ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឋានសួគ៌ NGOs

9 ឆ្នាំ មុន

សមាគម​និង​អង្គការក្រៅរដ្ឋាភិបាល ដែល​បាន​ទទួលស្គាល់​និង​ចុះបញ្ជី​តម្កល់​នៅ​ក្រសួងមហាផ្ទៃ គិត​ត្រឹម​ឆ្នាំ​២០១៤​មាន​ចំនួន​៤៣៧៨ (​សមាគម​១៧០៦​និង​អង្គការ​២៦៧២)

សមាគម​និង​អង្គការក្រៅរដ្ឋាភិបាល ដែល​បាន​ទទួលស្គាល់​និង​ចុះបញ្ជី​តម្កល់​នៅ​ក្រសួងមហាផ្ទៃ គិត​ត្រឹម​ឆ្នាំ​២០១៤​មាន​ចំនួន​៤៣៧៨ (​សមាគម​១៧០៦​និង​អង្គការ​២៦៧២) ។ តួលេខ​នេះ​បាន​ត្រូវ​បង្ហាញ​ឡើង​នៅ​ក្នុង​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០១៤ និង​លើក​ទិស​ដៅ​ឆ្នាំ​២០១៥ របស់​ក្រសួងមហាផ្ទៃ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ កុម្ភៈ ។ តាម​រយៈ​តួលេខ​ខាងលើ​នេះ ត្រូវ​បាន​ក្រុម​អ្នកវិភាគ​វាយតម្លៃ​និង​អាច​និយាយ​បាន​ថា ប្រទេស​កម្ពុជា គឺ​ពិតជា​ឋានសួគ៌​នៃ​សមាគម​និង​អង្គការក្រៅរដ្ឋាភិបាល ដូច​អ្វី​ដែល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធ្លាប់​បាន​មាន​ប្រសាសន៍​បែប​នេះ​កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​ប្រាកដ​មែន ។

ជា​ការ​ពិត​ដែល​គ្មាន​នរណា​ម្នាក់​អាច​ប្រកែក​បាន​នោះ គឺ​សមាគម​និង​អង្គការក្រៅរដ្ឋាភិបាល​ដែល​ធ្វើ​សកម្មភាព​មិន​បម្រើ​នយោបាយ​និង​រក​ប្រយោជន៍​ផ្ទាល់ខ្លួន​ទាំងនេះ​ហើយ ជា​ដៃគូ​ដែល​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​ជួយ​សម្រាល​បន្ទុក​នានា​របស់​រាជរដ្ឋាភិបាល​ក្នុង​កិច្ចការ​បម្រើ​សង្គម​ជាតិ​ដូច​ជា ការងារ​សង្គមកិច្ច សិទ្ធិ​មនុស្ស អប់រំ បរិស្ថាន វប្បធម៌ ទេសចរណ៍ កសិកម្ម ពាណិជ្ជកម្ម សិប្បកម្ម និង​វិស័យ​ក​សិ​ឧ​ស្សហកម្ម​ជាដើម ។

តើ​បេសកកម្ម​របស់​សមាគម​និង​អង្គការក្រៅរដ្ឋាភិបាល​ទាំងនោះ ពិតជា​បាន​ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ​និង​សង្គម​ជាតិ ដូច​អ្វី​ដែល​មាន​ចែង​ក្នុង​លក្ខន្តិកៈ​តម្កល់​នៅ​ក្រសួងមហាផ្ទៃ​ប្រាកដ​មែនឬ​យ៉ាងណា ? តាម​រយៈ​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​និង​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ស្ថាប័នរដ្ឋ​មួយ​ចំនួន​នា​ពេល​កន្លង​មក​បាន​បង្ហាញ​ថា មាន​សមាគម​និង​អង្គការក្រៅរដ្ឋាភិបាល​ខ្លះ​បាន​ធ្វើ​សកម្មភាព​ផ្ទុយ​ពី​លក្ខន្តិកៈ​របស់​ខ្លួន ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ក្រីក្រ​នៅ​តាម​បណ្តា​រាជធានី​-​ខេត្ត​ជា​ច្រើន​ទទួល​រង​គ្រោះ ។

ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​០២ កុម្ភៈ​២០១៥ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ធនាគារជាតិ​នៃ​កម្ពុជា បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​មួយ​ថ្កោលទោស​ចំពោះ​អង្គការ​-​សមាគម​មួយ​ចំនួន​ដែល​ធ្វើ​សកម្មភាព​តាម​បែប​សប្បុរសធម៌ ឬ​ជា​សប្បុរសជន ចាត់​ទុក​ខ្លួនឯង​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដោយ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តាម​ជនបទ​និង​ទីប្រជុំជន​ខ្ចីប្រាក់ តែ​បែរជា​យកការប្រាក់​ខ្ពស់​ទៅ​វិញ ។

ប្រការ​នេះ​បាន​ធ្វើ​ឲ្យ​កូនបំណុល​របស់​ខ្លួន​(​អង្គការ​-​សមាគម​) ធ្លាក់​ក្នុង​គ្រោះអាសន្ន រើ​បំណុល​មិន​រួច ធ្វើ​ឲ្យ​គ្រួសារ​ព្រាត់ប្រាស​និង​ទ្រព្យសម្បត្តិ​ពលរដ្ឋ​ដែល​ខ្ចីបុល​នោះ​ហិនហោច ។ នេះ​គ្រាន់តែ​ជា​ការ​រក​ឃើញ​សកម្មភាព​មិន​ប្រក្រតី បែប​កេង​ប្រ​វញ្ច​របស់​អង្គការ​-​សមាគម​មួយ​ចំនួន​ប៉ុណ្ណោះ ចុះ​ទំ​រាំ​អង្គការ​-​សមាគម​សរុប​ជាង​៤​ពាន់ តើ​នៅ​មាន​សមាគម​និង​អង្គការក្រៅរដ្ឋាភិបាល​ប៉ុន្មាន​ទៀត ដែល​ធ្វើ​សកម្មភាព​ដើរ​បោកប្រាស​និង​កេង​យក​កម្រៃ​ដើម្បី​ផលប្រយោជន៍​ផ្ទុយ​ពី​លក្ខន្តិកៈ​របស់​ខ្លួន​នោះ ?

តើ​បញ្ហា​នេះ អ្នក​ណា​ជា​អ្នក​ទទួលខុសត្រូវ ? តាម​ពិត​មាន​អង្គការ​-​សមាគម​ច្រើន​ណាស់​ដែល​បាន​បំពេញបេសកកម្ម​របស់​ខ្លួន​ប្រកបដោយ​សេចក្តី​ថ្លៃថ្នូរ​និង​បានការ​ទទួលស្គាល់​ពី​ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល និង​អង្គការ​ពិភពលោក​នានា​រហូត​ទទួល​បាន​ពានរង្វាន់​អន្តរជាតិ​នោះ​ថែម​ទៀត ប៉ុន្តែ​ដោយសារ​តែ​ការ​គ្រប់គ្រង​របស់​ក្រសួង​-​ស្ថាប័នរដ្ឋ​ពាក់​ព័​ន្ឋ​មួយ​ចំនួន​មិន​បាន​ល្អ ធ្វើ​ឲ្យ​អង្គការ​-​សមាគម​ខ្លះ​ធ្វើ​សកម្មភាព​ដើរ​បោកប្រាស់​ប្រជាពលរដ្ឋ​និង​រក​ចំណូល​សម្រាប់​ខ្លួន​ទៅ​វិញ ។

បើ​ដូច្នោះ ក្រសួងមហាផ្ទៃ ដែល​មាន​នាយកដ្ឋាន​កិច្ចការ​នយោបាយ​ជា​សេនាធិការ​និង​ស្ថាប័នរដ្ឋ​ពាក់​ព័​ន្ឋ​ដទៃ​ទៀត  ត្រូវ​តែ​ពង្រឹង​ការ​ត្រួតពិនិត្យ​ការ
ចុះបញ្ជី​និង​តាមដាន​នូវ​សកម្មភាព​និង​របាយការណ៍​នានា​របស់​អង្គការ​-​សមាគម​ដែល​ផ្ញើ​មក​ក្រសួង​ឲ្យ​បាន​ទៀងទាត់​តាម​គោលការណ៍ បើ​ទោះបីជា​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​សមាគម អង្គការក្រៅរដ្ឋាភិបាល មិន​ទាន់​ចេញ​ជា​រូបរាង​នោះ​ក្តី ។ មិនមែន​ឲ្យ​តែ​បាន​លុយ​ពី​៧០០​ទៅ​២០០០​ដុល្លារ ឬ​លើស​ពី​នេះ ក្នុង​ការ​ចុះបញ្ជី​ទទួលស្គាល់​សមាគម ឬ​អង្គការ​មួយ តម្កល់​នៅ​ក្រសួងមហាផ្ទៃ ហើយ​មិន​យកចិត្តទុកដាក់​ក្នុង​ការ​តាមដាន​សកម្មភាព​របស់​អង្គការ​-​សមាគម​នោះ​ទេ ។

យ៉ាងណា​ក៏​ដោយ តាម​រយៈ​ការ​កែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥ ដែល​បាន​និង​កំពុង​ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ក្រុម​អ្នក​តាមដាន​ស្ថានភាព​សង្គម​នៅ​កម្ពុជា នៅ​តែ​មាន​ជំនឿ​ថា ក្រសួង​-​ស្ថាប័ន​ពាក់​ព័​ន្ឋ​នឹង​ការ​គ្រប់គ្រង​ត្រួតពិនិត្យ​សមាគម​និង​អង្គការក្រៅរដ្ឋាភិបាល នឹង​បន្តសកម្មភាព​ប្រកបដោយ​មនសិការ សីលធម៌​និង​សេចក្តី​ថ្លៃថ្នូរ ដើម្បី​រួម​គ្នា​ប្រែក្លាយ​កម្ពុជា​ជា​ប្រទេស​នីតិរដ្ឋ និង​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស ដូច​មាន​ចែង​ក្នុង​កម្មវិធី​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ៕
ដោយ ៖ ជួប ថា