ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ​កំពុង​ដំណើរការ​ល្អ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ក្រសួងពាណិជ្ជកម្ម​បាន​អះអាង​ដំណើរ​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ បាន​កំឡុង​ដំណើរ​ទៅ​មុខ​ដែល​ទទួលលទ្ធផល​ជា​វិជ្ជមាន ។ កិច្ចចរចា​ជុំ​ទី​២ បាន​ធ្វើការ​ពី​ថ្ងៃ​ទី​៣១ សីហា ដល់​ថ្ងៃ​ទី​៣ កញ្ញា…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ក្រសួងពាណិជ្ជកម្ម​បាន​អះអាង​ដំណើរ​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ បាន​កំឡុង​ដំណើរ​ទៅ​មុខ​ដែល​ទទួលលទ្ធផល​ជា​វិជ្ជមាន ។

កិច្ចចរចា​ជុំ​ទី​២ បាន​ធ្វើការ​ពី​ថ្ងៃ​ទី​៣១ សីហា ដល់​ថ្ងៃ​ទី​៣ កញ្ញា តាម​ប្រព័ន្ធ​វី​ដេ​អូ ហើយ​លទ្ធផល​កិច្ចប្រជុំ​រវាង​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី កម្ពុជា​-​កូរ៉េ ជុំ​ទី​២ មន្ត្រី​ថា មានការ​រីក​ចម្រើន​ទៅ​មុខគួរ​ឲ្យ​កត់សម្គាល់ ។

លោក ស៊ា​ង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​បាន​ប្រាប់​អ្នកកាសែត​តាម​បណ្តាញ​សង្គម​ថា អ្វី​ដែល​ជា​លទ្ធផល​កិច្ចចរចា​ជុំ​ទី​២​នោះ គឺ​បាន​បញ្ចប់​ជំពូក​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​បាន​ផ្ដល់​ការ​បើក​ច្រក​ទីផ្សារ​ក្នុង​កម្រិត​ផ្សេង​គ្នា គឺ​កម្ពុជា​បើក​ច្រក​ទីផ្សារ​ជូន​កូរ៉េ តូច​ជាង​ទទួល​បាន​ពី​កូរ៉េ ។

រីឯ​ជំពូក​ផ្សេង​ទៀត ក្នុង​សេចក្ដី​ព្រាង​កិច្ចព្រមព្រៀង​មានការ​ឯកភាព (​គិត​ជា​ភាគរយ​) ក្នុង​កម្រិត​ផ្សេង​ៗ​គ្នា​ជំពូក​ខ្លះ​ក៏​មានការ​ឯកភាព​គ្នា​ច្រើន​ជំពូក​ខ្លះ​ក៏​តិច ។ មន្ត្រី​បាន​បញ្ជាក់​ថា ក្រុមការងារ​បច្ចេកទេស​បាន​ពិភាក្សា​គ្នា​លើ​សេចក្ដី​ព្រាង​ផែនការ​ការងារ​សំដៅ​បញ្ចប់​ការ​ចរចា​នៅ​ចុងឆ្នាំ​២០២០​នេះ ។ ជុំ​ចរចា​ទី​៣ នឹង​ធ្វើ​នៅ​ចុងខែ​កញ្ញា ២០២០ ខាង​មុខ​នេះ ។

លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​លោក​ជំទាវ យូ ម្យូ​ង​ហ៊ី (YOO Myung-Hee) រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កូរ៉េ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​វី​ដេ​អូ (Video Conference) ។

រដ្ឋាភិបាល​កម្ពុជា និង​កូរ៉េ​ខាងត្បូង​បាន​ផ្ដើម​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី​៩ កក្កដា ។ ក្រសួងពាណិជ្ជកម្ម​ធ្លាប់​បាន​បញ្ជាក់​ថា «​ការ​សិក្សា​បាន​បង្ហាញ​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ នឹង​អាច​ជា​កាតាលីករ​ជួយ​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច និង​នយោបាយ បង្កើន​ទំហំ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ បង្កើន​ផលិតផល​ក្នុងស្រុក​សរុប​(GDP) ផ្តល់​ផលប្រយោជន៍​ដល់​អ្នក​ប្រើប្រាស់​ក៏​ដូច​ជា ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ស្ថាប័ន​នៃ​ប្រទេស​ទាំង​ពីរ​» ។

ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​កូរ៉េ ក្នុង​ឆ្នាំ​២០១៩ មាន​ប្រមាណ ១,០៣២ លាន​ដុល្លា​អា​មេ​រិ​ក ទំហំ​ពាណិជ្ជកម្ម​នេះ បាន​កើនឡើង​ជិត​២០% បើ​ធៀប​នឹង​ឆ្នាំ​២០១៨ និង​កើនឡើង ២៥៤% បើ​ធៀប​នឹង​ឆ្នាំ​២០០៩ ដែល​មាន​ប្រមាណ ២៩១ លាន​ដុល្លារ​អា​មេ​រិ​ក ។ ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​មានការ​កើន​ឡើងជា​មធ្យម​ប្រមាណ​១៥%​ក្នុង​មួយ​ឆ្នាំ ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយ​នេះ ។

ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​ថា ក្រៅពី​ប្រទេស​ចិន និង​កូរ៉េ​ខាងត្បូង កម្ពុជា គ្រោង​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ជាមួយ​ប្រទេស​ធំ​ៗ​ជា​ច្រើន​ទៀត​មាន សហភាព​សេដ្ឋកិច្ច​អឺ​រ៉ា​ស៊ី (EAEU) ជា​អង្គការ​សមាហរណកម្ម​ថ្នាក់​តំបន់​នៅ​អាស៊ី​ខាងលិច អាស៊ី​ខាងកើត និង​អាស៊ី​កណ្តាល​, ប្រទេស​អង់គ្លេស អា​មេ​រិ​ក ជប៉ុន ម៉ុង​ហ្គោ​លី ឥណ្ឌា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ