ខេត្តឧត្តរមានជ័យ ៖ ម្តាយកំពុងដេកលង់លក់ ចំណែកឪពុកជាប់រវល់ចេញទៅបាញ់ថ្នាំស្រូវដោយទុកឱ្យកូនប្រុសទើបមានអាយុ៣ឆ្នាំដើរលេងរហូតអស់រយៈពេលយូរ ទើបនឹកឃើញរកកូន និងដើរសួរគេឯង ព្រមទាំងបានរត់ទៅឱ្យគ្រូទស្សន៍ទាយមើលថា ឱ្យចុះរាវក្នុងទឹក និងបានប្រទះឃើញកូនហើយ ខណៈនោះពួកគាត់បានធ្វើតាមគ្រូទាយ ក៍ចុះរាវរក ស្រាប់តែប្រទះឃើញកូនក្នុងទឹកប្រឡាយពិតមែន ប៉ុន្តែមិនអាចជួយបានឡើយ ដោយកូនប្រុសបានលង់ទឹកបាត់បង់ជីវិតទៅហើយ ។
ហេតុការណ៍ខាងលើនេះបង្កការភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៨សីហា ២០២០ នៅចំណុចប្រឡាយទឹកខាងជើងបឋមសិក្សាបន្ទាយថ្មី ចំងាយ៥០០ម៉ែត្រស្ថិតនៅក្នុងភូមិបន្ទាយថ្មី ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្ត ឧត្តរមានជ័យ ។
ក្មេងរងគ្រោះខាងលើឈ្មោះស្មុយ គឹមថាំង ហៅដាប់ ភេទប្រុស អាយុ៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីស្ត្រីជាម្ដាយរងគ្រោះខាងលើឈ្មោះជាតិ សុភើយ អាយុ២៨ឆ្នាំ បានរៀបរាប់ថា មុនពេលកើតហេតុ កាត់កំពុងតែដេកលង់លក់ ចំណែកប្តីចេញពីផ្ទះទៅបាញ់ថ្នាំស្រូវ បន្ទាប់ពីភ្ញាក់ពីដំណេកវិញ គាត់ក៍ចាប់ឆ្នាំងដាំបាយ ខណៈនោះក៍បានចាប់អារម្មណ៍នឹកឃើញបាត់កូនយូរហើយ ក៏បានដើររក និងសួរអ្នកភូមិជិតខាង ប៉ុន្តែពួកគេក៏មិនបានឃើញដែរ បន្ទាប់មកគាត់ក៏បានរត់ទៅឱ្យគ្រូទស្សន៍ទាយ ហើយគ្រូទាយប្រាប់ថា ឱ្យគាត់ចុះរាវក្នុងទឹកនឹងបានជួបប្រទះហើយ ខណៈនោះគាត់បានធ្វើតាមគ្រូទាយ ក៏ចុះរាវរកបានប្រទះឃើញកូនពិតមែន ប៉ុន្តែហួសពេលទៅហើយ ដោយកូនបានលង់ទឹកបាត់បង់ជីវិតទៅហើយ។
តាមប្រភពពីប៉ូលីសអធិការស្រុកចុងកាល់បានឱ្យដឹងថា ក្រោយពីទទួលនូវព័ត៌មានរាយការណ៍ពីម្តាយក្មេងរងគ្រោះខាងលើរួចមក សមត្តកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យ និងបានឃើញក្មេងរងគ្រោះពិតលង់ទឹកប្រឡាយបាត់បង់ជីវិតប្រាកដមែន ហើយបានប្រគល់សពក្មេងរងគ្រោះទៅឱ្យឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ