ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកទេសចរ​ទៅ​កម្សាន្ត​នៅ​ខេត្ត​ព្រះ​សីហ​នុ​ថ្ងៃ​ចូល​ឆ្នាំ​ចិន​កើនឡើង​27,22%

9 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត លោក នូ សុផល បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ពិធី​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម ចាប់ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២០ កុម្ភៈ នៅ​តាម​តំបន់​រមណីយដ្ឋាន

ខេត្ត​ព្រះ​សីហ​នុ ៖ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត លោក នូ សុផល បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ពិធី​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម ចាប់ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២០ កុម្ភៈ នៅ​តាម​តំបន់​រមណីយដ្ឋាន ភោជនីយដ្ឋាន និង​កន្លែង​កម្សាន្ត​នានា​នៅ​ក្នុង​ខេត្ត ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ មាន​ចំនួន​៦២.៩៧៦​នាក់ ដែល​តួលេខ​នេះ​អាច​បញ្ជាក់​ឱ្យ​ឃើញ​ថា ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ មានការ​កើនឡើង​ជាង​ពិធី​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម កាលពី​ឆ្នាំ​២០១៤​កន្លង​មក បើ​គិត​ជា​ភាគរយ ចំនួន​ភ្ញៀវ​ទេសចរ​កើនឡើង រហូត​ដល់​២៧,២២% បើ​ប្រៀបធៀប​ក្នុង​រយៈពេល​ដូច​គ្នា ។ ក្នុង​ឆ្នាំ​២០១៤ ភ្ញៀវ​ទេសចរ​ជាតិ មាន​ចំនួន​៥៦.០៦០​នាក់ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៥ មានការ​កើនឡើង​២៩,៤២% ក្នុង​នោះ ភ្ញៀវ​ទេសចរ​អន្តរជាតិ មាន​ចំនួន​៩១៦​នាក់ មានការ​កើនឡើង​១១,៧៦% ។

លោក នូ សុផល បាន​បញ្ជាក់​ថា ភ្ញៀវ​ទេសចរ​នៅ​តែ​បន្ត​ធ្វើ​ដំណើរ​ចូល​មក​កម្សាន្ត​នៅ​ខេត្ត​ព្រះ​សីហ​នុ​ជា​បន្តបន្ទាប់ ដោយហេតុ​ថា រដូវ​នេះ​ជា​រដូវក្តៅ និង​ចំ​ពេល​ចុង​ស​ប្តា​ហ៍ ហើយ​ក៏​ជួន​ពេល​ដែល​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម ឈាន​ចូល​មក​ដល់​ផង​ដែរ ។ ឱកាសល្អ​បែប​នេះ បង្ក​លក្ខណៈ​ឱ្យ​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ បាន​ធ្វើ​ដំណើរ​ជា​លក្ខណៈ​គ្រួសារ មក​មុជទឹក​សមុទ្រ ឬ​លេង​កម្សាន្ត​តាម​ឆ្នេរសមុទ្រ និង​នៅ​តាម​តំបន់​រមណីយដ្ឋាន​បែប​ធម្មជាតិ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ជា​ពិសេស​គឺ​បាន​ទទួលទាន​នូវ​អាហារ​សមុទ្រ​ស្រស់​ៗ​ដែល​មានឱជារស​ឆ្ងាញ់ និង​មាន​តម្លៃ​សមរម្យ ។

លោក​ប្រធាន​មន្ទីរ បាន​បន្ត​ទៀត​ថា ការ​កើនឡើង​នេះ គឺ​ដោយសារ​ខេត្ត​ព្រះ​សីហ​នុ ជា​ខេត្ត​ទេសចរណ៍ ត​ភ្ជាប់​គ្នា​ជាមួយ​ខេត្តកំពត និង​ខេត្ត​កែប ខណៈ​ភ្ញៀវ​ទេសចរ​មក​សម្រាកលំហែ​នៅ​ខេត្ត​ព្រះ​សីហ​នុ​រួច ពួក​គេ​បន្តដំណើរ​ទៅ​កំសាន្ត​នៅ​ឆ្នេរកែប រួច​បន្តដំណើរ​ទៅ​ទស្សនា​ទស្សនីយភាព​ធម្មជាតិ​ប្លែក​ៗ នៅ​លើ​រមណីយដ្ឋាន​ភ្នំ​បូកគោ ក្នុង​ខេត្តកំពត មុន​នឹង​ចាកចេញ​ទៅ​កាន់​លំនៅ​ឋាន​រៀង​ៗ​ខ្លួន​វិញ ។

លោក នូ សុផល បាន​បញ្ជាក់​ជា​ចុង​ក្រោយ​ថា ខេត្ត​ព្រះ​សីហ​នុ ជា​ខេត្ត​ដែល​មាន​តំបន់​ទេសចរណ៍ធម្មជាតិ មាន​ឆ្នេរ​ខ្សាច់​ដ៏​សក្បុស ពី​ធម្មជាតិ មាន​តំបន់​ទឹកធ្លាក់​ក្បាលឆាយ តំបន់​រមណីយដ្ឋាន​ទឹកធ្លាក់​ថ្ម​រូង នៅ​ក្នុងស្រុក​កំពង់​សិលា ។ ហើយ​អ្វី​ដែល​ប្រសើរ​ជាង​នេះ​ទៅ​ទៀត នោះ​នៅ​ក្នុង​លំហ​សមុទ្រ ខេត្ត​ព្រះ​សីហ​នុ សម្បូរ​ទៅ​ដោយ​ប្រជុំ​កោះ ដូច​ជា​កោះ​សង្សារ កោះ​តូច នៅ​ក្នុង​សង្កាត់​កោះ​រ៉ុ​ង កោះ​រ៉ុ​ង​សន្លឹម និង មាន​ភូមិ​ជា​ច្រើន​ទៀត​នៅ​លើ​កោះ ដែល​កំពុង​ត្រូវ​បាន​អភិវឌ្ឍ​កែ​លម្អ​ជា​រមណីយដ្ឋាន​ទេសចរណ៍ ហើយ​បច្ចុប្បន្ន​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ បាន​ទៅ​កម្សាន្ត​លើ​កោះ​ខាងលើ​យ៉ាង​កុះករ ។ ម្យ៉ាងវិញទៀត សេវា​ដឹក​ជញ្ជូន​ទៅ​កាន់​ដែន​កោះ ប្រកបដោយ​សុវត្ថិភាព និង​មាន​ភាព​ងាយស្រួល​ដោយ​ប្រើ​ពេលវេលា​តែ​៤០-៥០​នាទី​ប៉ុណ្ណោះ ដោយ​ប្រើប្រាស់​អូ​ប័​រ​ខ្នាត​ធំ និង​មាន​ល្បឿន​លឿន ដែល​ជា​ការ​ផ្តល់​នូវ​ទំនុកចិត្ត​ដល់​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ ៕