ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ឃ្មុំ​ម្នាក់​ចង់​ឲ្យ​ខេត្ត​ប៉ៃលិន​ជា​ខេត្ត​ផលិត​ទឹកឃ្មុំ​ធំ​ជាងគេ​នៅ​កម្ពុជា

3 ឆ្នាំ មុន
  • ប៉ៃលិន

ប៉ៃលិន ៖ លោក​រដ្ឋមន្ត្រី លោក​អភិបាលរង​ខេត្ត និង​សហការី បាន​អញ្ជើញ​មក​ពិនិត្យ​កសិដ្ឋាន​ចិញ្ចឹម​ឃ្មុំ នៅ​ភូមិ​សួន​អំពៅ​កើត សង្កាត់​ប៉ៃលិន នៅ​វេលា​ម៉ោង ១៤​និង​៣០…

ប៉ៃលិន ៖ លោក​រដ្ឋមន្ត្រី លោក​អភិបាលរង​ខេត្ត និង​សហការី បាន​អញ្ជើញ​មក​ពិនិត្យ​កសិដ្ឋាន​ចិញ្ចឹម​ឃ្មុំ នៅ​ភូមិ​សួន​អំពៅ​កើត សង្កាត់​ប៉ៃលិន នៅ​វេលា​ម៉ោង ១៤​និង​៣០ រសៀល​ថ្ងៃ​ទី​២៩ ខែសីហា​នេះ ។នេះបើយោងតាមផេកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញផ្សាយនាល្ងាចថ្ងៃទី២៩ ខែសីហានេះ ។

បណ្ឌិត គួ​យ ធា បាន​រៀបរាប់​អំពី​លក្ខណ​:​ជីវសាស្ត្រ​របស់​ឃ្មុំ និង​ផលិតកម្ម​ទឹកឃ្មុំ ។ ខេត្ត​ប៉ៃលិន ជា​ខេត្ត​មាន​សក្តានុពល​ខ្ពស់​ក្នុង​ការ​ផលិត​ទឹកឃ្មុំ​ដោយសារ​ខេត្ត​នេះ មាន​ចំការ​តា​ង៉ែ​ន និង​ដំឡូង​មី​ច្រើន ដែល​ជា​ប្រភព​ផ្តល់​លំអងផ្កា​សម្រាប់​ឃ្មុំ​ក្រេប​យកជាតិ​ស្ករ ។ ក្នុង​ចំការ​តា​ង៉ែ​ន ១​ហិ​កតា អាច​ដាក់​ធុង​ឃ្មុំ​បាន​១ ហើយ​ក្នុង​ធុង ១ អាច​ដាក់​បង្គង​ផ្លិត​បាន ១០ ក្នុង​ខែ​តា​ង៉ែ​ន​ចេញ​ផ្លា ផ្លិត​ឃ្មុំ ១​អាច​ផ្តល់​ទឹកឃ្មុំ ១​លី​ត្រ ហើយ​បច្ចុប្បន្ន​ទឹកឃ្មុំ ១​លី​ត្រ​តម្លៃ ១០​ដុល្លារ ។

អនាគត​លោក​បណ្ឌិត​ចង់​ឲ្យ​ខេត្ត​ប៉ៃលិន​ជា​ខេត្ត​ផលិត​ទឹកឃ្មុំ​ធំ​ជាងគេ​នៅ​កម្ពុជា ដោយសារ​សក្តានុពល​នៃ​ដំណាំ​តា​ង៉ែ​ន និង​ដំឡូង​មី ជា​ពិសេស​ទុន​វិនិយោគ​ទាប និង​ទទួល​ចំណូល​ខុស ។

លោក​បណ្ឌិត​បាន​អំពាវនាវ​ឲ្យ​ម្ចាស់​ចំការ​គួរ​ចិញ្ចឹម​ឃ្មុំ ដើម្បី​ទាញ​យក​ប្រយោជន៍​ពី​ទឹកឃ្មុំ និង​បង្កើន​ផលិតកម្ម​តា​ង៉ែ​ន​ផង​ដែរ ដោយសារ​ឃ្មុំ​ជា​ភ្នាក់ងារ​បង្កាត់​ពូជ ។ លោក​ក៏​បាន​លើក​ឡើង​ពី​បញ្ហា​ផង​ដែរ​ថា ដោយសារ​ការ​ផ្គត់ផ្គង់​ទឹក​ឲ្យ​ដំណាំ​តា​ង៉ែ​ន និង​ឈើ​ហូប​ផ្លែ​ផ្សេង​ៗ​ពុំ​មាន​និរន្តរភាព ធ្វើ​ឲ្យ​រុក្ខជាតិ​ចេញ​ផ្កា​ទៅ​តាម​រដូវ នេះ​ជា​បញ្ហា​ដល់​ការ​ផលិត​ទឹកឃ្មុំ​នៅ​រដូវប្រាំង​ហួតហែង ។

បន្ទាប់​ពី​បាន​ជ្រាប​ខ្លះ​ៗ​អំពី​លក្ខណ​ជីវសាស្ត្រ​របស់​សត្វ​ឃ្មុំ និង​ផលិតកម្ម​ទឹកឃ្មុំ លោក​រដ្ឋមន្ត្រី​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​នូវ​ចំណេះដឹង និង​លទ្ធផល​ស្រាវជ្រាវ​កន្លង​មក​របស់​ក្រុម ការងារ​ដែល​ឈាន​ទៅ​សម្រេច​ទទួល​បាន​ជោគជ័យ​នា​ថ្ងៃនេះ ។ ដោយ​យល់​ពីសារ​ប្រយោជន៍​របស់​ទឹកឃ្មុំ និង​តួនាទី​របស់​មេ​ឃ្មុំ​ក្នុង​ការ​ជួយ​ក្នុង​វិស័យ​បង្កាត់​ពូជ​ដំណាំ លោក​រដ្ឋមន្ត្រី​បាន​ជូន​មតិ​ថា គួរ​ខិតខំ​ពង្រីក​ផលិតកម្ម​នេះ​ឲ្យ​បាន​កាន់តែ​ច្រើន​ថែម​ទៀត និង​គួរ​សិក្សា​អំពី​ផលិតផល​ប្រចាំ​តំបន់ (GI) សម្រាប់​ខេត្ត​ប៉ៃលិន ដើម្បី​ឲ្យ​អតិថិជន​ទទួលស្គាល់​ផលិតផល​នេះ​កាន់តែ​ច្រើន រួម​ទាំង​ការ​វេច​ខ្ចប់​ផង​ដែរ ។

លោក​រដ្ឋមន្ត្រី​បាន​គាំទ្រ​នូវ​គំនិត​ចង់​ចងក្រង​សហគមន៍​ផលិត​ទឹកឃ្មុំ​ប៉ៃលិន ដើម្បី​បង្កើន​បរិមាណ​ផលិត ផ្សព្វផ្សាយ និង​មានការ​ទទួលស្គាល់​ពី​គ្រប់​មជ្ឈដ្ឋាន​ផង​ដែរ ៕