ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​កសិកម្ម​ស្នើ​ស្វី​ស​ជួយ​កម្ពុជា​លើ​ប្រព័ន្ធ​ស្រោចស្រព ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​កង្វះ​ទឹក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក វេ​ង សា​ខុន បាន​លើក​ឡើង​នូវ​កង្វល់​ធំ​មួយ ពាក់ព័ន្ធ​នឹង​បញ្ហា​កង្វះ​ទឹក…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក វេ​ង សា​ខុន បាន​លើក​ឡើង​នូវ​កង្វល់​ធំ​មួយ ពាក់ព័ន្ធ​នឹង​បញ្ហា​កង្វះ​ទឹក និង​កម្ពស់​ទឹក​នៅ​ទន្លេមេគង្គ មាន​កម្រិត​ទាប​នៅឡើយ ដែល​អាច​ជះ​ឥទ្ធិពល​ដល់​ការងារ​បង្កបង្កើន​ផល​ក្នុងឆ្នាំនេះ​។ ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួង​បាន​ស្នើ​ទៅ​ដល់​ប្រទេស​ស្វី​ស តាម រយៈ​លោក Markus Buerli នាយក​ការិយាល័យ​សហប្រតិបត្តិការ​ស្វី​ស និង​ភ្នាក់ងារ​កុងស៊ុល​ស្វី​ស​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ឯ​កិច្ចប្រជុំ​មួយ​នា​រសៀល​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង​។

លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់​ថា រដ្ឋាភិបាល​នៃ​ប្រទេស​ស្វី​ស កន្លង​មក​បាន និង​កំពុង​ផ្តល់​កិច្ច​សហប្រតិបត្តិការ យ៉ាង​ល្អ​ប្រសើរ​ជាមួយ​កម្ពុជា​លើ​គ្រប់​វិស័យ ជា​ពិសេស​វិស័យ​កសិកម្ម​ដោយ​ភាគី​ស្វី​ស បាន​បន្ត​ការ​អនុវត្ត​គម្រោង ប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មាន​ផ្កាយ​រណប​ជា​មូលដ្ឋាន និង​ការ​ធានា​រ៉ាប់រង ដំណាំ​ស្រូវ​ក្នុង​ប្រទេស​កម្ពុជា RIICE តាំងពី​ឆ្នាំ​២០១២​។ ដោយ​ទទួល​បាន​លទ្ធផល​ជា​ផ្លែផ្កា ភាគី​ស្វី​សបាន​បន្ត​ការ​អនុវត្ត​គម្រោង​នេះ​ជាមួយ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដែល​បច្ចុប្បន្ន​នេះ​បាន​ឈាន​ដល់​ជំហាន​ទី​៣ (២០១៩-២០២១) ក្នុង​គោលបំណង​គ្រប់គ្រង គ្រោះ​ធម្មជាតិ​ដែល​ប៉ះពាល់​ដល់​ផលិតកម្ម​ដំណាំ​ស្រូវ និង​ស្វែង​យល់​ព័ត៌មាន​ទិន្នន័យ​មួយ​ចំនួន​ទៀត ដូច​ជា​ផ្ទៃដី​ដាំ​ដុះ​ជាក់ស្តែង ពេលវេលា​ចាប់ផ្តើម​រដូវ​ដាំ​ដុះ​កម្រិត​កំពូល​នៃ​រដូវ​ដាំ​ដុះ ការ​ព្យាករណ៍​ទិន្នផល ពាក់កណ្តាល​រដូវ ការ​ប៉ាន់ស្មាន​ទិន្នផល​ពេល​ប្រមូល​ផល និង​ការ​វាយតម្លៃ​ការ​បាត់បង់​ដោយសារ គ្រោះ​ធម្មជាតិ​។

លោក វេ​ង សា​ខុន បាន​បញ្ជាក់​ថា បច្ចេកវិទ្យា និង​ព័ត៌មាន​ទាំង​អស់នេះ គឺ​មាន​សារៈសំខាន់​ណាស់​សម្រាប់​មន្ត្រី​ជំនាញ​ក្នុង​ការ​ផ្តល់​ទិន្នន័យ​និង​ព័ត៌មាន​ដល់​ប្រជា​កសិករ ហើយ​ពិតជា​ស្រប​តាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​របស់​ក្រសួង​ក្នុង​ការ​ជំរុញ​ការ​អនុវត្ត​ទំនើប​កម្ម​កសិកម្ម យ​ន្តុ​បន​កម្ម​កសិកម្ម ការ​ធ្វើ​កសិកម្ម​ដែល​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ការ​ធ្វើ​ផែនទី​កំណត់​តំបន់​ដាំ​ដុះ ជា​ពិសេស​លើកកម្ពស់​ខ្សែ​ផលិតកម្ម​កសិកម្ម និង​តម្លៃបន្ថែម​។ លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា ហេតុនេះ លោក «​បាន​ស្នើ​ដល់​ភាគី​ស្វី​ស បន្ត​ផ្តល់​កិច្ចសហការ​ដល់​ក្រសួង លើ​ការងារ​ខាងលើ និង​ពិនិត្យ​លទ្ធភាព​ពង្រឹងសមត្ថភាព​មន្ត្រី និង​ប្រជា​កសិករ កសាង​ហេដ្ឋារចនាសម្ព័ន្ធ គាំទ្រ ដូច​ជា​ប្រព័ន្ធ​ស្រោចស្រព​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​កង្វះ​ទឹក​បង្ក​ដោយ​ការ​ប្រែប្រួល​អាកាសធាតុ និង​ជំរុញ​ការ​សិក្សា ស្រាវជ្រាវ​និង​ផលិត​ពូជ​គ្រឹះ ដើម្បី​រួម​គ្នា​អភិវឌ្ឍន៍​វិស័យ​នេះ​ឲ្យ​កាន់តែ​រីក​ចម្រើន ថែម​មួយ​កម្រិត​ទៀត​» ។

លោក Markus Buerli បាន​ថ្លែង​ថា លោក​ក៏​ឯកភាព​ចំពោះ​កង្វល់​របស់ លោក​រដ្ឋមន្ត្រី ពាក់ព័ន្ធ​នឹង​បញ្ហា​កង្វះ​ទឹក និង​កម្ពស់​ទឹក​នៅ​ទន្លេមេគង្គ​មាន​កម្រិត​ទាប​នៅឡើយ ដែល​អាច​ជះ​ឥទ្ធិពល​ដល់​ការងារ​បង្កបង្កើន​ផល​ក្នុងឆ្នាំនេះ​។ ហេតុ​ដូច្នេះ ភាគី​ស្វី​ស​កំពុងធ្វើការ ពិភាក្សា​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​មួយ​ដែល​កំពុង​ប្រតិបត្តិការ​នៅ​កម្ពុជា​ផង​ដែរ ដើម្បី​រៀបចំ​គម្រោង ឧបត្ថម្ភ​រយៈពេល​ខ្លី ផ្តោត​សំខាន់​ទៅ​លើ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ និង​ប្រព័ន្ធ​ស្រោចស្រព ដល់​កសិករ​។

មួយវិញទៀត ដោយ​ពិនិត្យ​ឃើញ​ថា កិច្ច​សហប្រតិបត្តិការ​រវាង​ភាគី​ទាំង​ពីរ ក្នុង​អនុវត្ត​គម្រោង RIICE ទទួល​បាន​លទ្ធផល​យ៉ាង​ល្អ​ប្រសើរ ភាគី​ស្វី​សនឹង​បន្ត​កិច្ច​សហប្រតិបត្តិការ ជាមួយ​ក្រសួង ដោយ​គ្រោង​នឹង​ចុះ​កិច្ចព្រមព្រៀង​លើ​ការ​អនុវត្ត​គម្រោង​មួយ​ផ្សេង​ទៀត ដែល​ជា​គម្រោង​ជំរុញ​ខ្សែ​ច្រវាក់​ផលិតកម្ម​ដំណាំ​សាកវប្បកម្ម ហៅ​ថា​គម្រោង​បន្លែ ផ្លែ​ឈើ​កម្ពុជា CHAIN ជំហាន​ទី​៣ ពី​ខែមករា ឆ្នាំ​២០២១ ដល់ ខែធ្នូ ឆ្នាំ​២០២២ ។ ក្នុង​កិច្ចប្រជុំ​នេះ ភាគី​ទាំង​ពីរ​ក៏​បាន​លើក ប្រធានបទ​មួយ​ចំនួន​ទៀត​មក​ពិភាក្សា​ផង​ដែរ ដូច​ជា​វឌ្ឍនភាព​នៃ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ជលផល និង​ច្បាប់​ព្រៃឈើ​ផង​ដែរ​៕ ដោយ​៖ ស្រី គំនិត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ