ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចូលឆ្នាំ​ចិន៣ថ្ងៃ ឆ្នេរ​ខ្សាច់​ទន្លេ​ដីដុះស្រូប​ទាញ​ភ្ញៀវ​ទេសចរ​​ប្រមាណ​ជា​១​ម៉ឹ​ន​នាក់មក​ងូតទឹក​លេង​កំសាន្ត​​

9 ឆ្នាំ មុន

ខេត្ត​ព្រៃវែង ៖ ដីដុះ គឺជា​ទីតាំង​កំពុង​ពេញ​និយម​សំរាប់​ងូតទឹក​លេង​កំសាន្តរបស់​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​​​​ជាតិ និង​អន្តរជាតិ ដែល​មាន​ទីតាំង​ស្ថិត​តាម​បណ្តោយ​ដង​

ខេត្ត​ព្រៃវែង ៖ ដីដុះ គឺជា​ទីតាំង​កំពុង​ពេញ​និយម​សំរាប់​ងូតទឹក​លេង​កំសាន្តរបស់​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​​​​ជាតិ និង​អន្តរជាតិ ដែល​មាន​ទីតាំង​ស្ថិត​តាម​បណ្តោយ​ដង​ទន្លេមេគង្គក្នុងភូមិ​ស្វាយ​ភ្លោះ ឃុំ​ព្រែក​ក្របៅ ស្រុក​ពាម​ជរ ខេត្តព្រៃវែង​។

អាជ្ញាធរ​មូលដ្ឋាន​ក្នុង​តំបន់​មួយ​នេះ​បានឱ្យ​ដឹង​ថា កន្លែង​កំសាន្ត​ដីដុះ​នេះ មាន​ដីខ្សាច់​ដុះ​ចេញពី​ក្នុង​ទន្លេ​ចាប់ពី​មាត់ច្រាំងរហូត​ដល់​កណ្តាលទន្លេ និង​លាតសន្ធឹង​តាម​បណ្តោយ​ដង​ទន្លេ​ចំងាយ​ប្រមាណ​ជាង​២​គីឡូម៉ែត្រ​។

នៅ​លើ​ឆ្នេរ​ខ្សាច់ដែល​លាតសន្ធឹង​ដ៏​វែង​តាម​ដង​ទន្លេមេគង្គ ក្រៅពី​ងូតទឹក​កំសាន្ត ភ្ញៀវ​ទេសចរ​​​អាច​លេង​កីឡា រាំ​លេង​កំសាន្ត និង​ធ្វើ​ពិធី​ជួបជុំ​ផ្សេង​ៗ ជាមួយនឹង​ការ​ទទួល​
ទា​ន​​ចំណីអាហារ ដ៏​មាន​ឱជា​រសគ្រប់​ប្រភេទ​ដែល​មាន​លក់​នៅ​លើ​ឆ្នេរ​ខ្សាច់​នេះ ជា​ពិសេស​ភ្ញៀវ​ទេសចរ​​​អាច​បើក​យានជំនិះ​របស់​ខ្លួនចូល​ទៅ​ដល់​មាត់ទឹក​ដែល​នៅ​កណ្តាល​ទន្លេ​តែ​ម្តង​។

ដោយសារ​កត្តា​អំណោយផល​ពី​ធម្មជាតិ​បែប​នេះ ទើប​ធ្វើឱ្យ​ភ្ញៀវ​ទេសចរ​​ទាំង​ជាតិ និង​អន្តរជាតិ ចូល​ចិត្ត​នាំ​ក្រុម​គ្រួសារ​មក​ងូតទឹក​លេង​កំសាន្តនៅ​តំបន់​ដីដុះ​នេះ​ជា​ខ្លាំង ជា ពិសេស​គឺ​នៅ​រដូវ​បុណ្យ​ទាន ដូច​ជា​ថ្ងៃ​បុណ្យ​ភ្ជុំ និង​ថ្ងៃ​ចូល​ឆ្នាំ​ជាដើម ជាក់ស្តែង​នៅ​រយៈពេល​៣​ថ្ងៃ​នៃ​ពិធី​បុណ្យចូលឆ្នាំ​ចិន​នេះ ភ្ញៀវ​ទេសចរ​​​ទាំង​ជាតិ និង​អន្តរជាតិ​បាន​នាំ​គ្នា​មក​ងូតទឹក​លេង​កំសាន្ត​នៅ​ក្នុង​តំបន់​ដីដុះ​នេះ មាន​ចំនួន​រហូត​ដល់​ទៅ​ប្រមាណ​ជា​១​ម៉ឺន​នាក់​។

លោក សៅ ប្រសិទ្ធិ អភិបាលស្រុក​ពាម​ជរ បានឱ្យ​កោះសន្តិភាព​ដឹង​ថា បើ​ទោះជា​តំបន់​ដីដុះ​នេះមាន​សក្តានុពល​អំណោយផល​ពី​ធម្មជាតិ​បែប​នេះ​ក៏​ដោយ ប៉ុន្តែ​វា​នៅ​មាន​ចំណុចជា​ច្រើន​ទៀត ដែល​ត្រូវការ​រៀបចំ​បំពេញបន្ថែម​ជា​ចាំបាច់ ដូច​ជា​បង្គន់​អនាម័យ ធុងសំរាម សន្តិសុខ​ការពារ​សុវត្ថិភាព ​និង​សណ្តាប់ធ្នាប់ ជា​ពិសេស​គឺ​ទូក​សង្គ្រោះ និង​ក្រុម​អ្នក​ជួយ​សង្គ្រោះ​នៅ​ពេល​មាន​មនុស្ស​លង់ទឹក​ជាដើម​។

លោក សៅ ប្រសិទ្ធិ បាន​បញ្ជាក់​ថា អាជ្ញាធរ​ស្រុក​បាន​ស្នើ​សុំ​ទៅ​ខេត្ត ដើម្បី​សុំ​បង្កើត​តំបន់​ដីដុះ​នេះឱ្យទៅ​ជា​រមណីយដ្ឋាន​ដ៏​ស្រស់​ស្អាត​មួយដែល​មាន​គណៈកម្មការ​គ្រប់គ្រង​ជា​សហ​គម​ន៍ ហើយ​ផល​ប្រ​យោ​ជ​ន៍ទាំងអស់​ទុក​សំរាប់​សហ​គម​ន៍ ចំណែក​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋានគ្រាន់តែ​ជា​អ្នក​ជួយ​មើល​ការ​ខុស​ត្រូវ និង​ដោះស្រាយ​នៅ​ពេល​មាន​បញ្ហា​ប៉ុណ្ណោះ ប៉ុន្តែ​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ អាជ្ញាធរ​ខេត្ត​មិន​ទាន់​បាន​ឆ្លើយ​តប ឬ​អនុម័តបែប​ណា​នៅឡើយ​ទេ​៕