ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​គយ​រឹត​បន្តឹង​ការ​ជ្រែ​ទំនិញ​គេច​ពន្ធ​តាម​រទេះ​អូស

15 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត​ ៖ ​មន្ត្រី​គយ​ និង​រដ្ឋា​ករ​​ឈរ​ជើង​នៅ​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​​ឱ្យ​ដឹង​ថា ផែន​ការ​​ទប់​ស្កាត់​ការ​លួច​នាំ​ទំនិញ​គេ​ចពន្ធ​ចូល​អនា​ធិប​តេយ្យ​​ធ្វើ​ឱ្យ​​ធ្លុះ​ធ្លាយ​ថវិកា​រដ្ឋ​ គឺ​សមត្ថ​កិច្ច​គយ​​​រឹត​បន្តឹង​ក្រុម​ឈ្មួញ​មួយ​ចំនួន​ដែល​ធ្លាប់​តែ​ជ្រែ​ទំនិញ​គេច​ពន្ធ​តាម​រទេះ​អូស​ចូល​មក​តាម​ច្រក​ប៉ោយ​ប៉ែត​ដោយ​មិន​ឱ្យ​ក្រុម​ឈ្មួញ​​ទាំង​នោះ​ធ្វើ​សកម្ម​ភាព​បាន​ត​ទៅ​ទៀត​ទេ​។

មន្ត្រី​គយ​​ឱ្យ​ដឹងថា កន្លង​មក​កម្មករ​អូស​រទេះ​​បាន​សុំ​ទំនិញ​របស់​ថៅ​កែ​ជ្រែ​យក​​ចំណេញ​ក្បាល​កាក់​។ ពេល​​មក​ដល់​ចំណុច​ច្រក​ប្រមូល​ពន្ធ​ជូន​រដ្ឋ​នោះ កម្មករ​ជ្រែ​​ទំនិញ​​មួយ​ចំនួន​មាន​ចរិត​រឹង​រូស​ ហើយ​បាន​ប្រើ​ពាក្យ​សំដី​ និង​អាកប្បកិរិ​យា​​មិន​គប្បី​មកលើ​មន្ត្រី គយ​ ​ធ្វើឱ្យពិបាក​ដល់​ការ​ប្រមូល​ពន្ធ​ខ្លាំង​ណាស់​ ។ ពេល​នេះ​ជា​វិធាន​ការ​មិន​ឱ្យ​មាន​ការ​ជ្រែ​ទំនិញ​គេច​ពន្ធ​តាម​រទេះ​ទៀតទេ​ គឺ​ឱ្យ​ពួក​គេ​ទាំង​អស់​ចូល​ទៅ​​បង់​ពន្ធ​ជូន​រដ្ឋ​នៅ​ឯ​​ទី​ស្នាក់​ការ​គយ​ ឬ​រដ្ឋា​ករ​ច្រក​ប៉ោយ​ប៉ែត​ឱ្យ​បាន​ត្រឹម​ត្រូវ​។

មន្ត្រី​គយ​​បញ្ជាក់​​ទៀត​ថា មិន​មែន​បិទ​មិន​ឱ្យ​​អូស​យក​ទំនិញ​ចូល​ទេ ប៉ុន្តែ​សុំឱ្យ​ម្ចាស់​ទំនិញ​ចូល​ទៅ​បង់​ពន្ធ​ឱ្យ​បាន​ត្រឹម​ត្រូវ​។ ចំពោះ​ការ​វាយ​តំលៃ​អត្រា​ពន្ធ​លើ​មុខ​ទំនិញ​គេច​ពន្ធ​នីមួយៗ​ គឺ​ចំពោះ​តំលៃ​គិត​ពន្ធ​ចាប់​ពី​៣០០​ដុល្លារ​ចុះ​ក្រោម​គឺ​នៅ​ទី​ស្នាក់​ការ​សាខា​គយ​រដ្ឋា​ករ​ខេត្ត​ទើប​មាន​សិទ្ធិ​វាយ​តំលៃ​អត្រា​ពន្ធ​នេះ​បាន​។ ដូច្នេះ​សូម​ឱ្យ​អាជីវ​ករ​ និង​ឈ្មួញ​ទាំង​អស់​ចូល​បង់​ពន្ធ​ជូន​រដ្ឋ​ឱ្យបាន​ត្រឹម​ត្រូវ​។​

​មន្ត្រី​មួយ​ចំនួន​ដែល​ឈរ​ជើង​​នៅ​មាត់​ច្រក​ប៉ោយ​ប៉ែត​​បង្ហើប​ឱ្យ​ដឹង​ថា ការ​រឹត​បន្តឹង​របស់​មន្ត្រី​គយ​​បែប​នេះ​គឺ​បណ្តាល​មក​ពី​១​សប្តាហ៍មុន​មាន​កម្មករ​ជ្រែ​ទំនិញ​គេច​ពន្ធ​ទាស់​​ពាក្យ​សំដី​ជាមួយ​មន្ត្រី​គយ​​រហូត​ឈាន​ដល់​ប្រើ​អំពើ​ហិង្សា​ផង​ដែរ​ ។ ក្រោយ​ពេល​មាន​វិធាន​ការ​រឹត​បន្តឹង​ឱ្យ​ពួក​កម្មករ​ជ្រែ​ទំនិញ​គេច​ពន្ធ​ត្រូវ​តែ​ចូល​បង់​ពន្ធ​នោះ​ ក្រុម​កម្មករ​ និង​ឈ្មួញ​ជ្រែ​ទំនិញ​​គេច​ពន្ធ​មួយ​ចំនួន​​ត្អូញ​ត្អែរថា «ពួក​គេ​នឹងដាច់​
បាយ»​។

មន្ត្រី​ពាក់​ព័ន្ធ​ដែល​ឈរ​ជើង​នៅ​ច្រក​ទ្វារឱ្យ​​ដឹង​ថា ​មន្ត្រី​គយ​ធ្វើ​បែប​នេះ គឺ​មក​ពី​ពួក​កម្មករ​ និង​អ្នក​ជ្រែ​ទំនិញ​ទាំង​នោះ​មាន​ចរិត​រឹង​រូស​ ដូច្នេះ​មន្ត្រី​គយ​អស់​លទ្ធ​ភាព​ក្នុង​ការ​ប្រមូល​ពន្ធ​ជូន​រដ្ឋ​ទើប​បាន​ជា​រឹត​បន្តឹង​ ។ ​នៅ​ពេល​គេ​រឹត​បន្តឹង​នោះ​ទំនិញ​​ជ្រែ​​អូស​តាម​រទេះ​​ពេល​នេះ​គឺ​ស្ទើរ​តែ​ធ្លាក់​ដល់​កំរិត​សូន្យ​ទៅ​ហើយ​នៅ​ច្រក​ទ្វារ​ប៉ោយ​ប៉ែត​ ៕