ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​អត់​ កសិករ​គំរូ​លេខ​២​ទូ​ទាំង​ប្រទេស​ខាង​ដាំ​បន្លែ​ជា​នរណា​ទើប​រដ្ឋមន្ត្រី​កសិកម្ម​ចុះ​លើកទឹកចិត្ត​ផ្ទាល់ ?

3 ឆ្នាំ មុន
  • សៀមរាប

សៀមរាប​៖ លោក​ឈាវ ហុង ជា​កសិករ​គំរូ​ជាប់​ចំណាត់ថ្នាក់​លេខ​២ ទូ​ទាំង​ប្រទេស​ផ្នែក​ដំណាំ​បន្លែ​។ លោកមា​នទី​លំនៅ ភូមិ​សំរោង​ត្បូង ឃុំ​សំរោង ស្រុក​សូត្រ​និគម ខេត្តសៀមរាប​។…

សៀមរាប​៖ លោក​ឈាវ ហុង ជា​កសិករ​គំរូ​ជាប់​ចំណាត់ថ្នាក់​លេខ​២ ទូ​ទាំង​ប្រទេស​ផ្នែក​ដំណាំ​បន្លែ​។ លោកមា​នទី​លំនៅ ភូមិ​សំរោង​ត្បូង ឃុំ​សំរោង ស្រុក​សូត្រ​និគម ខេត្តសៀមរាប​។ នៅ​ថ្ងៃអាទិត្យ ទី​៣០ ខែសីហា​នេះ លោក វេ​ង សា​ខុន​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ចុះ​ទៅ​ពិនិត្យ​និង​លើកទឹកចិត្ត​ការ​ដាំ​ដុះ​របស់​គាត់​ដល់​កសិដ្ឋាន​។

កសិករ​គំរូ​រូប​នេះ​បាន​រៀបរាប់​ប្រាប់​លោក​រដ្ឋមន្ត្រី អំពី​ប្រវត្តិ​អាជីព​ដាំ​បន្លែ ជីគ្រប់មុខ ផលិត​ស្រូវពូជ ចិញ្ចឹម​មាន់ បណ្តុះ​ផ្សិត និង​ចិញ្ចឹម​ត្រី ដែល​លោក​បាន​អនុវត្ត​ជា​បន្តបន្ទាប់​មក​។ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​អាជីវកម្ម​នេះ​មានការ​វិវឌ្ឍន៍​រីក​ចម្រើន​ជា​បន្តបន្ទាប់ ដោយសារ​មាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ អង្គការ និង​គម្រោង​កម្មវិធី​ផ្សេង​ៗ​បាន​មក​ជួយ​ជា​បច្ចេកទេស និង​សម្ភារ​ចាំបាច់​សម្រាប់​ជំរុញ​ឲ្យ​ផលិតកម្ម​បន្លែ​សុវត្ថិភាព ការ​ចិញ្ចឹម​មាន់ ត្រី និង​ស្រូវពូជ របស់​លោក​ទទួល​បាន​ជោគជ័យ​។

លោក​ថា​ការ​ផ្តើម​ការងារ​កសិកម្ម​ដំបូង​ជាមួយ​ពី​ផ្ទៃដី​តែ​១​ហិ​កតា​ប៉ុណ្ណោះ បច្ចុប្បន្ន​លោក​មាន​ផ្ទៃដី ៥​ហិ​កតា​ក្នុង​ការ​ដាំ​ដុះ​។ ដី​ដាំ​ដុះ​របស់​លោក ពោរពេញ​ដោយ​ផ្ទះ​សំណាញ់ រោង​មាន់ និង​ស្រះ​ចិញ្ចឹម​ត្រី​។

លោក ឈាវ ហុង ថា​លោក​បាន​រៀបចំ​ផែនការ​ដាំ និង​ចិញ្ចឹម​ប្រចាំ​ថ្ងៃ ខែ និង​ឆ្នាំ មាន​បច្ចេកទេស​ដាំ ចិញ្ចឹម យកចិត្ត​ទុក ដាក់ ឧស្សាហ៍​ព្យាយាម មាន​គោលដៅ​ច្បាស់លាស់ និង​ក្តាប់​បាន​ពី​តម្រូវការ​ទីផ្សារ ធ្វើ​ឲ្យ​គាត់​ទទួល​បាន​ជោគជ័យ​។ កសិករ​គំ​រូប បាន​ផ្តាំ​ទៅ​កសិករ​ដែល​កំពុង​ធ្វើ​កសិកម្ម គួរ​អនុវត្ត​តាម​គាត់​ដើម្បី​ទទួល​បាន​ភាព​ជោគជ័យ ស្រប​ពេល​ដែល​វិស័យ​មួយ​ចំនួន​កំពុង​រង​ផល​ប៉ះពាល់​ដោយសារ​ជំងឺឆ្លង​កូ​វី​ដ​-១៩​។

លោក វេ​ង សា​ខុន បាន​លើក​ឡើង​ថា​ស្ថិត​ក្នុង​ស្ថានភាព​នៃ​ជំងឺឆ្លង​កូ​វី​ដ​-១៩ ការ​ពង្រឹង​របរ​កសិកម្ម​ជា​ផ្នែក​សំខាន់​ណាស់​ក្នុង​ការ​ទ្រទ្រង់​សេដ្ឋកិច្ច​គ្រួសារ ។​លោក​បាន​ស្នើ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​លើ​ការងារ​បង្កបង្កើន​ផល ធ្វើ​យ៉ាងណា​បង្កើន​បរិមាណ​ផលិត ធានា​គុណភាព លើកកម្ពស់​សមត្ថភាព​កែ​ច្នៃ​វេច​ខ្ចប់ ដើម្បី​ធ្វើការ​ប្រកួតប្រជែង ឆ្លើយ​តប​តាម​សេចក្តី​ត្រូវការ​ទីផ្សារ និង​ចំណង់​ចំណូលចិត្ត​អ្នក​បរិភោគ កំណើន​ចំណូល​គ្រួសារ និង​កាត់​បន្ថយ​ភាព​ក្រីក្រ ជា​ពិសេស​កាត់​បន្ថយ​ការ​នាំ​ចូល​។ ការ​ដាំ ដំណាំ ការ​ធ្វើ​វារីវប្បកម្ម និង​ការ​ចិញ្ចឹមសត្វ​បាន​ផល​។

លោក​រដ្ឋមន្ត្រី​បាន​ណែនាំ​ឲ្យ​មន្ទីរ​កសិកម្ម ជួយ​ធ្វើការ​បណ្តុះបណ្តាល​បច្ចេកទេស​បន្ថែម​លើ​ការ​អនុវត្ត​តាម​ការ​ធ្វើ​កសិកម្ម​ល្អ (GAP) ការ​អនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា ធ្វើ​យ៉ាងណា​បង្កើន​ការ​ជឿ​ទុកចិត្ត​ពី​អតិថិជន តាម​រយ​:​គុណភាព សុវត្ថិភាព​នៃ​ផលិតផល និង​បង្កើន​តម្លៃបន្ថែម ហើយ​ក៏​គួរ​ពង្រឹង​បច្ចេកទេស​វេច​ខ្ចប់ និង​ផ្តល់​ស្លាក​សញ្ញា​សម្គាល់​ច្បាស់លាស់​ចៀសវាង​ការ​បន្លំ​គុណភាព​។

សូម​ជម្រាប​ថា លោក ឈាវ ហុង បាន​ចូលរួម​កសាង​សហគមន៍​កសិករ​នៅ​ខេត្តសៀមរាប​ផង​ដែរ​។ ការ​បង្កើត​សហគមន៍​កសិករ​ជា​ផ្នែក​សំខាន់​ក្នុង​ការ​លើកកម្ពស់​ការ​ដាំ​ដុះ​នៅ​ក្នុង​សហគមន៍​។ តាម​រយៈ​សហគមន៍ កសិករ​អាច​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​លើ​ការ​ដាំ​ដុះ ចែករំលែក​បច្ចេកទេស និង​ទីផ្សារ​លក់​កសិផល​។

ខេត្តសៀមរាប​មាន ៥៥ សហគមន៍​កសិកម្ម​បាន​ចុះបញ្ជី​រួច (​សហគមន៍​ផលិត​ស្រូវពូជ ស្រូវ​ចំណី ចិញ្ចឹមសត្វ ផលិត​ចំណី​សត្វ បន្លែ វារីវប្បកម្ម និង​សេវាកម្ម​ធាតុ​ចូល​កសិកម្ម​) ដោយ​មាន​ទុន​សរុប ៣ ៧៧៣​លាន​រៀល មាន​សមាជិក ៧ ៩៧៩​នាក់ ស្ត្រី ៦៣៤៦​នាក់​៕ (កែសម្រួលដោយ​ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ