ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​​បុរស​អាមេរិក​​ម្នាក់ និង​ស្ត្រី​​​​ខ្មែរ​ម្នាក់​ជួញដូរគ្រឿងញៀន

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នគរ​បាល​ប៉ុស្តិ៍​រដ្ឋបាល​​​ផ្សារ​ថ្មីទី​៣ ​​បានឃាត់ខ្លួន​​ជនសង្ស័យ​​​ជួញដូរ​គ្រឿងញៀន​​​២នាក់​នៅ​ចំណុច​​មុខ​ផ្ទះ​​សំណាក់ញូវ​​​ខាសល ដែលមានទីតាំង​​លេខ​​២៦ ​ភូមិទី​១០ ផ្លូវ​​លេខ​៥១ សង្កាត់ផ្សារ​​ថ្មីទី​៣ ខណ្ឌ​ដូនពេញ កាល​ពី​វេលាម៉ោង​​​​៣​និង​​២០​នាទីទៀប​ភ្លឺ​ថ្ងៃទី​​​២១ មីនា ​២០១១ ​បន្ទាប់​​ពីរក​ឃើញ​​​​​គ្រឿងញៀន ។

មន្ត្រីនគរបាល​​ប៉ុស្តិ៍​រដ្ឋបាល​​​ផ្សារ​ថ្មីទី​៣ បាន​និយាយ​ថា ​ជនសង្ស័យជួញដូរ​​គ្រឿងញៀន​​​ដែល​ឃាត់ខ្លួន​​​ ១-​ឈ្មោះ​​ HOWARD ANDREWJ ហៅអេនឌី ​ភេទប្រុស អាយុ​​៤៦​ឆ្នាំ ​ជនជាតិអាេមរិក ស្នាក់នៅ​​ និង​​មុខ​របរ​មិន​ពិត​ប្រាកដ និង​​២­-​ឈ្មោះ​ឆេង ​សុខ​លក្ខិណា ភេទ​ស្រី អាយុ​​២៥​ឆ្នាំ​ ជនជាតិខ្មែរ ស្នាក់នៅ​ផ្ទះជួល ​ផ្លូវលេខ​​​៥ ភូមិ​ដូង សង្កាត់ព្រែក​​​ព្នៅ ខណ្ឌសែន​សុខ ។ ដក​ហូត​បាន​​​ថ្នាំញៀន​​ប្រភេទ​​ក្រាម​ ពណ៌​សថ្លា (ម៉ាទឹកកក) ចំនួន​​២​កញ្ចប់​​​តូច និង​សំភារ​​​សម្រាប់​ប្រើប្រាស់​គ្រឿង​ញៀន​​មួយ​ចំនួន​​ ក្រោយ​​ពីធ្វើការ​ឆែកឆេរ​​​ក្នុង​បន្ទប់​​​លេខ​១០២ ​ផ្ទះសំណាក់​​ញូវ​ខាសល ​​ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ថ្មីទី​៣ ខណ្ឌ​ដូនពេញ ។​

សមត្ថកិច្ច​​បានបញ្ជាក់​ថា ​កាលពីថ្ងៃទី​​១៤ មីនា ​២០១១ ​វេលាម៉ោង​​​៧​និង​​៣០នាទី​​យប់ កម្លាំង​​នគរបាល​ប៉ុស្តិ៍​រដ្ឋ​បាល​​​ផ្សារ​ថ្មីទី​​៣ បាន​ឃាត់​​ខ្លួន​ស្ត្រី​​​ជនជាតិខ្មែរ​​​​ម្នាក់​ឈ្មោះ​​​ស្រេង ​គន្ធា ​​ភេទស្រី​ អាយុ​​​​២២​ឆ្នាំ ​​ជា​​ស្រីបារ​ ស្នាក់នៅ​សង្កាត់​​​ចាក់អង្រែក្រោម ​ខណ្ឌ​មានជ័យ ​ខណៈ​ពេល​ស្ត្រីនោះ​កំពុងធ្វើ​សកម្ម​ភាពជួញដូរ​គ្រឿង​ញៀន​នៅ​មុខផ្ទះ​​សំណាក់​វ៉ក​អឺបាវ ​ផ្លូវលេខ​៥១ សង្កាត់​ផ្សារ​ថ្មីទី​៣ ខណ្ឌ​ដូនពេញ និង​ឆែក​ឆេរ​​រក​ឃើញគ្រឿងញៀន​ប្រភេទ​ម៉ាទឹកកក​ចំនួន​​​បួន​កញ្ចប់​​​តូច ។​ ស្ត្រីនេះ​បានសារ​ភាព​​ឱ្យសមត្ថកិច្ច​​​ដឹង​ថា គ្រឿងញៀន​​ទាំង​​៤កញ្ចប់​​នោះ​គឺនាង​បាន​ទទួលពីឈ្មោះ HOWARD ANDREWJ ហៅ​​អេនឌី ​និងឈ្មោះ​​ឆេង ​សុខលក្ខិណា នៅ​ក្នុង​បន្ទប់​លេខ​​១០២ ​ផ្ទះសំណាក់​ញូវខាសល ។ ​លុះ​ដល់​​វេលា​ទៀប​​ភ្លឺ​ថ្ងៃទី​​​២១ មីនា ​២០១១ ​កម្លាំង​​នគរ​បាល​ប៉ុស្តិ៍​​រដ្ឋ​បាលផ្សារ​ថ្មីទី​៣ ​ប្រទះ​ឃើញ​ជន​​សង្ស័យ​​​ទាំង​​​២នាក់​ខាងលើ នៅ​​មុខផ្ទះ​សំណាក់​ញូ​វ​ខាសល ​ផ្លូវលេខ​​​៥១ ទើបឃាត់ខ្លួន​​បញ្ជូន​ទៅ​​អធិការ​ដ្ឋាន​​​នគរបាល​ខណ្ឌ​ដូនពេញ ៕​