ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូស្ត្រាលី​អះអាង​ថា កម្ពុជា និង​ប្រទេស​មួយ​ចំនួន​មាន​សិទ្ធិ​ទទួល​វ៉ាក់សាំង​កូ​វី​ដ​១៩ តាម​រយៈ COVAX AMC

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០២០ ឯកអគ្គរាជទូត​អូស្ត្រាលី​លោក Pablo Kang បាន ឲ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០២០ ឯកអគ្គរាជទូត​អូស្ត្រាលី​លោក Pablo Kang បាន ឲ្យ​ដឹង​ថា ជុំវិញ​បញ្ហា​ជំងឺ​កូ​វី​ដ​១៩ គឺ​ទាមទារ​ឲ្យ​ប្រទេស​នានា​ធ្វើការ​រួម​គ្នា ដើម្បី​កំចាត់​វីរុស​នេះ​បាន​អស់ ។

ហេតុ​ដូច្នេះ​ហើយ យើង​ត្រូវការ​វ៉ាក់សាំង​ដែល​មាន​សុវត្ថិភាព ប្រសិទ្ធភាព និង​អាច​ទទួល​បាន​សម្រាប់​មនុស្ស​ទាំងអស់​ក្នុង​នោះ​ផង​ដែរ កម្ពុជា និង​ប្រទេស​មួយ​ចំនួន​មាន​សិទ្ធិ​ទទួល​បាន​វ៉ាក់សាំង​កូ​វី​ដ​១៩ តាម​រយៈ​កម្មវិធី​មួយ​ឈ្មោះ​ថា COVAX AMC ។

ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា​ចុះ​ថ្ងៃ​ទី​៤ កញ្ញា បាន​ស្រង់​សម្តី​លោក Pablo Kang ថា «​ការ​ធានា​បាន​នូវ​លទ្ធភាព​ស្មើគ្នា​ក្នុង​ការ​ទទួល​បាន​វ៉ាក់សាំង និង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​អនាគត​របស់​ប្រទេស​កម្ពុជា អូស្ត្រាលី និង​តំបន់​រួម​របស់​យើង នៅ​ពេល​ដែល​រដ្ឋាភិបាល​របស់​យើង​កំពុង​ដោះស្រាយ​ជាមួយនឹង ការ​ស្តារ​សេដ្ឋកិច្ច និង​សង្គម​ឡើង​វិញ​ពី​ជំងឺ​រាតត្បាត​នេះ​» ។

ប្រភព​ដដែល​បាន​បន្ត​ថា កាលពី​ស​ប្តា​ហ៍​មុន រដ្ឋមន្ត្រី​ការ​បរទេស និង​ជា​រដ្ឋមន្ត្រី​កិច្ចការ​នារី​របស់​អូស្ត្រាលី លោកស្រី Marise Payne បាន​ប្រកាស​ផ្តល់​ថវិកា​ចំនួន ៨០ លាន​ដុល្លារ​អូស្ត្រាលី ឧបត្ថម្ភ​សម្រាប់​ការ​ទទួល​បាន​វ៉ាក់សាំង​ប្រកបដោយ​សមធម៌ នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ និង​ប៉ា​ស៊ី​ហ្វិ​ក ។ ការ​វិនិយោគ​នេះ ផ្អែក​លើ​ប្រវត្តិ​រឹង​មាំ​របស់​អូស្ត្រាលី​ក្នុង​ការ​តស៊ូ​មតិ ដើម្បី​ធានា​បាន​ផលប្រយោជន៍​សន្តិសុខ​សុខមាលភាព របស់​បណ្តា​ប្រទេស​នានា ក្នុង​តំបន់​របស់​យើង ជា​អាទិភាព​តាម​រយៈ​តួនាទី​របស់​យើង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល Gavi ។

ថវិកា​ចំនួន ៨០ លាន​ដុល្លារ​អូស្ត្រាលី​នេះ នឹង​ធានា​ថា​សម្ព័ន្ធ Gavi COVAX Facility Advance Market Commitment (COVAX AMC) មាន​ថវិកា​ដែល​ខ្លួន​ត្រូវការ​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​លទ្ធភាព​ទទួល​បាន​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩ ដែល​មាន​ប្រសិទ្ធិ​ភាព និង​មាន​តម្លៃ​សមរម្យ សម្រាប់​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍ និង​ប៉ា​ស៊ី​ហ្វិ​ក​។ «​គោលដៅ​របស់​យើង​គឺ ប្រមូល​វ៉ាក់សាំង​ចំនួន​មួយ​ពាន់​លាន​ដូ​ស សំរាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍ ត្រឹម​ចុងឆ្នាំ ២០២១ ដើម្បី​ដោះស្រាយ​ដំណាក់កាល​ធ្ងន់ធ្ងរ​នៃ​ជំងឺ​រាតត្បាត​នេះ​។ ការ​ប្រកាស​ថវិកា​ចំនួន ៨០ លាន​ដុល្លារ​អូស្ត្រាលី​នេះ គឺ​សម្រាប់​តំបន់​របស់​យើង​។ វា​ជួយ​បន្ថែម​លើ​ថវិកា​ចំនួន ៥០ លាន​ដុល្លារ​អូស្ត្រាលី ដែល​ជា​ការ​វិនិយោគ​រយៈពេល ៥ ឆ្នាំ​ក្នុង​ប្រព័ន្ធ​សុខាភិបាល​នៅ​កម្ពុជា ក្នុង​នាម​ជា​ដៃគូ​អន្តរជាតិ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​គម្រោង​លើកកម្ពស់​សមធម៌​និង​គុណភាព​សុខាភិបាល H-EQIP» ។

នេះ​ជា​ការ​លើក​ឡើង​របស់​ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា​។ លោក​បាន​បន្ត​ថា វា​ជា​ការ​ពិត នៅ​ពេល​ដែល​និយាយ​ពី​ការ​រីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​នេះ យើង​ទាំងអស់​គ្នា​នៅ​ក្នុង​នេះ​ជាមួយ – ហើយ​ក្នុង​នាម​ជា​ប្រទេស​ជិតខាង កិច្ច​សហប្រតិបត្តិការ​ជិត​ស្និទ្ធ​រវាង​អូស្ត្រាលី និង​កម្ពុជា ពេល​នេះ​មាន​សារៈសំខាន់​ជាង​ពេល​ណា​ៗ​ទាំងអស់​ ។

ឯកអគ្គរាជទូត​អូស្ត្រាលី បាន​បន្ត​ថា «​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​របស់​យើង ឥឡូវនេះ មាន​សិទ្ធិ​ទទួល​បាន​វ៉ាក់សាំង​តាម​រយៈ COVAX AMC រួម​មាន ឥណ្ឌូ​នេ​ស៊ី ទី​ម័​រ​ខាងកើត កម្ពុជា ឡាវ មី​យ៉ា​ន់​ម៉ា ហ្វី​លី​ពី​ន និង​វៀតណាម​។ នៅ​ពេល​មាន​វ៉ាក់សាំង​ហើយ យើង​ប្តេជ្ញា​ធានា​ថា COVAX AMC បែងចែក​វ៉ាក់សាំង​ដល់​ប្រទេស​នានា​ដោយ​សមភាព ស្រប​នឹង​ការ​ណែនាំ​ពី​អង្គការ​សុខភាព​ពិភពលោក​។ ដំណើរការ​នេះ​នឹង​មាន​ពីរ​ជំហាន​» ។

ប្រភព​ដដែល​បាន​បន្ត​ថា ទី​មួយ ប្រទេស​ដែល​ចូលរួម​ជាមួយ AMC នឹង​អាច​ទទួល​បាន​វ៉ាក់សាំង​សម្រាប់​អ្នក​ដែល​មាន​ហានិភ័យ​ខ្ពស់ រហូត​ដល់ ២០ ភាគរយ​នៃ​ចំនួន​ប្រជាជន​។ នេះ​គឺជា​ជំហាន​ដ៏​សំខាន់​មួយ ដែល​នឹង​អនុញ្ញាត​ឱ្យ​គេ​ទទួល​បាន​វ៉ាក់សាំង​គ្រប់គ្រាន់ ដើម្បី​ជួយ​ដល់់​ប្រជាជន​សំខាន់​ៗ រួម​ទាំង​បុគ្គលិក​ថែទាំ​សុខភាព និង​ក្រុម​ងាយ​រង​គ្រោះ ដូច​ជា​មនុស្ស​ចាស់​។ ទី​ពីរ បន្ទាប់​ពី​ដំណាក់កាល​ដំបូង​នេះ AMC នឹង​ពង្រីក​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩ ដើម្បី​ផ្តល់​លទ្ធភាព​ដល់​ប្រជាជន​កាន់តែ​ច្រើន​។ AMC នឹង​ដំណើរការ​រហូត​ដល់​មួយ​ទស្ស​វត្ស ដោយ​មានការ​ពិនិត្យ​មើល​ឡើង​វិញ នៅ​ចុងឆ្នាំ ២០២៥ ។

ក្នុង​នាម​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ Gavi ប្រទេស​អូស្ត្រាលី​នឹង​បន្ត​ធ្វើការ​តស៊ូ​មតិ​យ៉ាង​មុតមាំ ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​បំផុត នៅ​ក្រោម COVAX AMC សម្រាប់​តំបន់​របស់​យើង​។ ប្រទេស​ដែល​មាន​សិទ្ធិ រួម​ទាំង​ប្រទេស​កម្ពុជា អាច​បង្ហាញ​ចំណាប់អារម្មណ៍​ក្នុង​ការ​ចូលរួម​ក្នុង AMC ដោយ​ផ្ទាល់​ទៅ​កាន់ Gavi ។ សូម​បញ្ជាក់​ថា ប្រជាជន​កម្ពុជា​ក្រីក្រ​ជាង ២,៤ លាន​នាក់ នៅ​តែ​បន្ត​ទទួល​បានការ​ឧបត្ថម្ភ​ធន​សុខភាព​ដែល​ជា​លទ្ធផល​ពី​គម្រោង H-EQIP ។

ហើយ​គម្រោង H-EQIP ក្រោម​ការ​ដឹកនាំ​របស់​ក្រសួងសុខាភិបាល កំពុង​ជំរុញ​កំណែទម្រង់​គួរ​ឱ្យ​ចាប់អារម្មណ៍ ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​គុណភាព​សេវាកម្ម នៅ​តាម​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ ទូ​ទាំង​ប្រទេស​។ គម្រោង H-EQIP ក៏​បាន​ធ្វើ​ឱ្យ​យើង​ប្រមូល​បាន ថវិកា​អូស្ត្រាលី ចំនួន ១៤ លាន​ដុល្លារ​អូស្ត្រាលី បន្ទាន់​ភ្លាម សម្រាប់​ក្រសួងសុខាភិបាល ដើម្បី​ទិញ​សម្ភារៈ​ចាំបាច់ ដើម្បី​ជួយ​ដល់​ការ​ឆ្លើយ​តប​ទៅ​នឹង​ជំងឺ​កូ​វី​ដ​-១៩ ព្រមទាំង​ការ​ទិញ​រថយន្ត​សង្គ្រោះ​បន្ទាន់​ថ្មី​ចំនួន ២០ គ្រឿង​ដែល​បច្ចុប្បន្ន​បាន​មក​ដល់​ប្រទេស​កម្ពុជា​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ