ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក កឹ​ម សុខា ស្នើ​ឲ្យ​តុលាការ​ទម្លាក់​ការ​​ចោទប្រកាន់​ដើម្បី​មាន​សិទ្ធិ​ធ្វើ​នយោ​​បាយ​ចូលរួម​ដោះស្រាយ​បញ្ហា​ជាតិ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ លោក​កឹ​ម សុខា អតីត​ប្រធាន​អ​តី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ស្នើ​ឲ្យ​តុលាការ​ទម្លាក់​ចោលការ​ចោទប្រកាន់​លើ​រូប​គាត់ ដើម្បី​លោក​មានឱកាស​វិល​មក​ធ្វើ​នយោបាយ ចូលរួម​ដោះស្រាយ​បញ្ហា​ជាតិ បញ្ហា​ជីវភាព​ពលរដ្ឋ ដែល​កំពុង​ជួប​ប្រទះ​ធ្ងន់ធ្ងរ ដោយសារ​វិបត្តិ​កូ​វី​ដ​១៩។…

រាជធានី​ភ្នំពេញ​៖ លោក​កឹ​ម សុខា អតីត​ប្រធាន​អ​តី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ស្នើ​ឲ្យ​តុលាការ​ទម្លាក់​ចោលការ​ចោទប្រកាន់​លើ​រូប​គាត់ ដើម្បី​លោក​មានឱកាស​វិល​មក​ធ្វើ​នយោបាយ ចូលរួម​ដោះស្រាយ​បញ្ហា​ជាតិ បញ្ហា​ជីវភាព​ពលរដ្ឋ ដែល​កំពុង​ជួប​ប្រទះ​ធ្ងន់ធ្ងរ ដោយសារ​វិបត្តិ​កូ​វី​ដ​១៩។

តាម​បណ្តាញ​សង្គម Facebook លោក​កឹ​ម សុខា ដែល​ជាប់ចោទ​ពី​បទ​ក្បត់ជាតិ បាន​លើក​ឡើង
ថា​« ខ្ញុំ​ជឿជាក់​ថា មាន​មតិ​ជាតិ មតិ​អន្តរជាតិ ជា​ពិសេស​សមត្ថកិច្ច ថ្នាក់ដឹកនាំ ក៏​ដូច​ជា​ចៅក្រម​ផង​ដែរ បាន​យល់​និង​ទទួលស្គាល់ ថា​ខ្ញុំ​មិន​មាន​ចេតនា មិន​បាន​ប្រព្រឹត្តិ និង​មិន​គាំទ្រ នូវ​អំពើ​ហិង្សា​ឡើយ​» ។

លោក​បាន​បន្ត​ថា «​ឈរ​លើ​ស្មារតី​ខាងលើ​នេះ រួម​ទាំង​ស្មារតី​ផ្សះផ្សា​ជាតិ បង្រួម​បង្រួម​ជាតិ ខ្ញុំ​សូម​ឲ្យ​តុលាការ​ពិចារណា​ទម្លាក់​ចោល​បទចោទប្រកាន់​មក​លើ​រូប​ខ្ញុំ និង​ផ្តល់​សិទ្ធិ​សេរីភាព​ពេញលេញ ដើម្បី​ឲ្យ​ខ្ញុំ​អាច​បន្ត​ចូលរួម​បម្រើ​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​កាលៈទេសៈ នៃ​ស្ថានភាព​បច្ចុប្បន្ន​នេះ និង​ទៅ​អនាគត​» ។

លោក កឹ​ម សុខា បាន​លើក​ឡើង​ថា រហូត​មក​ដល់​ថ្ងៃនេះ គឺ​០២ ខែកញ្ញា នេះ អស់​រយៈពេល​បី​ឆ្នាំ​ហើយ ដែល​លោក​បាត់បង់​សិទ្ធិ សេរីភាព ពិសេស​សិទ្ធិ​ក្នុង​ការ​ធ្វើ​នយោបាយ ដើម្បី​បម្រើ​ប្រទេស​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​នោះ​។

អតីត​ប្រធាន​គណបក្សប្រឆាំង បន្ត​ថា «​ប្រឈម​នឹង​ស្ថានភាព​ដែល​ពិភពលោក​កំពុង​តែ​ជួប​ប្រទះ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ និង​វិបត្តិ​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ ប្រទេស​ជាតិ​យើង​ត្រូវការ​ជា​ចាំបាច់​នូវ​ការ​បោះ​ជំហាន​វិជ្ជមាន ជា​ជាង​ការ​ជាប់​មន្ទិល​សង្ស័យ​នៃ​ភាព​អវិជ្ជមាន​ណាមួយ​។ កាលៈទេសៈ​នេះ ខ្មែរ​គួរតែ​មានការ​ផ្សះផ្សា​ជាតិ ឯកភាព​ជាតិ ហើយ​ខ្ញុំ​គួរតែ​មាន​សិទ្ធិ​សេរីភាព​ពេញលេញ ដើម្បី​អាច​ចូលរួម​បម្រើ​ជាតិ​មាតុភូមិ និង​ប្រជាពលរដ្ឋ​ខ្មែរ​យើង ជា​ពិសេស​ចូលរួម​រក​ដំណោះ​ស្រាយ​ទៅ​លើ​បញ្ហា​ប្រឈម​ដ៏​សំខាន់​បំផុត គឺ «​ជីវភាព​ប្រជាពលរដ្ឋ​ខ្មែរ​» ដែល​នឹង​ត្រូវ​រង​ផល​ប៉ះពាល់​ដោយសារ​បញ្ហា​សេដ្ឋកិច្ច​កម្ពុជា​ផ្ទាល់ និង​ឥទ្ធិពល​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​» ។

លោក​កឹ​ម សុខា ត្រូវ​បាន​នគរបាល​ចាប់ខ្លួន កាលពី​ពាក់កណ្ដាល​អា​ធ្រា​ធ​យប់​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០១៧ ក្រោម​បទចោទប្រកាន់ ថា​បាន​ប្រព្រឹត្ត «​អំពើ​ក្បត់ជាតិ​» ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស តែ​លោក​បាន​បដិសេធ​។

នៅ​ក្នុង​សំ​ណេ​រ​របស់​លោក​ក្នុង​ឱកាស​ខូ​ប​បី​ឆ្នាំ នៃ​ការ​ចាប់ខ្លួន លោក កឹ​ម សុខា បាន​លើក​ឡើង
ថា «​ឆ្លង​តាម​សវនាការ​នៅ​តុលាការ​កន្លង​មក មើលឃើញ​ថា មិន​មាន​ភស្តុ​តាង​ដាក់បន្ទុក​ជាក់​លាក់ និង​គ្រប់គ្រាន់ ដែល​អាច​ចោទ​ខ្ញុំ​ថា បាន​ប្រព្រឹត្តិ​បទល្មើស​ដូច​ការ​ចោទប្រកាន់​នោះ​ទេ ហើយ​​ក្នុង​នោះ ខ្ញុំ​ក៏​បាន​បញ្ជាក់​យ៉ាង​ច្បាស់ លាស់ និង​បង្ហាញ​សព្វគ្រប់​ហើយ​ថា ទាំង​កន្លង​មក បច្ចុប្បន្ន និង​ទៅ​អនាគត ខ្ញុំ​មិន​មាន​ចេតនា មិន​បាន​ប្រព្រឹត្តិ និង​មិន​គាំទ្រ នូវ​អំពើ​ទាំងឡាយ​ណា​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​ប្រទេស​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ដាច់ខាត»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ