ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផល​មន្ទីរពិសោធន៍​សិង្ហ​បុរី​បង្ហាញ​ថា ម្សៅ​ដោះ​គោ Nutrilatt មាន​ជាតិ​ដែក​ទាប គ្រោះថ្នាក់​ដល់​សុខភាព​ទារក

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កន្លង​មក ឪពុក​ម្តាយ ១៥​គ្រួសារ បាន​ដាក់​ពាក្យបណ្តឹង​លើ​ម្ចាស់​ផលិត​ម្សៅ​ទឹកដោះគោ​ម៉ាក Nutrilatt ទៅ​កាន់​ក្រសួងសុខាភិបាល និង​ក្រសួងពាណិជ្ជកម្ម ដោយសារ​តែ​កូន​របស់​ពួក​គាត់…

រាជធានី​ភ្នំពេញ ៖ កន្លង​មក ឪពុក​ម្តាយ ១៥​គ្រួសារ បាន​ដាក់​ពាក្យបណ្តឹង​លើ​ម្ចាស់​ផលិត​ម្សៅ​ទឹកដោះគោ​ម៉ាក Nutrilatt ទៅ​កាន់​ក្រសួងសុខាភិបាល និង​ក្រសួងពាណិជ្ជកម្ម ដោយសារ​តែ​កូន​របស់​ពួក​គាត់ មាន​អាការ​ស្លេកស្លាំង ធ្លាក់ខ្លួន​ឈឺ ក្រោយ​ប្រើប្រាស់​ផលិតផល​នេះ ។ ឆ្លើយ​តប​ទៅ​នឹង​ពាក្យបណ្តឹង អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ នៃ​ក្រសួងពាណិជ្ជកម្ម​(​ក​.​ប​.​ប​) បាន​យក​សំណាក​ទឹកដោះគោ​ទៅ​មន្ទីរពិសោធន៍​ឯករាជ្យ​មួយ​នៅ​ប្រទេស​សិង្ហ​បុរី ហើយ​លទ្ធផល​បង្ហាញ​ថា ម្សៅ​ទឹកដោះគោ ពិតជា​មាន​សារធាតុ​ដែក​ទាប ដែល​គ្រោះថ្នាក់​ខ្លាំង​ដល់​សុខភាព​ទារក នេះ​បើ​យោង​តាម​ផេ​ក​ហ្វេ​ស​បុក​ផ្លូវការ​របស់ ក​.​ប​.​ប ។

លទ្ធផល​ខាងលើ​នេះ ត្រូវ​បាន​បើក​បង្ហាញ​នៅ​ចំពោះ​មុខ​តំណាង​ក្រសួងសុខាភិបាល តំណាង​អង្គការ​សុខភាព​ពិភពលោក តំណាង​អង្គការ​យូ​នី​សែ​ហ្វ តំណាង​អង្គការ​ហេ​ឡែ​ន​ឃី​លឺ តំណាង​ក្រុមហ៊ុន​ម្សៅ​ទឹកដោះគោ​នុ​ត​ទ្រី​លែ​ត និង​តំណាង​មាតាបិតា​ទារក​រង​គ្រោះ ។

សេចក្ដី​ប្រកាស​ព័ត៌មាន អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ នៃ​ក្រសួងពាណិជ្ជកម្ម ក​.​ប​.​ប ចេញផ្សាយ​នៅ​យប់​ថ្ងៃ​ទី​២៦ ខែសីហា បានអោយ​ដឹង​ថា ផ្អែក​តាម​លទ្ធផល​វិភាគ បង្ហាញ​ថា បរិមាណ​ជាតិ​ដែក និង​ជាតិ​ស័ង្កសី​ជាក់ស្ដែង​ដែល​មាននៅ​ក្នុង​សំណាក​ផលិតផល​ម្សៅ​ទឹកដោះគោ​នុ​ត​ទ្រី​លែ​ត​ស៍ (​ដែល​មាន​លេខ​កូដ ៤៨៧, ៤៨៨, ៥៣៦, ៥៣៧, ៥៣៨ និង ៥៣៩) មាន​កម្រិត​ទាប​ជាង​ឆ្ងាយ​យ៉ាង​ខ្លាំង​ពី​បរិមាណ​ដែល​បាន​បញ្ជាក់​លើ​ស្លាក​ផលិតផល ពោល គឺ​កម្រិត​ជាតិ​ដែក​មាន​ចំនួន​២០​ដង​តិច​ជាង​ចំនួន​ជាតិ​ដែក ដែល​បាន​បញ្ជាក់​លើ​ស្លាក​ផលិតផល ។ ចំណែកឯ​ជាតិ​ស័ង្កសី​វិញ​មាន​ចំនួន​តែ​ជាង​ពាក់កណ្ដាល​ប៉ុណ្ណោះ​ទៅ​នឹង​អ្វី​ដែល​បាន​បញ្ជាក់​លើ​ស្លាក​សញ្ញា ។

អគ្គនាយកដ្ឋាន ក​.​ប​.​ប បាន​លើក​ឡើង​ក្នុង​របាយការណ៍​ជាង​៤០​ទំព័រ ថា «​ផលិតផល​នេះ​ស្ទើរតែ​គ្មាន​ជាតិ​ដែក​សោះ ពោល​គឺ​កម្រិត​ជាតិ​ដែក​មាន​ត្រឹមតែ​០,២៥​មី​លី​ក្រាម​/១០០​ក្រោម​ប៉ុណ្ណោះ បើ​ប្រៀបធៀប​ទៅ​នឹង​តម្រូវការ​យ៉ាងតិច​គឺ​២.២៨៦​មី​លី​ក្រាម​/១០០​ក្រាម​។ ផលិតផល​ត្រូវ​តែ​ផលិត​តាម​ស្តង់ដា​សុវត្ថិភាព​យ៉ាង​តឹងរ៉ឹង និង​មាន​សមាសភាព​ផ្សំ​ជាក់លាក់ ។ ហើយ​ក្នុង​នោះ​បាន​កំណត់​ពី​តម្រូវការ​អប្បបរមា​សម្រាប់​ជាតិ​ដែក​នៅ​ក្នុង​ទឹកដោះគោ​ម្សៅ​ផ្សំ​តាម​រូប​មត្ត​សម្រាប់​ទារក គឺ​មាន​បរិមាណ​ចំនួន​០.៤៥​មី​លី​ក្រាម​/១០០​គីឡូ​កាឡូរី​។ កម្រិត​ជាតិ​ស័ង្កសី​អប្បបរមា​ដែល​អាច​អនុ​ញ្ញា​បាន​គឺ​មាន​បរិមាណ​០.៥ មី​លី​ក្រាម​/១០០​គីឡូ​កាឡូរី​»​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក​.​ប​.​ប​.​នៃ​ក្រសួងពាណិជ្ជកម្ម​» ។

ទាក់ទង​នឹង​លទ្ធផល​ពិសោធន៍​ដែល​ចេញ​ដោយ​មន្ទីរពិសោធន៍​ឯករាជ្យ​នៅ​សិង្ហ​បុរី​នោះ ក្រុមហ៊ុន​ម្សៅ​ទឹកដោះគោ Nutrilatt បាន​ចេញ​លិខិត​បដិសេធ ចំពោះ​លទ្ធផល​របស់​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ដោយ​ក្រុមហ៊ុន ហៅ​លទ្ធផល​នេះ​ថា ជា​លទ្ធផល​ឯកតោភាគី ។

ក្នុង​លិខិត​បដិសេធ​របស់​ក្រុមហ៊ុន​ម្សៅ​ទឹកដោះគោ​នេះ បាន​សរសេរ​ដូច្នេះ​ថា «​ក្រុមហ៊ុន​បាន​សង្កេត​ឃើញ​ពី​ភាព​ប្រក្រតី​ជា​ច្រើន​នៅ​ក្នុង​ការ​ប្រកាស​របស់​ក​.​ប​.​ប​.​នៃ​ក្រសួងពាណិជ្ជកម្ម ដែល​លទ្ធផល​នេះ​មាន​ភាព​ខុស​គ្នា​យ៉ាង​ខ្លាំង ពី​លទ្ធផល​ដែល​ក្រុមហ៊ុន​ទទួល​បាន​ពី​មន្ទីរពិសោធន៍ BVAQ និង​មន្ទីរពិសោធន៍ ALS នៃ​ប្រទេស​សឹ​ង្ហ​បុរី ដែល​មាន​លេខ​កូដ​៥៣៧,៥៦២,៥៦៣ និង​៥៦៨ ដែល​អគ្គនាយកដ្ឋាន​ក​.​ប​.​ប​. តែងតែ​យក​ទៅ​ធ្វើ​ពិសោធ និង​ទទួលស្គាល់​ជា​ផ្លូវការ​» ។

ជា​ការ​ឆ្លើយ​តប បក​ទៅ​ក្រុមហ៊ុន​វិញ អគ្គនាយកដ្ឋាន ក​.​ប​.​ប បញ្ជាក់​ថា ស្ថាប័នរដ្ឋ​មួយ​នេះ មិនមែន​ធ្វើការ​ប្រកាស​លទ្ធផល​ខាងលើ ជា​លក្ខណៈ​ឯកតោភាគី ដូច​ក្រុមហ៊ុន​បាន​ប្រកាស​ឡើយ ។

លោក ផា​ន អូន អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​.) បាន​បញ្ជាក់​ថា ក​.​ប​.​ប​.​នឹង​ប្រមូល​ផលិតផល​ម្សៅ​នេះ​ពី​ទីផ្សារ និង​អ្នក​ប្រើប្រាស់​វិញ ប៉ុន្តែ​ត្រូវ​រង់ចាំ​ការ​សម្រេច​របស់​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ជា​មុន​សិន ។ យ៉ាងណា ក​.​ប​.​ប​. នៃ​ក្រសួងពាណិជ្ជកម្ម ប្រកាស​ទុក​ពេល​១​ស​ប្ដា​ហ៍ ដើម្បី​ឱ្យ​ក្រុមហ៊ុន​នុ​ត​ទ្រី​លែ​ត Nutrilatt ឆ្លើយ​តប​ និងដោះស្រាយចំពោះ​ឪពុក​ម្ដាយ​កុមារ និង​ទារក ដែល​រង​គ្រោះ នៅ​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០២០ ខាង​មុខ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ