ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃុំខ្លួន​កូនប្រុស​លោក​ឧកញ៉ា ជា​បណ្ដោះអាសន្ន ករណីយក​កាំភ្លើង​AK គំរាម​បុរស​ម្នាក់ជិះ​ម៉ូតូ​

3 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ លោក អិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០២០​នេះ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ឈ្មោះ…

ខេត្តកំពង់ឆ្នាំង ៖ លោក អិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០២០​នេះ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ឈ្មោះ ញឹក ផល ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ពាក់ព័ន្ធ​នឹង​ការ​គំរាម និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់ ក្រោយ​មាន​ជម្លោះ​ពាក្យ​សម្តី​តិចតួច នៅ​តាម​ដងផ្លូវ ។

បើ​តាម​លោក​ឧត្ដមសេនីយ៍ទោ ខូ​វ លី ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បានអោយ​ដឹង​ថា កម្លាំង​សមត្ថកិច្ច តាម​ស្រាវជ្រាវ​ក្នុង​រឿង​នេះ រហូត​ឈាន​ដល់​ការ​ចាប់ខ្លួន​កូនប្រុស​លោក​ឧកញ៉ា​បាន នៅ​វេលា​ម៉ោងជាង​១​រំលង​អា​ធ្រា​តុ ឈាន​ចូល​ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០២០ ពី​បទ កាន់កាប់​ដឹក​ជញ្ជូន​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត និង​គំរាមកំហែង​ភាគី​ម្ខាង ជា​សាធារណៈ ។ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០២០ នេះ តុលាការខេត្ត​កំពង់ឆ្នាំង ក៏​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន លោក ញ៉ឹ​ក ផល ជា​បណ្ដោះអាសន្ន រង់ចាំ​ការ​សម្រេច​ជា​ថ្មី ។

សូម​រម្លឹក​ថា កូនប្រុស​លោក​ឧកញ៉ា ទាញ​កាំភ្លើង AK គំរាម​បុរស​ម្នាក់​ជិះ​ម៉ូតូ​នៅ​ខេត្តកំពង់ឆ្នាំង នៅ​វេលា​ម៉ោង​៤ និង​៤៥​នាទី រសៀល​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវ​ចូល​ចម្ការ​អំពៅ របស់​ក្រុមហ៊ុន​លោក​ឧកញ៉ា ញ៉ឹ​ក ផ​ន (​ហៅ​កៅ​) ស្ថិត​ក្នុងភូមិ​ថ្នល់កែង ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង មាន​ជម្លោះ​ពាក្យ​សម្តី​គ្នា រវាង​ឈ្មោះ ញឹក ផល អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្នល់កែង ឃុំ​ក្បាលទឹក​ស្រុក​ទឹកផុស ដែល​គេ​ស្គាល់​ថា ជា​កូនប្រុស​របស់​លោក​ឧកញ៉ា ញឹក ផ​ន (​ហៅ​កៅ​) ជាមួយនឹង​ភាគី​ម្ខាង​ទៀត ឈ្មោះ ប្រាក់ សំ​បាន ដែល​ជា​អ្នក​ជិៈ​ម៉ូតូ ។

ក្នុង​ហេតុ​ការ​ជម្លោះ​ពាក្យ​សំដី​នោះ ឈ្មោះ ញឹក ផល បាន​ឈាន​ដល់​ទាញ​យក​កាំភ្លើង​អាកា ពី​ក្នុង​រថយន្ត​ម៉ាក​ម៉ា​ស្តា ពាក់​ស្លាក​លេខ ភ្នំពេញ 2AD.0819 មក​គំរាម​ភាគី​អ្នក​ជិៈ​ម៉ូតូ លើ​ភាគី​អ្នក​ជិៈ​ម៉ូតូ​ឈ្មោះ ប្រាក់ សំ​បាន បាន​ថត​សកម្មភាព​របស់​ឈ្មោះ ញឹក ផល ដែល​បាន​យក​កាំភ្លើង​ពី​ក្នុង​រថយន្ត​មក​គំរាម​ខ្លួន ហើយ​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម ។

យោង​តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ខេត្ត​បាន​ប្រាប់​ឲ្យ​ដឹង​ថា ជន​ឈ្មោះ ញឹក ផល មាន​រហ័ស​នាម ក្នុង​ចំការ​អំពៅ ថា​(០៩) ជា​កូនលោក​ឧកញ៉ា ញឹក ផ​ន ហៅ​កៅ បាន​ឆ្លើយ​បំភ្លឺ​ចំពោះ​មុខ​សមត្ថកិច្ច​ថា «​ខ្លួន​ជា​ជន​ស៊ី​វិល ចំណែក​អាវុធ ដែល​ខ្លួន​បាន​កាន់​នោះ គឺ​រើស​បាន ពេល​ភ្ជួរ​ដី​ក្នុង​ចម្ការ​អំពៅ ! ហើយ​ខ្លួន​ពុំ​មាន​តួនាទី​កាន់​អាវុធ​ឡើយ​» ៕

កូនប្រុស​លោក​ឧកញ៉ា ប្រាប់​ដើមហេតុ មុន​ឈាន​ដល់​ទាញ​កាំភ្លើង​AK គំរាម​បុរស​ជិះ​ម៉ូតូ​(​វី​ដេ​អូ​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ