ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង់គ្លេស​គ្រោង​បើក​សម្ពោធ​វិមាន​អនុស្សាវរីយ៍​មហា​ត្មះ គ​ន្ធី នៅ​ក្បែរ​រដ្ឋសភា

9 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ថ្ងៃ​ទី​២៣ កុម្ភៈ ២០១៥ ផ្សាយ​ថា រដ្ឋាភិបាល​អង់គ្លេស​ត្រៀម​បើក​សម្ពោធ​វិមាន​អនុស្សាវរីយ៍​រូបសំណាក​លោក​មហា​ត្មះ គ​ន្ធី មហា​វីរបុរស​តស៊ូ​ដើម្បី​ឯករាជ​របស់​ឥណ្ឌា​

សារព័ត៌មាន​បរទេស​កាលពី​ថ្ងៃ​ទី​២៣ កុម្ភៈ ២០១៥ ផ្សាយ​ថា រដ្ឋាភិបាល​អង់គ្លេស​ត្រៀម​បើក​សម្ពោធ​វិមាន​អនុស្សាវរីយ៍​រូបសំណាក​លោក​មហា​ត្មះ គ​ន្ធី មហា​វីរបុរស​តស៊ូ​ដើម្បី​ឯករាជ​របស់​ឥណ្ឌា​នៅ​បរិវេណ​ឧទ្យាន «​ផា​ឡា​មេន សា​ក្វេ​» ទល់មុខ​អគារ​រដ្ឋសភា​ក្នុង​ក្រុង​ឡុ​ង​នា​ខែមីនា ។

រូបសំណាក​របស់​លោក​គ​ន្ធី ស្ថិត​នៅ​ក្បែរ​វិមាន​អនុស្សាវរីយ៍​របស់​លោក​វី​ន​ស្តុ​ន ឈ័​រ​ឈី​ល អតីត​នាយក​រដ្ឋមន្ត្រី​អង់គ្លេស ក្នុង​សម័យ​សង្គ្រាមលោក​លើក​ទី​២ និង​លោក​នេ​ល​សុ​ន​ម៉េ​ន ដឺ​ឡា អតីត​ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង មេដឹកនាំ​ប្រឆាំង​នឹង​ការ​ជាន់ឈ្លី​ជាតិ​សាសន៍ ។ ការ​ប្រកាស​បើក​ជា​ផ្លូវការ​នេះ  កើតឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​អង់គ្លេស​បាន​ទទួល​ប្រាក់​បរិច្ចាគ​ពី​ប្រជាពលរដ្ឋ​ជាង​១​លាន​ផោន ។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​លោក​ដេ​វី​ដ កា​មេ​រ៉ុ​ន នាយក​រដ្ឋមន្ត្រី​អង់គ្លេស បានឱ្យ​ដឹង​ថា លោក​មហា​ត្មះ គ​ន្ធី គឺជា​កម្លាំងចិត្ត​នៅ​ឧទ្យាន ផា​ឡា​ម៉េ​ន សា​ក្វេ  និង​មិន​ត្រឹមតែ​បង្ហាញ​ពីសារ​សំខាន់​ដ៏​មហាសាល​របស់​លោក​ដែល​មាន​ចំពោះ​ប្រទេស​ទាំង​២​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​ទ្រទ្រង់​ពី​មិត្តភាព​រវាង​ប្រទេស​ប្រជាធិបតេយ្យ​ដ៏​យូរលង់ និង​ជា​ប្រទេស​ប្រជាធិបតេយ្យ​ដ៏​ធំ​នៅ​លើ​ពិភពលោក​ផង​ដែរ ។

ក្នុង​ឆ្នាំ​២០១៥​នេះ​ក៏​ត្រូវ​នឹង​គម្រប់​ខួប​១០០​ឆ្នាំ​ចាប់តាំងពី​លោក​មហា​ត្មះ គ​ន្ធី ត្រឡប់​ពី​អាហ្វ្រិក​ខាងត្បូង​ទៅ​ឥណ្ឌា និង​ចាប់ផ្តើម​តស៊ូ​តាម​និន្នាការ​អហិង្សា​រហូត​ធ្វើ​ឱ្យ​ឥណ្ឌា​ទទួល​បាន​ឯករាជ្យ រួច​ផុត​ពី​អាណានិគម​របស់​អង់គ្លេស ៕