ខេត្តប៉ៃលិន ៖ មានការបែកធ្លាយចេញនូវដីកាកោះហៅប្រធានភូមិបាលស្រុកសាលាក្រៅមួយសន្លឹក ដើម្បីឱ្យចូលខ្លួនទៅបំភ្លឺ បន្ទាប់ពីមានប្រជាពលរដ្ឋកើតទុក្ខមិនសុខចិត្ត ដាក់ពាក្យបណ្តឹងទៅតុលាការ ពាក់ព័ន្ធនឹងបញ្ហាដីធ្លីរបស់ខ្លួន ត្រូវបានគេរំលោភបំពាន ខណ:មានការចុះហត្ថលេខាយល់ព្រមពីលោកប្រធានភូមិបាលស្រុកសាលាក្រៅ ទើបខាងភាគីដែលអះអាងថា ជាដីរបស់ខ្លួនមិនសុខចិត្ត ទើបដាក់ពាក្យបណ្តឹងទៅតុលាការខេត្ត ឱ្យកោះហៅសាកសួរបំភ្លឺតែម្តង ។
ប្រភពព័ត៌មាននៅក្នុងដីកាបានឱ្យដឹងថា ៖ យើង គង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន អញ្ជើញឈ្មោះ ស៊ុក សុវណ្ណ ភេទប្រុស ជាប្រធានភូមិបាលស្រុកសាលាក្រៅ ឱ្យចូលទៅកាន់អយ្យការអមសាលាដំបូងខេត្តប៉ៃលិន នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង២និង០០នាទីរសៀល (បន្ទប់ក្រឡាបញ្ជី) ។
ប្រភពបន្តទៀតថា ៖ ដើម្បីចូលមកឆ្លើយបំភ្លឺពីដំណើររឿង «រំលោភលើកម្មសិទ្ធិឯកជន» ដែលប្រព្រឹត្តនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីដើមខែកក្កដា ឆ្នាំ២០២០ ។ សាមីខ្លួនត្រូវអញ្ជើញតាមដីកាកោះនេះ ឱ្យបានទាន់ពេលវេលា និងយកលិខិតផ្សេងៗដែលទាក់ទងនឹងរឿងខាងលើមកជាមួយផង ប្រសិនបើមាន ។
ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោក ស៊ុក សុវណ្ណា ប្រធានភូមិបាលស្រុកសាលាក្រៅ ដែលបានឡើងកាន់តំណែងបានរយ:ពេលប៉ុន្មានឆ្នាំមកនេះ បានឱ្យដឹងកាលពីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០នេះថា ខាងលោកបានទទួលដីកាពីសាលាដំបូងខេត្តប៉ៃលិន រួចរាល់អស់ហើយ ក៏ត្រៀមចូលខ្លួនជាស្រេច ដើម្បីបំភ្លឺនៅក្នុងតុលាការខេត្តប៉ៃលិន ដោយខាងលោកអត់ដឹងរឿងអ្វីនោះទេ ព្រោះការចុះហត្ថលេខាទៅលើដីប្រជាពលរដ្ឋមានច្រើន នៅស្រុកសាលាក្រៅ មិនដឹងជាដីនរណាឈ្លោះជាមួយនរណានោះទេ ហើយខាងលោកក៏អត់ដឹងជាមានកំហុសត្រង់កន្លែងណានោះដែរ រង់ចាំរហូតដល់ជួបខាងអយ្យការជាមុនសិន ។
ព័ត៌មានពិស្តារនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព ។
ចែករំលែកព័តមាននេះ