រាជធានីភ្នំពេញ ៖ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួង ស្ថាប័នចំនួន២៧ និងអង្គភាពក្រោមឱវាទទីស្តីការគណៈរដ្ឋមន្ត្រីចំនួន៥៣ ព្រមទាំងមន្ត្រីរាជការ បុគ្គលិកទីស្តីការគណៈរដ្ឋមន្ត្រី សរុបជាង៥០០នាក់ បានទទួលសៀវភៅសាលក្រមកាត់ទោស ឌុច នៅព្រឹកថ្ងៃទី២៩ កញ្ញា ឆ្នាំ២០១០ នៅទីស្តីការគណៈរដ្ឋមន្ត្រី ។ ពិធីប្រគល់ និងទទួលសៀវភៅនេះដែលរៀបចំឡើងដោយ អ.វ.ត.ក នៅទីស្តីការគណៈរដ្ឋមន្ត្រីប្រព្រឹត្តទៅដោយមានការចូលរួមជាកិត្តិយសពីលោក ឆេង សារឿន អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាតំណាងលោកឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី លោកក្រាញ់ តូនី ប្រធានស្តីទីការិយាល័យរដ្ឋបាលនៃ អ.វ.ត.ក (សាលាក្តី) និងលោកឃ្នុត រ៉ូសិនហក អនុប្រធានការិយាល័យរដ្ឋបាលនៃ អ.វ.ត.ក ។
ថ្លែងទៅកាន់មន្ត្រីរាជការដែលចូលរួមក្នុងឱកាសនោះ លោកក្រាញ់ តូនី ប្រធានស្តីទីការិយាល័យរដ្ឋបាលនៃ អ.វ.ត.ក បានលើកឡើងអំពីដំណើរវិវឌ្ឍរបស់ អ.វ.ត.ក ដែលបានឈានដល់ការប្រកាសសាលក្រមក្នុងសំណុំរឿង០០១ ប្រឆាំងនឹងកាំង ហ្គេចអ៊ាវ ហៅឌុច នៅថ្ងៃទី២៦ កក្កដា ថ្មីៗនេះ និងការបោះពុម្ភផ្សាយសៀវភៅសាលក្រមជាភាសាខ្មែរ ភាសាអង់គ្លេស និងភាសាបារាំង ។ សាលក្រមនេះជាសមិទ្ធផលនៃការខិតខំរបស់មន្ត្រីតុលាការ និងការធ្វើរួមគ្នារបស់ចៅក្រមជាតិ និងអន្តរជាតិអស់រយៈពេលជាង៨ខែ ។ ព្រឹត្តិការណ៍មួយដែលមិនធ្លាប់កើតមាននៅក្នុងប្រវត្តិតុលាការអន្តរជាតិដទៃទៀត គឺសាធារណជនកម្ពុជា និងអន្តរជាតិប្រមាណ៥ម៉ឺននាក់ បានមកចូលរួមក្នុងដំណើរការរឿងក្តីលេខ០០១ តាំងពីពេលចាប់ផ្តើមរហូតដល់ពេលបញ្ចប់ ។
លោកចាត់ទុកការចូលរួមរបស់សាធារណជនថា ជាការចង់ឃើញយុត្តិធម៌មួយដែលផ្តល់ដល់គ្រប់ភាគីក្នុងរឿងក្តីនៅក្នុងការជំនុំជំរះក្តីប្រកបដោយយុត្តិធម៌ និងចង់ដឹងចង់ឃើញអំពីមូលហេតុនៃអំពើឃោរឃៅនៃឧក្រិដ្ឋកម្មទាំងអស់នេះ ។ លោកក៏ចាត់ទុកជោគជ័យនៃដំណើរការទាំងមូលជាជំហាននៃការផ្សះផ្សាមួយដែលចាប់ផ្តើមពីការជំរះចម្ងល់ទាំងឡាយដែលធ្លាប់មានពីមុនមកតាមរយៈការព្យាយាមស្វែងរកចំលើយរបស់ចៅក្រមនៃ អ.វ.ត.ក ដោយសំអាងលើអង្គហេតុ និងអង្គច្បាប់ ។
លោកបានជំរាបបន្ថែមអំពីសំណុំរឿង០០២ ដែលសហចៅក្រមស៊ើបអង្កេតបានបញ្ជូនសំណុំរឿងជនត្រូវចោទ៤រូប គឺនួន ជា, ខៀវ សំផន, អៀង សារី និងអៀង ធិរិទ្ធ ទៅអង្គជំនុំជំរះសាលាដំបូងដើម្បីជំនុំជំរះក្តី ហើយសវនាការដំបូងត្រូវបានរំពឹងថានឹងចាប់ផ្តើមនៅអំឡុងឆមាសទី១ ឆ្នាំ២០១១ ។ បន្ថែមពីលើនេះ សហចៅក្រមស៊ើបអង្កេតបានទទួលស្គាល់ពាក្យសុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីចំនួន២.១២៣ ក្នុងចំណោមពាក្យសុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីទាំងអស់ចំនួន៣.៩៨៨ និងពាក្យបណ្តឹងធម្មតាចំនួន៤.០០០ ។
លោកក្រាញ់ តូនី បានហៅដំណើរការ អ.វ.ត.ក ថា «ជាការវិវឌ្ឍមួយដ៏គួរឱ្យកត់សំគាល់នៅក្នុងវិស័យច្បាប់ ហើយក៏ឆ្លើយតបទៅនឹងការងារកំណែទំរង់ប្រព័ន្ធយុត្តិធម៌របស់រាជរដ្ឋាភិបាលកម្ពុជា ។ វាបញ្ជាក់ពីភាពចាស់ទុំរបស់កម្ពុជាក្នុងការប្រឈមនឹងអតីតកាលដ៏ខ្មៅងងឹតរបស់ខ្លួន និងលទ្ធភាពក្នុងការស្វែងរកយុត្តិធម៌ និងការពិតក្នុងក្របខណ្ឌសន្តិភាព និងការបង្រួបបង្រួមជាតិ ដើម្បីឈានដល់ការអភិវឌ្ឍ» ។ លោកបានសំដែងសេចក្តីសង្ឃឹមថា តាមរយៈសៀវភៅសាលក្រមដ៏មានសារសំខាន់នេះ ទីស្តីការគណៈរដ្ឋមន្ត្រី នឹងបានស្វែងយល់កាន់តែច្បាស់ទៀតអំពីនីតីវិធីនៃការជំរះក្តី និងការអនុវត្តច្បាប់ទៅលើអង្គហេតុដែលកើតឡើងជាង៣០ឆ្នាំមុន ។
បន្ថែមទៅលើប្រសាសន៍របស់លោកក្រាញ់ តូនី លោកឃ្នុត រ៉ូសិនហក អនុប្រធានការិយាល័យរដ្ឋបាលនៃ អ.វ.ត.ក បានជំរាបជូនដល់មន្ត្រីរាជការដែលមានវត្តមានអំពីមេរៀនដែលកម្ពុជាអាចរៀនសូត្របានពីដំណើរការរបស់ អ.វ.ត.ក ។ ដោយមិនភ្លេចសំដែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់បុគ្គលិកជាតិនៅ អ.វ.ត.ក ខុសប្លែកពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិនានានៅលើពិភពលោក លោករ៉ូសិនហក បានសង្កត់ធ្ងន់ទៅលើ៤ចំណុចដែលអាចទុកជាមេរៀនសំរាប់អនុវត្តតាម គឺទី១-ច្បាប់ទាំងឡាយដែលប្រើប្រាស់នៅ អ.វ.ត.ក រួមទាំងច្បាប់បង្កើត អ.វ.ត.ក ខ្លួនឯងច្បាប់បទបញ្ជាផ្ទៃក្នុង សេចក្តីណែនាំទូទៅសំរាប់បុគ្គលិក។ល។ ដែលជាលទ្ធផលនៃការរួមបញ្ចូលរវាងច្បាប់ជាតិ និងច្បាប់អន្តរជាតិ គឺជាគំរូមួយដ៏ល្អដែលគួរឱ្យរៀនសូត្រតាមសំរាប់ការបង្កើតច្បាប់ថ្មីៗទៀតនៅព្រះរាជាណាចក្រកម្ពុជានាពេលអនាគត ។ ទី២-ច្បាប់យុត្តិសាស្ត្រដែលប្រើប្រាស់ដោយអង្គជំនុំជំរះនៅ អ.វ.ត.ក ។ ទី-៣ ជំនាញ និងចំណេះដែលអាចយកទៅប្រើប្រាស់ស្ថាប័នសាធារណៈ និងឯកជននៅកម្ពុជា និងទី៤-ការគ្រប់គ្រងស្ថាប័ន អ.វ.ត.ក ទាំងមូល រួមទាំងផ្នែករដ្ឋបាល ហិរញ្ញវត្ថុ ភស្តុភារ បច្ចេកវិទ្យា និងតុលាការ ។ លោករ៉ូសិនហក សង្ឃឹមថា កម្ពុជានឹងប្រើប្រាស់បទពិសោធន៍ដែលទទួលបានពី អ.វ.ត.ក ដើម្បីធ្វើឱ្យមានកំណែទំរង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជានាពេលអនាគត ។
មានប្រសាសន៍បិទកម្មវិធី លោកឆេង សារឿន អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាតំណាងលោកឧបនាយករដ្ឋមន្ត្រីបណ្ឌិតសុភាចារ្យ សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានកោតសរសើរចំពោះការខិតខំបំពេញភារកិច្ចរបស់បុគ្គលិកនៃ អ.វ.ត.ក ដើម្បីសំរេចបានជោគជ័យក្នុងការផ្តល់យុត្តិធម៌ជូនជនរងគ្រោះនៃរបបកម្ពុជាប្រជាធិបតេយ្យ ។ លោកបង្ហាញចំណាប់អារម្មណ៍ចំពោះសៀវភៅសាលក្រម ឌុច ថា “នឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ការសិក្សាស្វែងយល់របស់អ្នកច្បាប់កម្ពុជា អំពីសាលក្រមនេះ និងអំពីការងាររបស់ អ.វ.ត.ក ដែលនេះជាការឆ្លើយតបទៅនឹងកំណែទំរង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា” ។ លោកក៏បានបង្ហាញចំណាប់អារម្មណ៍ផ្ទាល់ទៅលើ៤ចំណុចរបស់ អ.វ.ត.ក គឺនេះជាតុលាការកូនកាត់ចំណាយរយៈពេលខ្លី និងថវិកាតិច និងលទ្ធភាពនៃការចូលរួមរបស់សាធារណជនទៅក្នុងដំណើរការរបស់តុលាការ ។
ការប្រគល់ និងទទួលសៀវភៅប្រព្រឹត្តទៅដោយលោកក្រាញ់ តូនី ជូនសៀវភៅសាលក្រមដល់លោកឆេង សារឿន ជានិមិត្តរូបនៃការប្រគល់សៀវភៅសាលក្រមដល់ក្រសួងស្ថាប័ននានាក្នុងជួររដ្ឋាភិបាល ។ សំរាប់ក្រសួង ស្ថាប័នទាំង២៧ និងអង្គភាពទាំង៥៣ ក្រោមឱវាទទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងនីមួយៗទទួលបានសៀវភៅសាលក្រមជាភាសាខ្មែរពេញលេញចំនួន៥០ច្បាប់ សង្ខេប៥០ច្បាប់ ភាសាអង់គ្លេស២ច្បាប់ និងភាសាបារាំង២ច្បាប់ ។ ដោយឡែកអ្នកដែលចូលរួមក្នុងពិធីនេះចំនួនជាង៥០០នាក់ ក្នុងម្នាក់ៗទទួលបានសៀវភៅសាលក្រមភាសាខ្មែរពេញលេញមួយច្បាប់ និងសង្ខេបមួយច្បាប់ ។ នេះគឺជាពិធីប្រគល់ និងទទួលសៀវភៅដែលមានទ្រង់ទ្រាយធំបំផុតតាំងពីពេលដែល អ.វ.ត.ក ចាប់ផ្តើមចែកសៀវភៅសាលក្រម ឌុច ពីពាក់កណ្តាលខែសីហា ឆ្នាំ២០១០ ។ រហូតមកដល់ពេលនេះ អ.វ.ត.ក នៅតែបន្តចែកចាយសៀវភៅសាលក្រមជូនដល់សាធារណជនដែលមានបំណងចង់បាន ព្រោះជាសៀវភៅកត់ត្រាពីប្រវត្តិសាស្ត្រមួយ ៕
ចែករំលែកព័តមាននេះ