ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​ដឹកឈើគ្រញូង​​គេច​ពី​ការតាមប្រមាញ់​បុក​រថយន្ត​ស្ទូច​កៀប​ស្លាប់ខ្លួន​ឯង

15 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ រថយន្ត​ដឹក​ឈើ​ម៉ាក​កាមរី​ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ច.៥២១៥ ភព២ មួយគ្រឿង បាន​បើក​រត់គេច​ពី​ការ​ប្រដេញ​ចាប់​របស់​សមត្ថកិច្ច ទៅបុករថយន្ត​ស្ទូច​របស់​ការិយាល័យ​នគរបាល​ចរា​ចរផ្លូវ​គោក​នៃស្នង​
ការ​ដ្ឋាន​​​នគរបាល​រាជធានីភ្នំពេញ​​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ បណ្តាល​ឱ្យអ្នក​បើក​បរ​រថ​យន្ត​ដឹក​ឈើ​កៀប​ស្លាប់​នៅក្នុង​រថយន្ត ។ នៅ​ក្នុង​ហេតុ​ការណ៍​​នេះ​ដែរ បណ្តាល​ឱ្យ​មន្ត្រី​​ប៉ូលិស​ម្នាក់​ដែលបើករថយន្ត​ស្ទូច​ ឈ្មោះឈឹម វ៉ាន់ថា ភេទ​ប្រុស ​អាយុ​៤០​ឆ្នាំ​​​ ឋានន្តរស័ក្តិ​​អនុសេនីយ៍​ត្រី​​បានរងរបួស​​ធ្ងន់​ផង​ដែរ ។ ​

គ្រោះថ្នាក់​ចរា​ចរណ៍​​ដ៏​រន្ធត់នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​​​​១០​យប់ ថ្ងៃទី​២០ មីនា នៅ​តាមផ្លូវ​លេខ​៥៩៨​មុខ​ស្នង​ការ​ដ្ឋាននគរបាល​រាជ​ធានីភ្នំពេញ ​ក្នុងសង្កាត់​​ច្រាំង​ចំរេះ​ទី២ ខណ្ឌប្ញស្សី​កែវ ។ ​អ្នក​បើក​បរ​រថយន្ត​ដឹកឈើ​​ដែលស្លាប់​ត្រូវសមត្ថកិច្ច​ឱ្យ​ដឹង​ថា ឈ្មោះ​ភួង​ សុខ​គា ​ភេទ ប្រុស ​អាយុ​២៣​ឆ្នាំ មានទីលំនៅ​ភូមិ​ទី៤ ​ឃុំ​កំពង់​ហ្លួង ស្រុក​ក្រគរ ខេត្ត​ពោធិ៍​សាត់ ។ ​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​​បានឱ្យ​ដឹង​ថា ​នៅ​មុន​ពេលកើតហេតុ​រថយន្ត​ម៉ាកកាមរី​ដឹកឈើ​គ្រញូង​​ខាង​លើ ​បើក​បរ​តាម​ផ្លូវ​លេខ​៥៩៨ ក្នុងទិសដៅ​ពីជើង​​មក​ត្បូង​​ចូលរាជ​ធានីភ្នំពេញ​ក្នុង​ល្បឿន​លឿន​​ ដែល​នៅពី​ក្រោយ​មានរថយន្ត​របស់​សមត្ថកិច្ច​បាន​ប្រដេញ តែ​មិន​ដឹង​ថា សមត្ថកិច្ច​​ខាង​ណា​ទេ។ ​នៅ​ពេល​ធ្វើដំណើរ​មកដល់​ចំណុច​ស្នងការដ្ឋាន​ក៏​បាន​បុករ​ថយន្ត​ស្ទូច​​​ម៉ាកហ៊ីយ៉ាន់​ដាយ ពាក់​ស្លាក​លេខនគរបាល​​2.0252 ​របស់​ការិយាល័យ​​នគរ​បាល​ចរា​ចរ​ផ្លូវ​គោក​រាជ​ធានី​ភ្នំពេញដែល​បើក​បរក្នុង​ទិស​ដៅ​បញ្ច្រាស​កំពុង​បត់​ចូល​ការិ​យា​ល័យ​ពេញ​ទំហឹង​​ បណ្តាល​ឱ្យ​រថ​យន្ត​ដឹកឈើ​​ក្រពឹត​ផ្នែកខាង​មុខ​កៀប​អ្នក​បើក​បរស្លាប់​ជា​ប់​ក្នុង​រថ​យន្ត ។

​តាមសាក្សី​បន្ត​ទៀត​ថា ការ​កើត​មានគ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​នេះ​ដោយ​សារ​តែ​រថយន្ត​ដឹក​ឈើ​បើក​បរ​ក្នុង​ល្បឿន​លឿន​​គេច​ពី​ការតាម​ប្រមាញ់​ ហើយ​បានបុក​រថយន្ត​​សមត្ថកិច្ច​ដែល​ធ្វើដំណើរ​មកពី​បំពេញ​ការ​ងារ​​ ពេល​បត់​ចូល​ទៅ​កាន់​ការិ​យាល័យ ។ តាម​ព័ត៌​មាន​ឱ្យ​ដឹង​ទៀត​ថា រថយន្ត​ទាំង​ពីរ​​គ្រឿង​បាន​រង​ការខូច​ខាត​យ៉ាង​ធ្ងន់ធ្ងរ​ខ្ទេច​មុខ​​ដូច​គ្នា ។​​ មុន​ពេលបុក​រថយន្ត​ដឹកឈើ​បានជាន់​ហ្វ្រាំង​​អូស​ចម្ងាយ៣៥​ម៉ែត្រ ។ ​រថយន្ត​ទាំងពីរ​​ត្រូវសមត្ថកិច្ច​​ស្ទូច​យកទៅ​កាន់​ការិ​យាល័យ​ចរា​ចរ​​​​ផ្លូវ​គោក​​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​​រាជ​ធានី​ភ្នំពេញ ។​ ចំណែក​សព​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូនទៅ​ធ្វើបុណ្យ​នៅស្រុក​កំណើត ៕