ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​រៀប​ការកូន​កំលោះ​សន្លប់​ដោយ​ជំងឺឆ្កួតជ្រូកកូនក្រមុំ​ខឹង​រក​អ្នក​ផ្សេង​មក​រៀប​ការ​ជំនួស​វិញ

9 ឆ្នាំ មុន

BBC របស់​អង់គ្លេស​កាលពី​ពេល ថ្មី​ៗ​នេះ ផ្សាយ​ថា មាន​ភាព​ចលាចល​ក្នុង​ពិធី​រៀប​អាពាហ៍ពិពាហ៍​មួយ​នៅ​ក្រុង​រ៉ា​ម​ពូ​រ៉ា រដ្ឋ​ឧត្តរ​ប្រា​ដេ​ស ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា ដោយសារ​លោក​ជូ​កាល គី​ឈ័​រ

BBC របស់​អង់គ្លេស​កាលពី​ពេល ថ្មី​ៗ​នេះ ផ្សាយ​ថា មាន​ភាព​ចលាចល​ក្នុង​ពិធី​រៀប​អាពាហ៍ពិពាហ៍​មួយ​នៅ​ក្រុង​រ៉ា​ម​ពូ​រ៉ា រដ្ឋ​ឧត្តរ​ប្រា​ដេ​ស ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា ដោយសារ​លោក​ជូ​កាល គី​ឈ័​រ ជា​កូនកំលោះ​អាយុ​២៥​ឆ្នាំ ដួល​សន្លប់​នៅ​ចំពោះ​មុខ​ភ្ញៀវ​ច្រើន​កុះករ ខណៈ​ពេល​កំពុង​បំពាក់​ចិញ្ចៀន​ដល់​កូនក្រមុំ​អុ​ី​ន ធី​រ៉ា​។ អាការ​របស់​កូនកំលោះ​បែប​នេះ​បណ្តាល​មក​ពី​ជំងឺឆ្កួតជ្រូក​ដែល​រូបគេ​លាក់បាំង​កូនក្រមុំ​មិន​ឱ្យ​ដឹង​ពី​មុន​មក ។

ដោយសារ​កូនកំលោះ​មាន​ជំងឺឆ្កួតជ្រូក ហើយ​ដួល​សន្លប់​បែប​នោះ ធ្វើ​ឱ្យ​អាពាហ៍ពិពាហ៍​គ្មាន​កូនកំលោះ ដូច្នេះ​ហើយ​នាង​អីុន ធី​រ៉ា ជា​កូនក្រមុំ​ខឹង​យ៉ាង​ខ្លាំង ។ ដោយ​មិន​អាច​អត់ឱន​ឱ្យ​បាន កូនក្រមុំ​បាន​រក​បុរស​នៅ​លីវ​ធ្វើ​ជា​កូនកំលោះ​ជំនួស គឺ​យក​សាច់ញាតិ​ម្នាក់​របស់​បងថ្លៃ​ធ្វើ​ជា​កូនកំលោះ ហើយ​គេ​ក៏​យល់ព្រម​ភ្លាម ។

លោក​ជូ​កាល គី​ឈ័​រ ក្រោយ​ពី​ធូរស្បើយ​ពី​ជំងឺឆ្កួតជ្រូក​ក៏​ងឿងឆ្ងល់​ព្រោះ​រូបគេ​បាត់​តំណែង​ជា​កូនកំលោះ ។ នៅ​ពេល​ដឹង​ថា នាង​ជា​កូនក្រមុំ​ខឹង​ខ្លួន​ដែល​លាក់បាំង​រឿង​មាន​ជំងឺឆ្កួតជ្រូក ទើប​យក​អ្នក​ផ្សេង​រៀប​ការ​ជំនួស​បែប​នោះ លោក​ជូ​កាល គី​ឈ័​រ ព្យាយាម​ទៅ​សម្របសម្រួល​សុំ​ឱ្យ​នាង​ប្តូរ​ចិត្ត​យោគយល់​ដល់​រូបគេ ព្រោះ​ប្រសិនបើ​មិត្តភក្តិ និង​ក្រុម​គ្រួសារ​ដឹង​ថា គេ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដោយ​គ្មាន​ប្រពន្ធ នោះ​រូបគេ​នឹង​ក្លាយជា​តួអង្គ​កំប្លុកកំប្លែង​និង​អាម៉ាស់​បំផុត។

ទោះបីជា​ខំ​លួងលោម​បែប​ណា​ក៏​ដោយ នារី​ជា​កូនក្រមុំ​មិន​យល់ព្រម​ទេ ដូច្នេះ​ហើយ ជូ​កាល គី​ឈ័​រ ទៅ​ប្តឹង​ប៉ូលិស ប៉ុន្តែ​សមត្ថកិច្ច​មិន​អាច​ជួយ​បាន​ទេ ព្រោះ​ខាង​ស្រី​រៀប​ការ​រួច​ទៅ​ហើយ ។ យល់​ភាព​ជាក់ស្តែង​បែប​នោះ​ទៅ​ហើយ លោក​ជូ​កាល គី​ឈ័​រ ត្រូវ​បង្ខំចិត្ត​ចុះចាញ់​និង​យល់ព្រម​ដក​ពាក្យបណ្តឹង ហើយ​វិល​ទៅ​លំនៅ​ឋាន​វិញ​ទាំង​សោកស្តាយ ៕