ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ផ្សារ​ច្បារ​អំពៅ​ជា​ថ្មី ថា​លែង​ចាយ​ក្រដាស​១​ដុល្លារ ២​ដុល្លារ និង​៥​ដុល្លារ (មានវីដេអូ)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល ត​ៗ​គ្នា​ពី​សំណាក់​ក្រុម​អាវ​ករ​លក់ដូរ និង​ក្រុម​អ្នក​ដូរ​លុយ នៅ​ក្នុង​ផ្សារ​ច្បារ​អំពៅ​នា​វេលា​ថ្ងៃ​ទី​១ ដើមខែ​កញ្ញា ឆ្នាំ​២០២០​នេះ​ថា មានការ​ផ្អាក​មិន​ចាយ​ក្រដាសប្រាក់​ដុល្លារ 1$…

រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល ត​ៗ​គ្នា​ពី​សំណាក់​ក្រុម​អាវ​ករ​លក់ដូរ និង​ក្រុម​អ្នក​ដូរ​លុយ នៅ​ក្នុង​ផ្សារ​ច្បារ​អំពៅ​នា​វេលា​ថ្ងៃ​ទី​១ ដើមខែ​កញ្ញា ឆ្នាំ​២០២០​នេះ​ថា មានការ​ផ្អាក​មិន​ចាយ​ក្រដាសប្រាក់​ដុល្លារ 1$ , 2$ និង​ក្រដាស 5$ ដែល​ជា​ការ​ភ្ញាក់ផ្អើល​ឡើង​សារ​ជា​ថ្មី​ម្តងទៀត បន្ទាប់​ពី​ផ្អើល​ខ្លាំង​ដោយសារ​ការ​ភ័ន្ត​ច្រ​លំ​មួយ​សារ កាលពី​កំឡុង​ចុងខែ​ឧសភា កន្លង​ទៅ ។

ជាក់ស្តែង នៅ​វេលា​ព្រឹក​ដើមខែ​កញ្ញា​នេះ បងប្អូន​អាជីវករ​លក់ដូរ​មួយ​ចំនួន​ក្នុង​ផ្សារ ពុំ​ព្រម​ទទួល​ក្រដាសប្រាក់ 1$ , 2$ និង 5$ ពី​បងប្អូន​ពលរដ្ឋ​ដែល​ទៅ​រក​ទិញ​ទំនិញ ឬ​ម្ហូបអាហារ​ក្នុង​ផ្សារ​ឡើយ ដោយ​ក្រុម​អាជីវករ​លើក​ឡើង​ថា ពួក​គេ​ឃើញ​មានការ​ផ្សព្វផ្សាយ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​រដ្ឋ​អោយ​ផ្អាក​ការ​ចាយ​ក្រដាសប្រាក់​ដូច​បាន​រៀប​រ៉ាប់​ខាងលើ ដូច្នេះ​ហើយ​ទើប​ពួក​គេ​មិន​ទទួលយក​អ្នកទិញ​ដូច​គ្នា ។

ចំណែកឯ​បងប្អូន​ជា​អ្នក​ប្រកប​របរ​ដូរ​លក់​វិញ ក៏​ពុំ​ព្រម​ទទួល​ដូរ​ក្រដាស​លុយ​ទាំង​៣​ប្រភេទ​នេះ​ដែរ ពួក​គេ​បញ្ជាក់​ថា បើ​អ្នក​ដូរ​ចង់​ដូរ​ទាន់​តែ​កាត់ទឹក​ខ្ពស់​ទើប​ព្រម​ដូច​អោយ បើ​ពុំ​នេះ​ទេ គឺ​មិន​ដូរ​ឡើយ ។

ជុំវិញ​បញ្ហា​នេះ លោក​គ្រី ហ៊ុ​ច ដែល​ជា​អនុប្រធាន​ផ្សារ​បាន​បញ្ជាក់​ប្រាប់​កោះសន្តិភាព​ថា នា​រសៀល​ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០២០​នេះ​ថា ៖ ក្រោយ​ទទួល​បាន​ព័ត៌មាន​ខាងលើ​នេះ​ហើយ លោក និង​លោក គួ​ច ចំណាន ប្រធាន​ផ្សារ រួម​ជាមួយ​កូនចៅ​ក្រោម​ឱវាទ​បាន​យក​មេក្រូ​ចុះ​ដើរ​ផ្សព្វផ្សាយ​ស្នើរ​អោយ​បងប្អូន​អាជីវក​លក់ដូរ និង​អ្នក​ដូរ​លុយ មេត្តា​ចាយ​លុយ​ទាំងនោះ​ធម្មតា​ទៅ ព្រោះ​រដ្ឋាភិបាល​មិន​មានការ​ណែនាំ​អោយ​ផ្អាក​ការ​ចាយ​ដុល្លារ​ទាំង​៣​ប្រភេទ​ខាងលើ​ឡើយ ហើយ​ស្នើ​បងប្អូន​សូមកុំ​ជឿ​លើ​ការ​ផ្សព្វផ្សាយ​មិន​ពិត និង​មិន​មាន​មូលបទ​អោយ​សោះ ដែល​បាន​បំពុល និង​បង្ក​ជា​ភាព​ចលាចល​ដល់​សង្គម​ជាតិ ។

គួរ​បញ្ជាក់​ថា សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធ្លាប់​បាន​ចេញ​សេចក្តីណែនាំ​មួយ​ដល់​ពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស មេត្តា​កុំ​មានការ​ភ័ន្ត​ច្រ​លំ និង​សូម​ចាយ​លុយ​ដុល្លារ​ក្រដាស 1$ , 2$ និង 5$ ជា​ធម្មតា​ទៅ ព្រោះ​រដ្ឋ​មិន​បាន​ផ្អាក ឬ​ហាម​មិន​ចាយ​លុយ​ទាំង​៣​ប្រភេទ​នេះ​ឡើយ ។ ហើយ​ការ​ផ្អាក​កន្លង​ទៅ វា គឺជា​ការងារ​រវាង​ធនាគារជាតិ ជាមួយនឹង​ធនាគារ​ពាណិជ្ជកម្ម និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួលបញ្ញើរ​ប្រាក់​ប៉ុណ្ណោះ ដោយឡែក​ចំពោះ​ការ​ចាយវាយ​នៅ​ខាងក្រៅ សូម​ចាយវាយ​តាម​ធម្មតា កុំ​មានការ​ភ័យ​ខ្លាច និង​ព្រួយបារម្ភ​អោយ​សោះ ។

សូម​រំលឹក​ថា យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន របស់​ធនាគារជាតិ​នៃ​កម្ពុជា ស្ដី​ពី​កិច្ចប្រជុំ​ពិភាក្សា​អំពី​បញ្ហា​ប្រឈម នៃ​ចរាចរណ៍​ក្រដាសប្រាក់​ដុល្លារ​អា​មេ​រិ​ក​ប្រភេទ ១$ ២$ និង ៥$ នៅ​កម្ពុជា នា​ថ្ងៃ​ទី​២៨ ឧសភា បាន​ឲ្យ​ដឹង​ថា ដោយ​ពិនិត្យ​ឃើញ​ថា ទាំង​ក្នុង​ឃ្លាំង​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ និង​ធនាគារជាតិ​នៃ​កម្ពុជា មានការ​គរ​ជន់​ក្រដាសប្រាក់​ដុល្លារ​អា​មេ​រិ​ក​ប្រភេទ ១$ ២$ និង ៥$ ដែល​នេះ​សរ​បញ្ជាក់​ថា តម្រូវការ​នៃ​ក្រដាសប្រាក់​ទាំងនេះ មាន​កម្រិត​ទាប​ក្នុង​ទីផ្សារ អង្គប្រជុំ​បាន​ឯកភាព​ដាក់​ចេញ នូវ​វិធានការ​មួយ​ចំនួន​ដូច​ខាងក្រោម ៖ ធនាគារជាតិ​នៃ​កម្ពុជា នឹង​ផ្តល់​ពេលវេលា​ចំនួន​៣​ខែ ចាប់ពី​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០២០ ដល់​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២០ ដល់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ដើម្បី​នាំ​យក​ក្រដាសប្រាក់​ដុល្លារ​អា​មេ​រិ​ក​ប្រភេទ ១$ ២$ និង ៥$ មក​ធនាគារជាតិ​នៃ​កម្ពុជា ដើម្បី​ដឹក​ជញ្ជូន​ចេញ​ទៅ​ក្រៅប្រទេស ដោយ​ឥត​គិត​កម្រៃ​សេវា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ