់ពីមុខ បន្ទាប់មក ភាគីរយន្តបង្កបានចុះមករករឿង រថយន្តជនរងគ្រោះរហូតដល់មានការទាស់សំដីគ្នា ពេលនោះស្ត្រីជាជនរងគ្រោះឈ្មោះ នុតធីតា អាយុ 28 ឆ្នាំ មានទីលំនៅភូមិធ្លករលើង ឃុំក្រាំងស្គារ ស្រុកសាមគ្គីមានជ័យ មានផ្ទៃពោះ 8 ខែ ដែលអង្គុយជិតប្ដីជាអ្នកបើកបរក៏បានចេញមកឈ្លោះជាមួយភាគីបង្ករហូតដល់ភាគីបង្ករប្រើហិង្សាទៅលើស្ត្រីរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់ និងបានវ៉ៃកញ្ចក់ឡានជនជនរងគ្រោះបែកខាងឆ្វេងមួយចំហៀងផងដែរ ។
ក្រោយពេលកើតហេតុភាគីបង្កនិងភាគីរងគ្រោះក៏បានបែកគ្នាអស់ទៅសមត្ថកិច្ចទៅមិនទាន់នោះទេ ។ដោយភាគីរងគ្រោះក៏បានដឹកស្ត្រីដែលមានផ្ទៃពោះរងរបួសទៅមន្ទីរពេទ្យឯកជនក្នុងស្រុកកំពង់ត្រឡាច និងបន្តយកទៅមន្ទីរពេទ្យភ្នំពេញបន្តទៀត ។ លោកបានបញ្ជាក់ថាភាគីរងគ្រោះនៅព្រឹកថ្ងៃទី 4 បានមកដាក់ពាក្យបណ្ដឹងនៅអធិការនគរបាលស្រុក កំពង់ត្រឡាច ហើយនៅរសៀលថ្ងៃទី 4 សមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យចំនួន 3 នាក់ក្នុងនោះមាន ១ សេក សុគន្ធី អាយុ 40ឆ្នាំ ២ឈ្មោះ ហ៊ុន ប៉ារីស អាយុ 18 ឆ្នាំនិង 3 ឈ្មោះវ៉ាន់ ផាន់ណា អាយុ 16 ឆ្នាំទាំង 3 នាក់មានទីលំនៅភូមិលាជ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ។
លោកអធិការបានបញ្ជាក់ថាជនសង្ស័យទាំង 3 នាក់បានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តរួចហើយនៅរសៀលថ្ងៃទី 4 ខែកញ្ញានេះ ។ដោយឡែក លោក អៀរ ប៊ុនធឿន អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្ត កំពង់ឆ្នាំង នៅរសៀលថ្ងៃទី 5 នេះបានបញ្ជាក់ថាសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង 3 នាក់ទៅកាន់តុលាការរួចហើយ ៕
ចែករំលែកព័តមាននេះ