ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សព្វ​ផ្សាយ​​វិធាន​ការ​ការ​ពារ​ និង​ទប់​ស្កាត់​​ភ្លើង​ឆេះ​ព្រៃ​នៅ​ស្រុក​បាកាន

15 ឆ្នាំ មុន

ខេត្ត​ពោធិ៍​សាត់ ៖ ដោយសារនៅរដូវប្រាំង​តែង​កើត​​មានភ្លើងឆេះព្រៃលិចទឹក​ជា​រៀងរាល់​ឆ្នាំ​​ធ្វើ​ឲ្យ​បាត់បង់​ជំរកជីវចំរុះ ប្រព័ន្ធអេកូឡូស៊ី ដែន​ព្រៃ​លិចទឹក និងទេសភាពធម្ម​ជាតិព្រៃ​ឈើ​នោះ កាលពីថ្ងៃទី​១៣ មីនា ឆ្នាំ​២០១១ ផ្នែក​រដ្ឋ​បាល​​ជល​ផលរាំងទិលនៃខណ្ឌរដ្ឋបាលជលផល​ពោធិ៍​សាត់​ បានធ្វើពិធីផ្សព្វ​ផ្សាយសេចក្ដីជូន​ដំណឹង​​របស់ក្រសួងកសិកម្មរុក្ខា ប្រមាញ់ និង​នេសាទ ស្ដី​ពីវិធានការ​​ការពារ និងទប់ស្កាត់ភ្លើង​ឆេះ​ព្រៃ​ដល់លោកមេឃុំ មេភូមិ និងប្រធាន​សហ​គមន៍​នេសាទនៅតាមមូលដ្ឋានឲ្យមាន​ការយល់​ដឹង​ចូលរួមការពារនិងទប់ស្កាត់។

លោ​ជិន ចាន់ថន នាយផ្នែករដ្ឋបាល​ជល​ផល​រាំងទិលមានប្រសាសន៍ថា ការធ្វើពិធីផ្សព្វ​ផ្សាយនេះ ជាវិធានការរបស់លោករដ្ឋមន្ត្រី ក៏​ដូច​ជា​​លោកប្រធានរដ្ឋបាលជលផលកម្ពុជា និងលោក​នាយខណ្ឌរដ្ឋបាលជលផលពោធិ៍​សាត់ ដើម្បីធ្វើឲ្យប្រជាពលរដ្ឋយល់ដឹងជួយការពារ និង​ទប់ស្កាត់​ភ្លើងឆេះព្រៃ ទាំងព្រៃភ្នំ និងព្រៃ​លិច​ទឹកជុំវិញបឹងទន្លេសាប។ នៅស្រុកបាកាន ដូច​ជាឃុំស្វាយដូន​កែវ ឃុំអូរតាប៉ោង ឃុំមេទឹក ឃុំបឹងបត់កណ្ដោលនិងឃុំស្នាមព្រះ ដែនព្រៃ​លិច​ទឹកមួយចំនួនមាន​ភ្លើងឆេះព្រៃដែល​បង្ក​ឡើង​ដោយការដុតព្រៃរកសត្វ​ ដុតជញ្រ្ជាំងស្រូវ​ឆេះរាល កាប់ព្រៃដុតរាន​យកដី​ ដាំស្លមិនពន្លត់​​ភ្លើង​មុន​ពេលចាកចេញ​ ភ្លើងកន្ទុយបារី ឬក្មេង​ឃ្វាល​​គោក្របីដុតលេងជាដើម។ បើយើងមិន​មាន​វិធាន​ការ​​ការពារទប់ស្កាត់ទេ សកម្មភាពនេះ នឹង​បន្ត​មាន​ជារៀងរហូត ហើយពួកគេគិតថា ជា​រឿង​ធម្មតា។

លោកជិន ចាន់ថន បញ្ជាក់ថា ការ​រក​អុស​ក្នុង​ដែនព្រៃលិចទឹកបានតែដើម​ឈើងាប់​ៗទេ ហើយអនុញ្ញាតឲ្យដឹកត្រឹមរទេះ​គោ​ក្របី ឬ​កង់-ម៉ូតូប៉ុណ្ណោះ បើដឹក​តាម​រថយន្ត​ ឬគោយន្ត​ចូល​គឺ​ជា​​លក្ខណៈ​ធ្វើ​អាជីវកម្មហើយ។ ទន្ទឹមនឹងនេះ ត្រូវ​បញ្ឈប់ការបូមទឹកបឹង​ដាក់ស្រែដែល​រស់​ស្រូវ​​មួយ​ស្រែពីរស្រែ​ងាប់​ជីវ​ចំរុះមួយបឹង បង្កមហន្ត​រាយអស់ទឹកគោក្របីប៉ះ​ពាល់​ដល់​បរិស្ថាន ហើយ​រូបភាពនេះជាលេសដើម្បីចាប់​ត្រី​តែ​ប៉ុណ្ណោះ។ លោ​ឆាយ មន នាយរងខណ្ឌរដ្ឋ​បាលជល​ផល​ពោធិ៍​សាត់ បានអានសេចក្ដីជូនដំណឹង​របស់​ក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ ស្ដីពី​វិធានការ​ការពារ និងទប់ស្កាត់ភ្លើងឆេះ​ព្រៃ​មាន​១០​ចំណុច ដែលក្រសួងប្រគល់ឲ្យរដ្ឋបាល​ព្រៃ​ឈើ និងរដ្ឋបាល​ជលផលគ្រប់ថ្នាក់មាន​ភារ​កិច្ច​ផ្ទាល់​ក្នុងការដឹកនាំចលនាដោយសហការជា​មួយ​អាជ្ញាធរមូលដ្ឋានសាមី។

ក្នុងឱកាសនោះ លោកប្រាក់ ធុយ នាយរង​អធិ​ការ​ដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេ​សាប បាន​ស្នើ​ឲ្យលោកមេឃុំ មេភូមិ និងប្រធាន​សហ​គមន៍នេសាទទាំងអស់ជួយ​ផ្សព្វ​ផ្សាយ​សេចក្ដី​ជូនដំណឹងនេះ​បន្តដល់ប្រជាពលរដ្ឋឲ្យ​បាន​យល់ដឹងជ្រួតជ្រាប ដើម្បីចូលរួមការពារ និង​ទប់ស្កាត់​ទាំងអស់គ្នា។ យើងត្រូវពន្យល់ដល់​បងប្អូនប្រជាពលរដ្ឋឲ្យយល់ដឹងថា ការដុតព្រៃ​លិចទឹក ការរាន​ដី ការបូម​ទឹក​បឹង ការប្រើ​ប្រដាប់​​ឆក់ និងឧបករណ៍នេសាទល្មើស​ច្បាប់​ផ្សេងៗទៀត​ដែលរដ្ឋហាមឃាត់ គឺវាខុស​ច្បាប់​ដែល​​ត្រូវ​មានទោស។ ពេលយល់ដឹងពីច្បាប់ ពួក​គេប្រាកដ​ជា​ខ្លាច​មាន​ទោស​ ហើយ​កាត់​បន្ថយ​បទ​ល្មើសជា​បណ្ដើរៗ រួច​ងាកមកចូលរួម​ការ​ពារ និង​ទប់​ស្កាត់ជាក់ជាមិនខាន ៕