ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដា​ណឺម៉ាក​សរ​សើរ​​ពីកិច្ច​ទំនាក់​ទំនង​ល្អជាមួយ​ប្រទេស​កម្ពុជា

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នៅ​ក្រសួង​រៀបចំ​​ដែន​ដី​នគរូប​នីយ​កម្ម​ កាលពីថ្ងៃទី​៣ មីនា បានរៀបចំ​ពិធី​ប្រគល់​-ទទួល​អគារ​ការិយា​ល័យ​​យាន​យន្ត​​ និងសំភារ​បរិក្ខា​រក្នុង​ក្របខណ្ឌ​នៃកម្មវិធី​គ្រប់​គ្រង​ធនធាន​ធម្ម​ជាតិ​ និងទ្រទ្រង់​ជីវ​ភាពរស់នៅ​​ពីឆ្នាំ​២០០៦-២០១០ ក្រោម​អធិបតីភាពលោក​អ៊ឹម ​ឈុន​លឹម រដ្ឋ​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី ​នគរូប​នីយ​កម្ម​ និងសំណង់ និង​លោក Tom Barthel Hansen អគ្គទីប្រឹក្សា​ស្ថាន​ទូត​​ដា​ណឺម៉ាក​ប្រចាំ​នៅ​កម្ពុជា ។

តាម​របាយ​ការណ៍​​របស់លោក​ឌុច វនទីតូ អគ្គ​នាយក​នៃ​អគ្គនាយក​ដ្ឋាន​រៀបចំ​ដែន​ដី និង​នគរូបនីយ​កម្ម​បាន​ឱ្យ​ដឹង​ថា ​ផ្អែក​លើ​​កិច្ចព្រម​ព្រៀង​​រវាង​រាជ​រដ្ឋាភិបាល​កម្ពុជា​​ និង​​រដ្ឋាភិបាល​​នៃ​ប្រទេស​ដាណឺម៉ាក​​ចុះ​ថ្ងៃទី​៣១ កក្កដា ឆ្នាំ​២០០៦ ​និង​អនុ​ស្សរណៈ នៃ​ការ​យោគ​យល់​គ្នា​រវាង​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយ​កម្ម និង​សំណង់ និងស្ថាន​ទូត​ដា​ណឺ​ម៉ាក​ប្រចាំ​​រា​ជ​ធានី​ភ្នំពេញចុះ​ថ្ងៃទី១២ ​តុលា ​ឆ្នាំ ២០០៦ សមាស​ភាព​រៀបចំ​ដែនដី​នៃកម្ម​វិធី​​គ្រប់​គ្រង​ធន​ធាន​ធម្ម​ជាតិ និង​ទ្រទ្រង់​​ជីវ​ភាព​រស់នៅ​​គាំទ្រ​ដោយ Dania /Dfid/NZAid បាន​ចាប់​ផ្តើម​អនុ​វត្ត​ការ​ងារ​ដោយ​អគ្គ​នាយក​ដ្ឋានរៀប​ចំ​ដែន​ដី និង​នគរូបនីយ​កម្ម​ពីថ្ងៃទី១៩ មេសា ឆ្នាំ ២០០៧​និងបញ្ចប់​​​នៅថ្ងៃទី៣១ ធ្នូ ឆ្នាំ​២០១០។ ​សមាស​ភាពរៀបចំ​ដែនដី អនុវត្ត​ការ​ងារ​គ្រប​ដណ្តប់លើ​ខេត្ត​​គោលដៅ​ចំនួន១១ គឺខេត្ត​កំពត​ កែប​ ព្រះសីហនុ ​កោះ​កុង កំពង់ស្ពឺ កំពង់ចាម ​ក្រចេះ មណ្ឌលគិរី​ រតនគិរី សៀមរាប និង​ខេត្ត​​ពោធិ៍​សាត់ ។

លោក Tom Barthel Hansen បានថ្លែងថា ​ពិធី​​ប្រគល់​-ទទួល​នេះ ជា​និមិត្ត​​រូប​នៃ​កិច្ច​​សហ​ប្រតិបត្តិ​ការ​ប្រកប​ដោយជោគជ័យ​​​​រវាង​រដ្ឋា​ភិបាល​របស់​ប្រទេស​ទាំងពីរ ក្នុង​​ការ​ជួយ​ដល់​វិស័យ​ដីធ្លី ពិសេស​​គឺ​ការ​ខិតខំ​​ប្រឹង​ប្រែង​រួមគ្នា​ក្នុង​ការ​ពង្រឹង​អន្តរាគមន៍​​របស់​អគ្គ​​​​នាយក​ដ្ឋាន​រៀបចំ​ដែនដី​ និង​នគរូបនីយ​កម្ម ​ទាំង​នៅ​ថ្នាក់​ជាតិ​​ និងថ្នាក់​ក្រោម​ជាតិ ។

ចាប់​តាំង​ពី​​ឆ្នាំ​២០០៧ ដល់​ឆ្នាំ ២០១០ ​Danida គឺ​ជា​ដៃ​គូ​ដ៏​សកម្ម​មួយក្នុងវិស័យ​​ដីធ្លី រួម​ជាមួយ​ដៃ​គូ​ផ្សេង​ទៀត​មកពី​ប្រទេស​អាល្លឺ​ម៉ង់ ​​កា​ណា​ដា ហ្វាំង​ឡង់ ​​និងធនា​គារ​ពិភព​លោក ។ ក្នុង​អំឡុង​ពេលប៉ុន្មាន​ឆ្នាំនេះ Danida បាន​ចំណាយ​​ថវិកា​ច្រើន​ជាង​៣,៥​លាន​ដុល្លារសហ​រដ្ឋ​អាមេរិក សម្រាប់​​​គាំទ្រ​សកម្ម​ភា​ព​ដែល​ពាក់​ព័ន្ធ​នឹង​​ការអភិវឌ្ឍ​ស្ថាប័ន ​និងសមត្ថ​ភាព ​ធន​ធាន​មនុស្ស និងការ​កសាង​ផែនការ​រៀបចំ​ដែនដី ដែល​រួម​​បញ្ចូល​ទាំង​ការ​រៀប​ចំ​ផែន​ការ​​ប្រើ​ប្រាស់​​​ដី​នៅ​ក្នុង​ឃុំ​-សង្កាត់ ។ ថវិកា​ដែល​ជា​ជំនួយ​ទាំ​ង​នេះ ​បាន​ផ្តល់​ផល​ប្រយោជន៍​​ដល់​ឃុំ-សង្កាត់​លើស​ពី​៧០០​នៅក្នុង​ខេត្ត​គោលដៅ​ចំនួន១៤ ​របស់​កម្មវិធី​ទាំងមូល ។ មួយភាគ​​ធំ​នៃ​ការគាំទ្រ នេះ បានចំណាយ​​នៅថ្នាក់​ក្រោម​ជាតិ ដើម្បី​គាំទ្រ​ដល់​ការ​រៀបចំ​​​ផែន​ការ​នៅថ្នាក់​ឃុំ-សង្កាត់ ​និងការផ្តល់​សេវាកម្ម​នៅថ្នាក់​ខេត្ត ដើម្បី​បង្កើន​ការ​ទទួល​បាន​ព័ត៌​មាន​ និង​ការ​​កែ​លំអ​វិស័យ​រៀប​ចំ​ដែនដី ។

​ភាពស្មុគ​ស្មាញ​នៃបញ្ហា​ដីធ្លី ​មិន​មែន​កើត​មាន​​តែ​ក្នុង​ប្រទេស​កម្ពុជា​ទេ ​តែ​វា​កើតមានក្នុង​ប្រទេស​ជាច្រើន​លើ​សាកល​លោក ។ ​បញ្ហា​ទាំ​ង​នេះ​ត្រូវ​ការ​ពេលវេលា​គ្រប់​គ្រាន់​ ធន​ធាន​មនុស្ស ​​និងហិរញ្ញវត្ថុ និងជំនាញ​​​ច្បាស់​លាស់​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា ដើម្បី​កំណត់​ចក្ខុ​វិស័យ​ជាយុទ្ធ​សាស្ត្រ​​រយៈ​ពេលវែង ​និងផែន​ការ​​សម្រាប់​ប្រើ​ប្រាស់​​ដីទាំងនោះ ។ កម្ពុជា​ទើបតែ​ចាប់​ផ្តើម​បោះ​ជំហាន​​នៅលើ​ផ្លូវ​ដ៏វែង​ឆ្ងាយ​​នេះ ។​ ការ​ចាប់​ផ្តើម ​អនុវត្ត​ការកសាង​ផែន​ការ​ប្រើប្រាស់​​ដីនៅក្នុង​ឃុំ-សង្កាត់ កន្លងមកថ្មីៗនេះ គឺ​ជា​ជំហាន​បឋម​​នៃយុទ្ធ​សាស្ត្រ​ដ៏វែងឆ្ងាយ​នេះ ។​ ជាការ​ចាំ​បាច់ ​ដែលយើង​ត្រូវ​ទទួលស្គាល់​ថា ដី​ធ្លី​ជា​វិស័យ​ចំរុះ​ដែល​ទាម​ទារ​ឱ្យ​មានការ​ចូល​រួម​ពី​អ្នកពាក់​ព័ន្ធ​ជា​ច្រើន​ ហើយ​ក៏​ជា​តំរូវ​​ការសម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​​ជោគ​ជ័យ​​នា​ពេល​អនាគត ​ដែល​ពឹង​​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​ការ​រៀបចំ​ផែនការ​​រៀប​ចំ​ដែន​ដី និង​ការ​ពង្រឹង​ប្រសិទ្ធ​ភាព​នៃការ​អនុវត្ត​​គោលនយោបាយ​ដីធ្លី ។

​ទោះ​បី​ជា​ជួប​ប្រទះ​​ឧបសគ្គ​​ជា​ច្រើន​ក្នុង​បញ្ហា​ដីធ្លី​ក៏​ដោយ ក៏ការ​គាំទ្រ​របស់​​​កម្ម​វិធី​ដល់​អគ្គ​នាយក​ដ្ឋាន​រៀបចំ​ដែនដី​ និងនគរូប​នីយ​កម្ម ​អាចអនុវត្ត​​សម្រេច​បាន​លទ្ធ​ផលសំខាន់ៗ​មួយ​ចំនួន​គួរឱ្យ​កត់សំគាល់​។ ជោគ​ជ័យ​ធំៗ​ដែល​សម្រេច​បាន​មាន ១-​អនុក្រឹត្យស្តី​ពីនីតិវិធីនៃការ​ធ្វើ​ផែន​ការ​ប្រើប្រាស់​ដីនៅ​ក្នុងឃុំ-សង្កាត់ដែល​ត្រូវ​បានអនុម័ត​កាលពីថ្ងៃទី៥ ឧសភា ឆ្នាំ​២០០៩  ២-​ការផ្តល់​​ផែនទី​គ្រប់​ប្រភេទ​​រួម​ទាំង​ផែនទី​​​​ប្រើ​ប្រាស់​ដីលំអិត​ និងសា​មញ្ញក្នុងចំនួន​​លើសពី​៨.០០០​​ផ្ទាំង ដល់អ្នកប្រើប្រាស់​ដី ៣-​ការ​រៀប​ចំ​ និង​ចែកឯក​សារ​បច្ចេក​ទេស​ស្តី​ពីការ​ណែ​នាំ​អនុវត្ត​ក្នុង​ការរៀបចំ​ផែន​ការ​ប្រើប្រាស់​​ដីនៅ​ក្នុងឃុំ​-សង្កាត់​ចំនួន​៦.៤០០​ក្បាល ដល់ក្រសួង​អង្គ​ការ​ក្រៅ​រដ្ឋាភិបាល និង​សហគមន៍​នានា​ ៤-​ការ​ផ្តល់​ការ​គាំទ្រ​បច្ចេកទេស ដល់ថ្នាក់​ជាតិ និងថ្នាក់ក្រោមជាតិ តាមរ​យៈ​​​បណ្តាញ​សេវាទី​ប្រឹក្សា​បច្ចេកទេស​ក្នុង​ប្រទេស ។

លោក​អ៊ឹម ឈុនលឹម បានថ្លែងថា រាជ​រដ្ឋា ភិបាល​ក្រោម​ការ​ដឹកនាំ​ដ៏ខ្ពង់​ខ្ពស់​​របស់សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន ​​នាយក​រដ្ឋ​មន្ត្រី​​នៃព្រះ​រា​ជា​ណាចក្រ​កម្ពុជា​បាន​ផ្តល់​អាទិ​ភាព​ខ្ពស់ដល់​ការ​ងារ​កំណែ​ទំរង់​​កាន់​តែ​ស៊ី​ជម្រៅ​ ​​និងគ្រប់​ជ្រុងជ្រោយ​​លើ​គ្រប់វិស័យ ដែល​ក្នុង​នោះ​​ពាក់ព័ន្ធ​នឹង​ការ​រួមចំណែក​របស់​ក្រសួង​រៀបចំ​​ដែន​ដី នគរូប​នីយកម្ម ​និងសំណង់ ​គឺការ​ងារ​​​កំណែ​ទម្រង់​ដីធ្លី ​ក្នុងគោល​ដៅ​រួមចំណែក​កាត់បន្ថយ​​ភាព​ក្រីក្រ និង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច ​សង្គមប្រកប​ដោយ​ចីរភាព​​។ បណ្តា​កិច្ច​ការ​ជា​អាទិភាព​​នៃកំណែ​ទម្រង់​​ដីធ្លីផ្តោត​ ១-​លើ​ការពង្រឹង​​សុវត្ថិភាពនៃ​ការ​កាន់​កាប់ដីធ្លី ទាំង​ដី​ឯក​ជន និង​ដីរដ្ឋ ​និងដីរបស់​​សហគមន៍​​ជនជាតិ ដើម​ភាគតិច ​តាម​រយៈការចុះ​បញ្ជី​ដីធ្លីជាប្រព័ន្ធ​​ និង​ដាច់​ដោយ​ដុំ ការ​ផ្តល់​ប័ណ្ណកម្ម​សិទ្ធិ​ជូន​ប្រជា​ជន​ ស្ថាប័ន និងសហគមន៍​ជន​ជាតិ​ដើម​ភាគតិច ​ការ​ដាក់​ចេញ​នូវ​វិធាន​ការ​សម​ស្រប ដើម្បី​ទប់ស្កាត់​ការ​ប្រមូល​ដីទុក​ដោយមិន​បាន​ប្រើ​ប្រាស់ ​និងមិន​ផលិត ២-​លើការ​ចូលរួម​លើក​ កម្ពស់​ការ​បង្កើន​ផលិត​ភាព និងពិពិធភា​វូប​នីយ​កម្ម ​សំដៅ​​ធានាគារ​ គ្រប់គ្រង​ ការ​ការពារ និង​ការ​​ប្រើប្រាស់​ និងអភិវឌ្ឍន៍​ដី និងធន​ធានធម្ម​ជាតិ​ក្នុង​​បរិបទនៃ​សេដ្ឋ​កិច្ច​ទីផ្សារ​ឱ្យ​មាន​តម្លា​ភាព​​ សមធម៌ ដោយ​មាន​ការ​ចូលរួម​ពីគ្រប់ភាគី និងសង្គម​ស៊ីវិលដែលពាក់ព័ន្ធ​មាន​ចីរភាព​ និងប្រសិទ្ធភាព និង៣-​លើការ​ពង្រីក​ និង​បែង​ចែកដីធ្លីក្នុង​ក្របខណ្ឌសម្បទានដីសង្គម​កិច្ច​សម្រាប់​ការ​អភិវឌ្ឍ​មូលដ្ឋាន​ និងសម្រាប់​គោល​ដៅ​កំណែទម្រង់​កងកម្លាំង​ប្រដាប់​អាវុធ៕