ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេលនេះ ​វង្ស ណ​យ យ៉ាង​ណាហើយ​ ក្រោយ​​ប្រកាស​ឈប់​ឡើង​រេញ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ កីឡាករ វង្ស ណ​យ ប្រកាស​ជំហរ​ឈប់​ឡើង​រេញ គេ​នៅ​តែ​ឃើញ​លោក​បង្ហាញ​វត្តមាន​ចេញចូល​ក្លិប​ប្រដាល់ ទៅ​លេង​មិត្តភក្តិ​ម្ដងម្កាល​នៅឡើយ​ទេ ដោយ​មាន​ន័យ​ថា…

រាជធានី​ភ្នំពេញ ៖ ក្រោយ កីឡាករ វង្ស ណ​យ ប្រកាស​ជំហរ​ឈប់​ឡើង​រេញ គេ​នៅ​តែ​ឃើញ​លោក​បង្ហាញ​វត្តមាន​ចេញចូល​ក្លិប​ប្រដាល់ ទៅ​លេង​មិត្តភក្តិ​ម្ដងម្កាល​នៅឡើយ​ទេ ដោយ​មាន​ន័យ​ថា នៅ​តែ​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​ប្រដាល់ ដោយ​មិន​ផ្ដាច់ទំនាក់ទំនង​ពី​វិស័យ​នេះ​ទាំងស្រុង​នោះ​ទេ ។ យ៉ាងណាមិញ លោក​នៅ​តែ​ឆ្លើយ​សំណួរ​អ្នកគាំទ្រ​ថា សម្រាប់​ឱកាស​ប្រដាល់​គឺ​មហាជន​នឹង​មានការ​ភ្ញាក់ផ្អើល​នៅ​ថ្ងៃ​ណាមួយ ដោយ​ចង់​សំដៅ​ថា ការ​ប្រកាស
លាឈប់​របស់​លោក​គឺ​អាច​គ្រាន់តែ​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ ធ្វើ​ឱ្យ​វិស័យ​ប្រដាល់​មានការ​ប៉ះពាល់​ប៉ុណ្ណោះ​។

កីឡាករ វង្ស ណ​យ និយាយ​ថា សម្រាប់​ការ​ប្រដាល់​លោក​សុំ​មិន​និយាយ​ថា​នឹង​ឈប់​ជា​រៀង​រហូត​នោះ​ទេ ដោយ​លោក​ស្នើ​ឱ្យ​ចាំ​អ៊ុត​មើល​ក្នុង​ថ្ងៃ​ណាមួយ និង​រង់ចាំ​ឱ្យ​ស្ថានភាព​ប្រដាល់​មាន​ភាព​ប្រសើរ​សិន ។ លោក​ថា នៅ​ក្នុងអំឡុងពេល​នេះ គឺ​លោក​អត់​ចង់​និយាយ​ជាមួយ​ការ​ប្រដាល់​នោះ​ទេ ដោយសារ​តែ​លោក និង​ភរិយា ក៏​មមាញឹក​នឹង​មុខរបរ​លក់​ងៀត​ក្របី ដែល​ភរិយា​របស់​លោក និង​ដៃគូ​សហការ​ធ្វើ​ដោយ​ផ្ទាល់​ដៃ នៅ​លើ​ហ្វេ​ស​ប៊ុ​ក ។

លោ​កថា​មុខរបរ​រាល់ថ្ងៃ កាក់កប​មិន​អន់​ទេ ដោយ​ក្នុង​ថ្ងៃ​ខ្លះ ងៀត​ក្របី​របស់​លោក​ត្រូវ​ដឹក​ខ្លួនឯង​នោះ​ផង ដើម្បី​ទទួល​បាន​ថវិកា​ថ្លៃ​ដឹក​គ្រាន់​ហូប​កាហ្វេ និង​ដើម្បី​កុំឱ្យ​អផ្សុក​។ ម្យ៉ាង​មក​ពី​លោក​យល់​ថា ស្ថានភាព​ប្រដាល់​មិនសូវ​ល្អ​ប្រសើរ ព្រោះតែ​លោក​គ្មាន​គូ​បរទេស​ប្រកួត​ផង និង​យល់​ថា​ស្ថានភាព​នៅ​ក្នុង​ពេល​នេះ គឺ​មាន​តែ​មុខរបរ​តាម​អន​ឡាញ ហើយ​លក់​របស់​ហូប ទើប​អាច​ចិញ្ចឹម​ឆ្នាំង​បាន​ផង ទើប​លោក​ថា លក់​ងៀត​ក្របី​ល្អ​ជាង ព្រោះ​លុយ​ចូល​រាល់ថ្ងៃ ។

នៅ​ក្នុង​ពេល​នេះ​លោក និង​ភរិយា បាន​ជួល​ផ្ទះ​មួយ​កន្លែង​នៅ​ម្ដុំ​ចម្ការ​ដូង ដោយ​ធ្វើ​ងៀត​ក្របី​ផង និង ឡាយ​ដោយ​ផ្ទាល់​មិន​ដែល​លស់​ថ្ងៃ​ផង ។ ខុស​ពី​ពេល​មុន​ដែល​បាន​ប្រកាស​ថា គឺ​បោះបង់​ហើយ​សម្រាប់​អាជីព​ប្រដាល់ លោក​បែរជា​និយាយ​ថា​«​សម្រាប់​បងប្អូន​ដែល​ចង់​ឃើញ​ខ្ញុំ​ប្រដាល់ ចាំ​មើល​សិន ចាំ​រក​ឱកាសល្អ​សិន ហើយ​បងប្អូន​គង់តែ​ដឹង​ទេ ថា​តើ​យ៉ាងម៉េច​សម្រាប់​ការ​ប្រដាល់ ចាំ​ស្ដាប់​មេ​ស៊ីសង​សិន តែ​ឥឡូវ​សុំ​លក់​ងៀត​ក្របី​សិន ព្រោះ​រាល់ថ្ងៃ​កូ​វី​ដ​-១៩​ក៏​មិន​អាច​ឱ្យ​អ្នក​ប្រដាល់​មាន​គូ​បរទេស​ឡើង​ប្រកួត​បាន​ដែរ​»​។

លោក​បន្ត​ទៀត​ថា រាល់ថ្ងៃ​បាន​មុខរបរ​ងៀត​ក្របី​ចិញ្ចឹម​ឆ្នាំង​មួយ លោក​អត់​ភ័យ​ដូច​មុន​ទៀត​ទេ ហើយ​លោក​ក៏​មិន​ខ្មាស​អ្នក​ណា​ដែរ នៅ​ពេល​អ្នកខ្លះ​និយាយ​ថា លោក​គឺជា​កីឡាករ​ល្បីឈ្មោះ តែ​បែរជា​លក់​ងៀត​ក្របី​តាម​ហ្វេ​ស​ប៊ុ​ក និង​ដឹក​ឱ្យ​ភ្ញៀវ​ដោយ​ផ្ទាល់ បើ​ទោះជា​មុខរបរ​នេះ មិន​ចំណេញ​​ច្រើន​ក្ដី ។ លោក​លក់​ត្រឹមតែ​មួយ​គីឡូ​៦៥០០០​រៀល​ប៉ុណ្ណោះ ខណៈ​ដែល​លោក​ប្រកាស​ថា ងៀត​ក្របី​វង្ស​ណ​យ​រាល់ថ្ងៃ គឺ​ហាល​មិន​ទាន់ ដឹក​មិន​ទាន់ និង​ទទួល​បាន​ចំណូល​ច្រើន ស្រប​ពេល​ដែល​កូ​វី​ដ​-១៩​លែង​សូវ​អំណោយផល​ដូច​មុន​សម្រាប់​រក​ប្រាក់ ។

ជាមួយនឹង​ការ​បង្ហាញ​តម្រុយ​ថា ក្រោយ​ចប់​កូ​វី​ដ​-១៩​អ្នកគាំទ្រ​នឹង​ដឹង​ថា លោក​នៅ​ប្រកួត ឬ​ឈប់​ដូច​សន្យា បាន​ធ្វើ​ឱ្យ​គេ​មើលឃើញ​ភ្លាម​ៗ​ថា លោក​ទំនងជា​មិន​ឈប់​ដូច​អ្វី​ដែល​បាន​តាំងចិត្ត​មួយ​ប្រាវ​មុន​នោះ​ទេ គឺ​នឹង​នៅ​តែ​ទទួល​ប្រកួត ដោយសារ​តែ​លោក​ប្រកាស​បែប​នេះ​រាប់​ភ្លេច​មក​ហើយ ប៉ុន្តែ​ចុង​ក្រោយ នៅ​ពេល​មាន​គូ​ល្អ​ប្រកួត ហើយ​បាន​តម្លៃ​ខ្ពស់ គឺ​ទទួល​មិន​ដែល​ប្រកែក​។

គួរ​រំលឹក​ផង​ដែរ​ថា លោក​ធ្លាប់​បាន​ថ្លែង​ប្រាប់​បណ្ដាញសារព័ត៌មាន​ក្នុងស្រុក​ថា លោក​ពិតជា​សម្រេចចិត្ត​លាឈប់​ពី​អាជីព​អ្នក​ប្រដាល់​ពិតប្រាកដ​មែន ដោយ​លោក​លើក​ហេតុផល​ថា ដោយ​សារ​បញ្ហា​ការ​គាំទ្រ​នា​ពេល​ចុង​ក្រោយ​នៅ​មាន​កម្រិត និង​ទី​២ គឺ​ដោយសារ​តែ​ជ្រក់ជ្រិញ​នឹង​ការ​​ជេរ​ប្រមាថ ដែល​ធ្វើ​ឲ្យ​លោក​បាក់ទឹកចិត្ត មិន​អាច​ប្រកប​អាជីព​មួយ​នេះ​បាន​បន្ដ​ទៀត ។

អ្នកលេង​គុន​ខ្មែរ​វ័យ​៣៣​ឆ្នាំ​រូប​នេះ​បាន​ពន្យល់​ថា ការ​សម្រេចចិត្ត​របស់​លោក​គឺជា​រឿង​ច្បាស់​លាស់ ដោយសារ​តែ​លោក​គិត​ថា ការ​គាំទ្រ​គុន​ខ្មែរ​នៅ​មាន​កម្រិត គាំទ្រ​តែ​មាត់ អត់​គាំទ្រ​បែប​ជួយ​ទី​១ ហើយ​ទី​២ ពេល​លោក​វ៉ៃ​ឈ្នះ​អត់​បាន​អី​មក​វិញ​ទេ​បាន​តែ​តម្លៃ តែ​ដល់​ពេល​វ៉ៃ​ចាញ់ គឺ​រង​នូវ​ការ​ជេរ​ប្រមាថ ដែល​លោក​យល់​ថា តើ​មាន​ហេតុផល​អ្វី​ដែល​លោក​ត្រូវ​តស៊ូ​ទៀត ។ លោក​និយាយ​ថា បើ​លោក​តស៊ូ​ទៅ​មុខ ក៏​មិន​បាន​ល្អ​ជាង​ហ្នឹង​នោះ​ដែរ ទើប​លោក​យល់​ថា ដល់​ពេល​ហើយ​ដែល​ត្រូវ​ចាកចេញ ។ លោក​ពន្យល់​ថា ដំបូង​ឡើយ​ចិត្ត​ចង់​វ៉ៃ​ទៀត​ដែរ តែ​ដោយ​តូចចិត្ត​នឹង​មនុស្ស​មួយ​ចំនួន​ចូល​ចិត្ត​ជាន់ពន្លិច និយាយ​រួម​គឺ​លោក​បាក់ទឹកចិត្ត ។ លោក​និយាយ​ថា វ៉ៃ​ឈ្នះ​គេ​ថា​យើង​ឈ្នះ​ដោយសារ​ប៉ះ​អ្នក​អន់ ដល់​យើង​វ៉ៃ​ឈ្នះ​អ្នក​ខ្លាំង​… និយាយ​ទៅ​សម្រាប់​ប្រជាជន​មួយ​ភាគ​តូច គាត់​ចាំតែ​តែ​ជេរ​ទេ​។

កីឡាករ​មាន​ប្រវត្ដិ​ឡើង​សង្វៀន​រាប់រយ​ដង​រូប​នេះ​បាន​បង្ហើប​ថា ទោះ​លាឈប់​ពី​អាជីព​កីឡាករ​មែន តែ​ខ្លួន​ក៏​មិន​ទាន់​សម្រេចចិត្ត​ថា ត្រូវ​ឈប់​ពាក់ព័ន្ធ​នឹង​វិស័យ​មួយ​នេះ​ដែរ ពោល​គឺ​លោក​នឹង​ធ្វើការ​ពិចារណា ប្រសិនបើ​មានការ​ផ្ដល់​ឱកាស​ឲ្យ​លោក​ធ្វើ​ជាម​ន្ដ្រី​បច្ចេកទេស​ក្នុង​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ។ ដោយឡែក​ពាក់ព័ន្ធ​នឹង​អនាគត​កូន​ៗ​លើ​វិ​ថី​ប្រដាល់​គុន​ខ្មែរ​វិញ លោក​បាន​សង្កត់ធ្ងន់​ថា អាស្រ័យ​ទៅ​លើ​ភាព​ជាក់ស្ដែង ។

បើសិន​ថ្ងៃក្រោយ​ទៅ​កីឡាករ​រីក​ចម្រើន អ្នក​រិះគន់​គាត់​មានការ​យល់​ដឹង​ច្រើន បាន​លុយ​ច្រើន​កាន់តែ​សប្បាយចិត្ត តែបើ​បាន​លុយ​តិច លោក​អត់​ទេ អត់​ឲ្យ​កូន​ឈឺ​សាច់​ដូច​លោក​ឡើយ ។ កីឡាករ វង្ស ណ​យ បាន​ប្រកាស​លាឈប់​ពី​អាជីព​គុន​ខ្មែរ​នេះ នៅ​លើ​បណ្ដាញ​សង្គម​ផ្លូវការ​របស់​លោក ដោយ​លោក​សរសេរ​ថា​«​ខ្ញុំ​វ៉ៃ​យូរណាស់​ហើយ ល្បី​តែ​ឈ្មោះ គ្មាន​សល់​អី​ទេ ពេល​នេះ​ខ្ញុំ​អស់កម្លាំង​វ៉ៃ​ទៀត​ហើយ ទើប​ខ្ញុំ​សម្រេចចិត្ត​ឈប់​វ៉ៃ​នៅ​ពេល​នេះ ព្រោះ​ខ្លាច​ពិការ ខាន​បាន​រកស៊ី​ចិញ្ចឹម​កូន​។ បើ​ខ្ញុំ​ពិការ​ទៅ​គ្មាន​អ្នក​ណា​ចិញ្ចឹម​កូន​ខ្ញុំ​ទេ​»​។

ប៉ុន្តែ​ជំហរ​ចុង​ក្រោយ លោក​ក៏​ប្រកាស​រាល់ពេល Live ផង​ដែរ​ថា បើ​មាន​ពេល មានឱកាស គឺ​ការ​ប្រកួត​ជា​ថ្មី នឹង​មាន​ជា​ថ្មី ។ ជាមួយនឹង​ករ​បង្ហើប​នេះ ទើប​គេ​យល់​ថា លោក​ប្រកាស​លើក​មុន​អាច​គ្រាន់តែ​ជា​អារម្មណ៍​មួយ​ឆាវ និង​ដោយសារ​តែ​កូ​វី​ដ​-១៩ មិន​មាន​កីឡាករ​បរទេស​មក​ប្រកួត ដែល​ធ្វើ​ឱ្យ​លោក​ពិបាក​ទាក់ទាញ​ការ​គាំទ្រ និង​មិន​ទទួល​បាន​តម្លៃ​ខ្លួន​ខ្ពស់​តែ​ប៉ុណ្ណោះ​។

យោង​តាម​ប្រវត្តិ កីឡាករ​ពូកែ​វាយ​កែង​នេះ បាន​ចូល​ប្រឡូក​អាជីព​ប្រដាល់​គុន​ខ្មែរ​ដំបូង​នៅ​ឆ្នាំ​២០០៣ បន្ទាប់​មក​លោក​បាន​សាង​កេរ្ដិ៍ឈ្មោះ​ល្បីល្បាញ​កាន់តែ​ខ្លាំង​ឡើង​ៗ រហូត​ត្រូវ​បាន​ផ្គូផ្គង​ឲ្យ​ជួប​កីឡាករ​បរទេស​ជា​បន្ដបន្ទាប់ ក្រោយ​ត្រូវ​បាន​ចាត់ទុកជា​កីឡាករ​កម្រិត A នៅ​កម្ពុជា ។

ហើយ​ដៃគូ​ក្នុងស្រុក ដែល​អ្នកគាំទ្រ​ចង​ចាំ​មិន​ភ្លេច​ពេល​ប៉ះ វង្ស ណ​យមាន​ដូច​ជា កែវ រំ​ចង់​, ឡុ​ង សុ​ភី និង​អតីត​កីឡាករ ឡៅ ស៊ី​ណាត ជាដើម ។ បច្ចុប្បន្ន​មុន​ប្រកាស​ឈប់​ឡើង​សង្វៀន លោក​ក៏​មាន​របរ​លក់​ម្ហូប​តាម Online ដើម្បី​ទ្រទ្រង់​ជីវភាព​ផង​ដែរ​។ យ៉ាងណា​ក៏​ដោយ ការ​ប្រកាស​លាឈប់​របស់​លោក​មិន​ត្រូវ​បាន​អ្នកគាំទ្រ​ទុកចិត្ត​នោះ​ទេ ខណៈ​ដែល​លោក​មិន​មាន​លំនឹង​ការ​ងារ​ណាមួយ​ច្បាស់លាស់​ជំនួស​ឱ្យ​ការ​ប្រដាល់​នា​ពេល​នេះ​។

ម្នាក់​ៗ​យល់​ថា វា​គឺជា​រឿង​សាំ​ហើយ ដោយសារ​តែ​លោក​ប្រកាស​បាន​តែ​ប្រកាស ប៉ុន្តែ​នៅ​ពេល​មហាជន​មានការ​ចាប់អារម្មណ៍ ហើយ​មានការ​ស្នើ​ឱ្យ​លោក​ឡើង​ប្រកួត ក៏​ឃើញ​មុខ​ឡើង​រេញ​ដដែល​ជា​ដដែល ដែល​ពិបាក​ជឿ​ថា តើ​ការ​ប្រកាស​លើក​នេះ អាច​ទុកចិត្ត​បាន ឬ​យ៉ាងណា ហើយ​ទីបំផុត​ការ​ប្រកាស​ជា​ថ្មី​បញ្ជាក់​ថា លោក​អត់​អាច​ធ្វើ​ដូច​ការ​និយាយ​មួយ​ពេល​នោះ​ឡើយ ដ្បិតតែ​មិន​ទាន់​ពិសោធន៍​ដឹង​ថា តើ​លោក​ទទួល​ប្រកួត​ឡើង​វិញ ក្រោយ​ចប់​កូ​វី​ដ​-១៩ ឬ​លក់​ងៀត​ក្របី ឈប់​នឹកនា​មែនទែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ