ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កោះហៅ​ពលរដ្ឋ​រស់នៅ​អគារ​អង្គរ​ជ័យ​មក​រិះរក​ដំណោះស្រាយ​រឿង​អគារ​ចាស់​ទ្រុឌទ្រោម​ខ្លាំងជៀសវាង​​ហានិភ័យ​ផ្សេង​ៗ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ពេល​ថ្មី​ៗ​នេះ ដោយ​មើលឃើញ​ពី​ស្ថានភាព​ចាស់​ទ្រុឌទ្រោម​នៃ​អគារ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែសីហា​នេះ បាន​អញ្ជើញ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​អគារ​នេះ ប្រមាណ​ជិត​១០០​នាក់ ប្រជុំ​ផ្សព្វផ្សាយ…

រាជធានី​ភ្នំពេញ ៖ កាលពី​ពេល​ថ្មី​ៗ​នេះ ដោយ​មើលឃើញ​ពី​ស្ថានភាព​ចាស់​ទ្រុឌទ្រោម​នៃ​អគារ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែសីហា​នេះ បាន​អញ្ជើញ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​អគារ​នេះ ប្រមាណ​ជិត​១០០​នាក់ ប្រជុំ​ផ្សព្វផ្សាយ ដើម្បី​រិះរក​ដំណោះស្រាយ​អោយ​បាន​សម​ស្រប ចៀសវាង​បង្ក​នូវ​ហានិភ័យ​ផ្សេង​ៗ​ដែល​កើត​មាន​ឡើង​ដោយ​យថាហេតុ​នោះ ។ ជាក់ស្តែង​អគារ​អង្គរ​ជ័យ មា​នទី​តាំងនៅ​ទល់មុខ​អតីត​អគារ​ពាណិជ្ជកម្ម​ប៊ី​អេស ក្នុង​ខណ្ឌ​៧​មក​រា ពេល​នេះ​មាន​អាយុកាល​៧០​ឆ្នាំ​ហើយ ដែល​មាន​សភាព​ចាស់​ទ្រុឌទ្រោម​ខ្លាំង ព្រមទាំង​បាន​របេះ​ជ្រុះ​ផ្នែក​ខ្លះ​នៃ​សំណង់​មក​លើ​ផ្លូវ តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ឡើយ ។

លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ មាន​ប្រសាសន៍​ថា អគារ​អង្គរ​មាន​ជ័យ​ដែល​មា​នទី​តាំងនៅ​ទល់មុខ​អតីត​អគារ​ពាណិជ្ជកម្ម​ប៊ី​អេស នៅ​កាច់ជ្រុង មហាវិថី​ព្រះ​មុនី​វង្ស​កែង​និង​មហាវិថី​កម្ពុជា​ក្រោម គឺជា​អគារ​ចាស់​ទ្រុឌទ្រោម មាន​អាយុកាល​៧០​ឆ្នាំ​ហើយ មិន​អាច​បន្ត​រស់នៅ​បាន​ទៀត​ទេ ដោយ​វា​អាច​នឹង​កើត​មាន​ឡើង​នូវ​ហានិភ័យ​ខ្ពស់ ដោយ​យថាហេតុ ។

ដោយ​មើលឃើញ​ពី​ស្ថានភាព​នៃ​ការ​គ្រោះថ្នាក់​នេះ​ទើប​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​អញ្ជើញ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ស្នាក់​នៅ​ក្នុង​អគារ​នេះ​មក​ប្រជុំ​ពិភាក្សា​គ្នា​រក​ដំណោះស្រាយ​ធ្វើ​យ៉ាងណា ដើម្បី​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ចៀស​អោយ​បាន​នូវ​ហានិភ័យ​ផ្សេង​ៗ​ដែល​នឹង​កើត​ចេញពី​អគារ​ចាស់​នេះ ។ លោក​បន្ត​ថា ការ​កោះ​អញ្ជើញ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មកនេះ គឺ​ដើម្បី​រក​មធ្យោបាយ​ធ្វើ​យ៉ាងណា​ដោះស្រាយ​ឱ្យ​បាន​សម​ស្រប​ដែល​បងប្អូន​ប្រជាពលរដ្ឋ​ចង់បាន ។

អាជ្ញាធរ​រាជធានី​ភ្នំពេញ រក្សា​កម្មសិទ្ធិ​គ្រប់យ៉ាង​ជូន​បងប្អូន​ប្រជាពលរដ្ឋ មាន​ន័យ​ថា បើ​រស់នៅ​១​បន្ទប់ ២​បន្ទប់ ឬ​៥​បន្ទប់ រដ្ឋបាល​រាជធានី​ភ្នំពេញ​រក្សា​កម្មសិទ្ធិ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ និង​ម្យ៉ាងទៀត គឺ​ដើម្បី​រក្សា​ការពារ​នូវ​អាយុជីវិត​របស់​បងប្អូន ដោយ​បងប្អូន​ប្រជាពលរដ្ឋ​មិន​អាច​រស់​អគារ​នេះ​បាន​ទៀត​ទេ ។

លោក​ឃួ​ង ស្រេង មាន​ប្រសាសន៍​ទៀត​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​ក្នុង​នាម​ជា​អាណាព្យាបាល​របស់​បងប្អូន​ប្រជាពលរដ្ឋ​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ហើយ បើ​បងប្អូន​ប្រជាពលរដ្ឋ ជឿ​ទុកចិត្ត​មក​លើ​រដ្ឋបាល​រាជធានី​ភ្នំពេញ រដ្ឋាភិបាល​រាជធានី​ភ្នំពេញ​នឹង​ស្វែងរក​ដៃគូ ដើម្បី​ធ្វើការ​វិនិយោគ អាច​សាងសង់​អគារ​ថ្មី​នៅ​លើ​ទីតាំង​ចាស់ អាច​រក​ម៉ូយ​មក​ទិញ​អគារ​នេះ ឬ​ក៏​អាច​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​រៃ​អង្គាស​គ្នា ដើម្បី​ធ្វើការ​ជួសជុល​អគារ​នេះ​ឡើង​វិញ ។

លោក​ឃួ​ង ស្រេង បាន​បញ្ជាក់​ថា អ្វី​ដែល​ជា​គោលបំណង​ពិត​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​គឺ​មិន​ទុក​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ទីតាំង​នេះ​ជាមួយនឹង​ការ​ប្រឈម​មុខ​នូវ​ហានិភ័យ​ខ្ពស់​បែប​សព្វ​ថ្ងៃនេះ​ទេ ។ ក្នុង​ពេល​នោះ​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​លើក​ឡើង​ពី​បំណង​របស់​ពួក​គាត់​ផង​ដែរ ដោយ​ពួក​គាត់​ទទួលស្គាល់​ថា អគារ​ខាងលើ​ពិតជា​អគារ​ចាស់​ទ្រុឌទ្រោម​ពិតមែន និង​សូម​អោយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ជួយ​ដោះស្រាយ របៀប​ដូច ការ​ដោះស្រាយ​នៅ​អគារ​នៅ​ប៊ូ​ឌី​ង ប្រជាពលរដ្ឋ​រីករាយ​ជាមួយនឹង​ការ​ដោះស្រាយ​ទិញ​លក់​ក្នុង​តំលៃ​ទីផ្សារសេរី ។

សូម​បញ្ជាក់​ថា អគារ​នៅ​ទល់មុខ​អតីត​អា​ពាណិជ្ជកម្ម​ប៊ី​អេស​នេះ​មាន​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ចំនួន​៦៥​គ្រួសារ​ស្មើនឹង​១០១​បន្ទប់ ដែល​ប្រជាពលរដ្ឋ​រស់នៅ​ទី​នេះ​ក៏​ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​សង្កាត់ ខណ្ឌ ក៏​ដូច​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើ​សេចក្តីជូនដំណឹង​ជម្រាប​ជូន​អំពី​ស្ថានភាព អគារ​ចាស់​ទ្រុឌទ្រោម​នេះ ជា​ច្រើន​លើក​ច្រើន​សារ​រួច​មក​ហើយ​ដែរ ដើម្បី​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ត្រៀមខ្លួន និង​ចូលរួម​សហការ​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ណាមួយ​ឲ្យ​បាន​សម​ស្រប​ដែល​ប្រជាពលរដ្ឋ​ទទួលយក​ដោយ​ក្តី​រីករាយ និង​ជៀសវាង​នូវ​ហានិភ័យ​ផ្សេង​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ