កងកម្លាំងនាវាចរណ៍អឺរ៉ុបប្រឆាំងពួកចោរសមុទ្រ ATALANTE រាយការណ៍ថា នាវាដឹកប្រេងកូវែ់តមួយគ្រឿងជាមួយសមាជិកក្រុមនាវិក២៩នាក់ ក្នុងនោះមានជនជាតិប៉ាគីស្ថាន១៧នាក់ត្រូវចាប់ជាចំណាប់ខ្មាំងកាលពីថ្ងៃទី២៨ មីនា ដោយពួកចោរសមុទ្រក្នុងឈូងសមុទ្រអាដេន។ ក្នុងសេចក្តីប្រកាសមួយ ATALANTE និយាយថា នាវាឈ្មោះ ZIRKU ជានាវាកូវ៉ែតដោតទង់ជាតិអេមីរ៉ាត អារ៉ាប់រួមត្រូវរងការវាយប្រហារនាវេលាម៉ោង៩ និង០០នាទីម៉ោងសាកល ដោយនាវា២គ្រឿងរបស់ពួកចោរសមុទ្រប្រដាប់ដោយកាំភ្លើងបាញ់រ៉ុក្កែត និងអាវុធធុនស្រាល ខណៈដែលនាវានោះស្ថិតនៅចម្ងាយប្រមាណជា២៥០ម៉ាយភាគអាគ្នេយ៍ទីក្រុងសាឡាឡា ក្នុងតំបន់ឈូងសមុទ្រអាដេន។ សមាជិកក្រុមនាវិករបស់នាវានោះមានមនុស្សសរុប២៩នាក់ គឺជនជាតិប៉ាគីស្ថាន១៧នាក់ អេហ្ស៊ីប៣នាក់ ហ្ស៊កដានី៣នាក់ អ៊ុយក្រែន២នាក់ ក្រូអាស៊ីម្នាក់ អ៊ីរ៉ាក់ម្នាក់ ហ្វ៊ីលីពីនម្នាក់ និងឥណ្ឌាម្នាក់។ ATALANTE ពុំទទួលបានព័ត៌មានបន្ថែមទៀតពីក្រុមនាវិកនៃនាវានោះឡើយក្នុងដំណាក់កាលនេះ។ នាវា ZIRKU ចាកចេញពីស៊ូដង់មកកាន់សិង្ហបុរី ៕
ចែករំលែកព័តមាននេះ