រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍ដែលផ្តល់ដោយការិយាល័យអនុព័ន្ធយោធារបស់ ព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងមូស្គូ បានឲ្យដឹងថា សិក្ខាកាមយោធាកម្ពុជា៧រូប ដែលកំពុងសិក្សា នៅសាលាបញ្ជាការជាន់ខ្ពស់ទ័ពអាកាសឆត្រយោង ទីក្រុង Ryazan សហព័ន្ធរុស្ស៊ី បានចំណាត់ថ្នាក់ លេខ៣ ក្នុងចំណោម៧ប្រទេស ក្នុងកម្មវិធីប្រកួតកីឡាយោធាអន្តរជាតិលើកទី៦ International Army’s Game 2020 លើវិញ្ញាសាទ័ពឆត្រយោង ( Airborne platoon)។
សមិទ្ធិផលទាំងនោះ ត្រូវគេរាយការណ៍ថា កើតចេញពីស្មារតីស្រលាញ់ជាតិ មាតុភូមិ និងគោរពវិន័យខ្ពស់ របស់សិក្ខាកាម យោធាកម្ពុជា។ សិក្ខាកាមទាំង៧រូបមាន ១- នាយចំណង់ ថ្លៃ សំរិទ្ធ ជាប្រធានក្រុម, ២- នាយចំណង់ ច័ន្ទ សុវណ្ណតារា, ៣-នាយចំណង់ ខឹម សុខខុម, ៤-នាយចំណង់ មាស ឡាអុល, ៥- នាយចំណង់ អា វិចិត្ត, ៦-នាយចំណង់ រុំ សារ៉ាត និង៧ នាយចំណង់ រឿន សុថុន។
ប្រទេសចូលរួមប្រកួតមានចំនួន១១ប្រទេស គឺរុស្សី, ចិន, អាល់ហ្សេរី, ប៊ែលឡារុស, កម្ពុជា, កុងហ្គោ, ណាមីប៊ី, ស៊ូដង់, ម៉ាលី, តាជីគីស្ថាន និងអេក្វាឌ័រ។ គួររំលឹកជូនថា ការប្រកួតកីឡាកងទ័ពអន្តរជាតិលើកទី៦ ឆ្នាំ២០២០នេះ ត្រូវបានប្រារព្ធពិធីបើកតាំងពី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ និងបញ្ចប់នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០។ នេះជាលើកទីពីរហើយដែល និស្សិតយោធាកម្ពុជាបានចូលរួមប្រកួតប្រជែងដណ្តើមយក លទ្ធផលល្អក្នុងការប្រកួតកីឡាយោធាអន្តរជាតិនេះ៕ ដោយ ៖ សុខ សារ៉ាយ
ចែករំលែកព័តមាននេះ