ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប​ដូនតា​ យំ​រងំ​ស្រណោះ​បុណ្យ​ភ្ជុំបិណ្ឌ

3 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​សម័យកាល​ទំនើប និង​រីក​ចម្រើន​នេះ​បើ​និយាយ​ពី​ចាប​ដូនតា អ្នក​ជំនាន់​ក្រោយ​ភាគច្រើន​ហាក់​មិន​ចាប់អារម្មណ៍​ពី​វា ប៉ុន្តែ​បើ​និយាយ​​ពី ចាស់​ៗ​គ្មាន​អ្នក​ណា​ម្នាក់​មិនដឹង​ពី​សត្វ​ប្រភេទ​នេះ​ទេ ។ តាម​ជំនឿ និង​តាម​ការ​សង្កេត​របស់ ចាស់​ៗ​លើក​ឡើង​ស្រ​ដៀង​គ្នា​ថា ចាប​ដូច​តា​គឺជា​សត្វ​ស្លាប​ម្យ៉ាង​ដូច​ទៅ​នឹង​សត្វ​ស្លាប​ដទៃ​ទៀត​ដែរ…

នៅ​សម័យកាល​ទំនើប និង​រីក​ចម្រើន​នេះ​បើ​និយាយ​ពី​ចាប​ដូនតា អ្នក​ជំនាន់​ក្រោយ​ភាគច្រើន​ហាក់​មិន​ចាប់អារម្មណ៍​ពី​វា ប៉ុន្តែ​បើ​និយាយ​​ពី ចាស់​ៗ​គ្មាន​អ្នក​ណា​ម្នាក់​មិនដឹង​ពី​សត្វ​ប្រភេទ​នេះ​ទេ ។

តាម​ជំនឿ និង​តាម​ការ​សង្កេត​របស់ ចាស់​ៗ​លើក​ឡើង​ស្រ​ដៀង​គ្នា​ថា ចាប​ដូច​តា​គឺជា​សត្វ​ស្លាប​ម្យ៉ាង​ដូច​ទៅ​នឹង​សត្វ​ស្លាប​ដទៃ​ទៀត​ដែរ ប៉ុន្តែ​សត្វ​មួយ​ប្រភេទ​នេះ​តែងតែ​យំ​នៅ​អំឡុង​រដូវ​ភ្ជុំបិណ្ឌ​ដែល​វា​មិន​ខុស​ពី​សត្វ​រៃ​តែងតែ​យំ​ពេល​បុណ្យចូលឆ្នាំ​ខ្មែរ​ទេ ។

រស់នៅ​ក្នុងភូមិ​កោះ​ផុស ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ស្ត្រី​វ័យ​ចំណាស់​ញ៉ែ​ម សុ​ខន មាន​ប្រសាសន៍​ថា តាម​ការ​តំណាល ត​ៗ​មក​សត្វ​ដូច​តា​គឺ​មាន​យូរហើយ ។ គេ​សង្កេត​ឃើញ​វា​តែងតែ​យំ​នៅ​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ ។ ចាប​នេះ​យំ​ដើម្បី​ដាស់តឿន​ដល់​កូនចៅ​ប្រុស​ស្រី​ឱ្យ​បាន​ដឹង​​​ថា ដល់​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ហើយ ដូច្នេះ​ត្រូវ​នាំ​គ្នា​ទៅ​ធ្វើបុណ្យ​ដើម្បី​ឧទ្ទិស​កុសល​ដល់​យាយ​តា ឪពុក​ម្តាយ ញាតកា​ដែល​ចែក​ឋាន​ទៅ​ព្រោះ​មិនដឹង​ពួក​គាត់​កើត​នៅ​ទីណា ។

ចាប​ដូនតា​បើ​តាម​ស្ត្រី​ញ៉ែ​ម សុ​ខន ថា​មាន​ប្រវត្តិ​របស់​វា ហើយ​តាម​ការ​តំណាល ត​ៗ​គ្នា ថា​កាល​ដើម​ឡើយ​ថា​មាន​យាយ និង​ចៅ​រស់នៅ​ជាមួយ​គ្នា ហើយ​ចៅប្រុស​ម្នាក់​នោះ​តែងតែ​ដើរ​បរបាញ់​សត្វ ។ លុះ​ថ្ងៃមួយ​ចៅប្រុស​បាញ់​បាន​សត្វ​ចាប​មួយ​ក្បាល​ក៏​យក​ឱ្យ​យាយ​របស់​ខ្លួន​អាំង​ទុក​បរិភោគ ប៉ុន្តែ​ក្រោយ​ពី​យាយ​អាំង​សត្វ​នោះ​ឆ្អិន សាច់​ក៏​រួម​តូច​ស្វិត​ជាង​សភាព​ដើម ។ ពេល​ចៅប្រុស​ឃើញ​សាច់សត្វ​តូច​ស្វិត​ជាង​មុន ក៏​គិត​ថា​យាយ​របស់​ខ្លួន​ប្រាកដជា​លួច​បរិភោគ ។ ដោយ​ខឹង​ខ្លាំង​គេ​ក៏​សម្លាប់​យាយ​របស់​ខ្លួន​ចោល ។

នៅ​ពេល​ចៅប្រុស​វាយ​លោកយាយ​របស់​ខ្លួន​នោះ គាត់​បាន​ស្រែក ដដែល​ៗ​ថា​«​ស្វិត​ទេ ចៅ​ៗ» ។ ពេល​ដែល​យាយ​នោះ​ស្លាប់​បាន​កើតជា​សត្វ​ចាប​ដូនតា ដូច្នេះ​ហើយ​ទើប​ពេល​វា​យំ​ឮ​សូរ​ស្រ​ដៀង​ពាក្យ​ថា​«​ស្វិត​ទេ​ចៅ​ៗ» ។

លោក​អាចារ្យ​សេង ពេជ្រ​សិលា ទីប្រឹក្សា​ក្រសួង​ធម្មការ និង​សាសនា មាន​ប្រសាសន៍​ថា តាម​តំបន់​ខ្លះ​គេ​ហៅ​ខុស​គ្នា​ចំពោះ​សត្វ​នេះ ប៉ុន្តែ​ជាក់ស្តែង​គេ​ហៅ​«​សត្វ​ដូនតា​»​មិនមែន «​ចាប​​ដូនតា​»​ទេ ។ លោក​អាចារ្យ​មាន​ប្រសាសន៍​ថា​«​សត្វ​នេះ​តែងតែ​យំ​នៅ​ក្នុង​ខែ​មន្ត​សន់​រដូវ តែបើ​ឱ្យ​ប្រែ​តាម​អត្ថន័យ​ផ្សេង គឺ​មិន​មាន​ទេ ហើយ​សត្វ​ប្រភេទ​នេះ​បើ​និយាយ​នៅ​ភ្នំពេញ គឺ​មិន​មាន​ទេ តែ​វា​មាននៅ​តាម​បឹង និង​វាលស្រែ ។ តាម​ជំនឿ ចាស់​ៗ​ពី​ដើម សត្វ​ដូនតា​នេះ​គឺ​វា​យំ​មាន​ន័យ​ថា​«​ដូនតា​យំ​រក​ចំណី​» តែបើ​មាន​ជំនឿ​នឹង​បកស្រាយ​យ៉ាងណា​ផ្សេង​ទៀត​នោះ គឺ​មិន​មាន​ឡើយ ព្រោះ​នេះ​ជា​ការ​តំណាល ត​ៗ​គ្នា​ពី ចាស់​ៗ​បុរាណ​ប៉ុណ្ណោះ​» ។

សត្វ​ចាប​ដូនតា​អាច​ទុកជា​អបិយ​ជំនឿ​មួយទៀត​បន្ទាប់​ពី​បទ​ស្មូត្រ​ទំនួញ​ប្រេត សម្រាប់​ដាស់តឿន​ដល់​មហាជន​ឲ្យ​ភ្ញាក់រលឹក និង​យល់​ដឹង ហើយ​នាំ​គ្នា​ធ្វើបុណ្យ​តាម​ទី​វត្តមាន​អារាម​នានា​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ដើម្បី​ឧទ្ទិស​កុស​ល្យ​ផល​បុណ្យ​ជូន​ជីដូន​ជីតា សាច់សាលោហិត​ដែល​បាន​ចែក​ឋាន​ទៅ ។

បើ​តាម​សៀវភៅ​«​សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​»​ពណ៌នា​ថា​ចាប​ដូនតា​ត្រចៀក​ប្រាក់​គឺជា​ឈ្មោះ​សត្វ​ស្លាប​មួយ​ប្រភេទ ដែល​ឈ្មោល​ប្រភេទ​Galbana មាន​ចំពុះ ថ្ងាស ក និង​ផ្នែក​ពោះ​ពណ៌​លឿង បន្ទូលក្បាល​ខ្មៅ ត្រចៀក​ពណ៌​ប្រាក់ ស្លាប​ពណ៌​ប្រផេះ លាយ​ក្រហម និង​លឿង ។ ចំណែក​ចុង​ខ្នង និង​គូទ ពណ៌​ក្រហម ។ ដោយឡែក​ញី​វិញ មាន​លក្ខណៈ​ស្រ​ដៀង​បក្សី​ឈ្មោល​ដែរ ប៉ុន្តែ​ស្លេក​ជាង​បន្តិច ។

ចំពោះ​ចាប​ដូនតា​ត្រចៀក​ប្រាក់​ប្រភេទ​Cunbaci មាន​ថ្ងាស​ពណ៌​លឿង​ធំ​ជាង ។ ចាប​ដូនតា​ត្រចៀក​ប្រាក់​ប្រភេទ Ricketti​មាន​បំពង់ក​ក្រហម​ក និង​ទ្រូង​ពណ៌​លឿងទុំ ។ តាម​សៀវភៅ​កំណត់​ត្រា​បក្សី​បញ្ជាក់​ថា បក្សី​ប្រភេទ​នេះ​សម្បូរ​រស់នៅ​តាម​ជាយព្រៃ​ស្រោង គុម្ពោត​ព្រៃ ដំណុះ​ព្រៃ​ក្មេង ជាដើម ។

បក្សី​នេះ​ភាគច្រើន​នៅ​ភាគ​ខាងកើត​ប្រទេស​កម្ពុជា ហើយ​បន្ត​ពូជ​ចាប់ពី​ខែកុម្ភៈ ដល់​ខែសីហា ។
ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ខ្មែរ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​៣ កញ្ញា​រហូត​ទី​១៧​ខែកញ្ញា ឆ្នាំ​២០២០ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ