ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ជ័យ​លា​ភី ​Mascot​ សម្រេច​ក្ដី​ស្រមៃ​ក្រោយ​ទទួល​តំណែង​ទូត​សុច្ឆន្ទៈ​សុ​ី​ហ្គេ​ម​2023

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កីឡាការិនី​តេ​ក្វា​ន់​ដូ WT កម្រិត​ខ្សែក្រវាត់​ខ្មៅ​ពីរ​ដាន់ កញ្ញា លី គី​ម​អាន បាន​បង្ហាញ​អារម្មណ៍​រំភើប​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ក្រោយ​ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​CAMSOC…

រាជធានី​ភ្នំពេញ ៖ កីឡាការិនី​តេ​ក្វា​ន់​ដូ WT កម្រិត​ខ្សែក្រវាត់​ខ្មៅ​ពីរ​ដាន់ កញ្ញា លី គី​ម​អាន បាន​បង្ហាញ​អារម្មណ៍​រំភើប​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ក្រោយ​ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​CAMSOC ជ្រើសរើស​ឲ្យ​ក្លាយជា​ម្ចាស់​ជ័យ​លា​ភី​ក្នុង​ការ​ប្រកួតប្រជែង​គូ​រូប​តុក្កតា​(Mascot)​តំណាង​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ ដែល​មាន​បេក្ខជន​ជា​ច្រើន​រូប​ចូលរួម ។

ក្រៅពី​ទទួល​បាន​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ចំនួន​៥​ពាន់​ដុល្លារ កញ្ញា លី គី​ម​អាន ត្រូវ​បាន CAMSOC តែងតាំង​ឲ្យ​ធ្វើ​ជា​ទូត​សុច្ឆន្ទៈ​ប្រចាំ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ ជា​អ្វី​ដែល​កីឡាការិនី​រូប​នេះ​ស្រមៃ ។ សម្រាប់​តំណែង​ជា​ទូត​សុច្ឆន្ទៈ​នេះ នាង​អាច​ចូល​ទស្សនាការ​ប្រកួត​គ្រប់​ប្រភេទ​កីឡា​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ ។

លើស​ពី​នេះ នាង​អាច​ត្រូវ​បាន CAMSOC បញ្ជូន​ទៅ​ចូល​ទស្សនាការ​ប្រកួត​ស៊ី​ហ្គេ​ម​នៅ​ក្រៅប្រទេស ឬ​ផ្សព្វផ្សាយ​ពី​កីឡា​ស៊ី​ហ្គេ​ម​របស់​កម្ពុជា​ជាដើម ។ និស្សិត​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ស្ថាបត្យកម្ម​រូប​នេះ​ប្តេជ្ញា​ថា នាង​នឹង​ជួយ​ផ្សព្វផ្សាយ​ពី​កីឡា​ស៊ី​ហ្គេ​ម​របស់​កម្ពុជា​ដោយ​រីករាយ បើ​ថ្នាក់ដឹកនាំ CAMSOC ត្រូវការ​។

រូប Mascot ដែល​ជួយ​ឲ្យ​កញ្ញា លី គី​ម​អាន ទទួល​បាន​ជ័យ​លា​ភី គឺ​រូប​សុភា​ទន្សាយ​ពីរ​ដែល​គ្រង​សម្លៀក​បំពាក់​គុន​ល្បុក្កតោ ដែល​ជា​ក្បាច់គុន​របស់​បុព្វបុរស​ខ្មែរ ។ តួអង្គ​ទន្សាយ​ឈ្មោល​ឈ្មោះ បុរី ដៃស្តាំ​កាន់​ភ្លើង​គប់ បង្ហាញ​ពី​ការ​ចាប់ផ្តើម​នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម ខណៈ
តួអង្គ​ទន្សាយ​ញី​ឈ្មោះ រំដួល ដៃ​ទាំង​ពីរ​លើក​សំពះ​ដើម្បី​បង្ហាញ​ពី​ការ​ស្វាគមន៍​ប្រតិភូ គ្រូបង្វឹក និង​អត្ត​ព​លិ​ក​អន្តរជាតិ ដែល​មក​ចូលរួម​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​របស់​កម្ពុជា​។

កីឡាការិនី​តេ​ក្វា​ន់​ដូ WT រូប​នេះ អះអាង​ថា ភាព​ជោគជ័យ​នេះ​មិនមែន​កើតឡើង​ពី​គំនិត
ផ្ទាល់​ខ្លួន​របស់​នាង​តែ​ម្នាក់ឯង​នោះ​ទេ គឺ​មានការ​រួមចំណែក​និង​ផ្តល់​គំនិត​ពី​មិត្តភក្តិ និង​ផ្តល់​កម្លាំងចិត្ត​ពី​ក្រុម​គ្រួសារ ។ នាង​បាន​បន្ថែម​ថា មុន​សម្រេច​ជ្រើសរើស​យក​រូប​នេះ CAMSOC បាន​ឲ្យ​ខ្លួន​កែប្រែ​ជា​ច្រើន​លើក​ច្រើន​សា​ពាក់ព័ន្ធ​សម្លៀក​បំពាក់ និង​កាយវិការ​។

នេះ​ជា​លើក​ទី​១​ហើយ​សម្រាប់​កញ្ញា លី គី​មអាន ដែល​បាន​ទទួល​ជ័យ​លា​ភី​ក្នុង​ការ​ប្រកួត​គូ​រូប ដ្បិត​នាង​មិន​ធ្លាប់​ចូលរួម​ប្រកួត​បែប​នេះ​កន្លង​មក​នោះ​ទេ ។ ប៉ុន្តែ​នាង​ធ្លាប់​ដណ្តើម​បាន​មេដាយ​ថ្នាក់​ជាតិ​ជា​ច្រើន​ក្នុង​ការ​ប្រកួត​កីឡា​តេ​ក្វា​ន់​ដូ WT ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ