ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិភូកង​ទ័ព​វៀត​ណាម​ធ្វើ​ទស្សនកិច្ច​នៅយោធភូមិភាគទី៥

15 ឆ្នាំ មុន

ខេត្ត​បាត់ដំបង ៖ ប្រតិភូ​កងទ័ព​ប្រជាជន​វៀតណាម​ក្នុង​ភូមិភាគ​ទី​៩ជាង​១០​នាក់​ ទៅ​សួរសុខទុក្ខ​កងទ័ព​កម្ពុជា​នៅទី​បញ្ជា​ការ​យោធ​ភូមិ​ភាគ​ទី​៥​ក្នុង​ខេត្ដបាត់ដំបង​កាលពីវេលា​ល្ងាច​​ថ្ងៃ​ទី​២៩​ ​មី​នា ​ដោយ​មានការ​ដឹកនាំ​ពី​លោកឧត្ដម​សេនីយ៍ឯកប្រាក់ សុវណ្ណ មេ​បញ្ជា​ការ​រង​កងទ័ពជើងគោក និង​ទទួល​ស្វាគមន៍​ពីលោក​ឧត្ដមសេនីយ៍ទោ​ប៊ុ​ន សេង​ មេបញ្ជាការ​យោធ​ភូមិ​ភាគ​ទី​៥​ ឯ​ភាគី​វៀតណាម​ដឹកនាំ​ដោយ​​លោក​ឧត្ដមសេនីយ៍​ទោត្រឹ​ន ភី​ហូ មេ​បញ្ជាការ​កងទ័ព​​ភូមិភាគ​ទី​៩ ដែល​មាន​មេ​បញ្ជា​ការ​ខេត្ដ​ហូ​វ​យ៉ាង​ និងខេត្ដ​គៀង​យ៉ាង​ចូល​រួម​ផង​ដែរ​។​

​លោក​ឧត្ដមសេនីយ៍ទោ​ប៊ុ​ន សេង ​​បាន​លើក​ឡើង​អំពី​សភាពការណ៍​ទូទៅ​ដែល​ពួក​សៀម​ឈ្លានពាន បាញ់​ផ្លោងនៅ​តំបន់​ប្រាសាទ​ព្រះ​វិហារ​បណ្ដាល​ឱ្យ​ខូចខាត​ប្រាសាទ​ជា​សម្បត្តិ បេតិកភណ្ឌ​ពិភពលោក ។ រឿង​រ៉ាវ​​ដ៏​​ធ្ងន់​ធ្ងរនោះ ​គឺភាគី​ថៃគ្មាន​សុ​ច្ឆន្ទៈក្នុង​ការ​ចូល​រួមដោះស្រាយ​ដោយ​ពហុភាគីនៅ​តែ​ទាមទារ​ដោះស្រាយ​ទ្វេ​ភាគី​ ហើយ​ប្រើ​ល្បិច​គ្រប់​បែប​យ៉ាង​ដើ​ម្បី​ពន្យារពេល​មិន​ឱ្យ​ដោះស្រាយ​ចេញ​ដោយ​មាន​គំនិត​ឈ្លានពាន​ដដែល​ តែ​កងទ័ព​កម្ពុជា​ត្រៀម​ជា​និច្ច​ក្នុងការ​វាយ​បក​វិញ​មិន​ឱ្យ​ទ័ព​សៀម​ឈ្លានពានបាន​ឡើយ​។

លោក​បន្ដ​ទៀត​ថា ​ពេលក្រោយ​ៗ​មក​ទៀត​គំនិត​ឈ្លានពាន​បាន​ឆ្លៀត​ប្រើ​ល្បិច​ដូច​នៅ​តំបន់​ប្រា​សាទព្រះ​វិហារ​ គឺ​ប្រើ​មនុស្ស​៧​នាក់​ឱ្យ​ចូល​មកភូមិ​ជោគជ័យ​ ឃុំ​អូរ​បី​ជាន់ស្រុក​អូរ​ជ្រៅ​ខេត្ដបន្ទាយមានជ័យ​តែ​ត្រូវ​សមត្ថកិច្ច​និង​កងទ័ព​កម្ពុជា​ចាប់​ខ្លួន ហើយ​អនុវត្ដតាម​ច្បាប់​កម្ពុជា​ដោយ​ប្រើ​យុ​ទ្ឋ​សាស្ដ្រ​ដោះស្រាយ​ផង ទប់ស្កាត់​ផង​ដែល​មានប្រជាជន​ជួយ​រាយ​ការណ៍គាំទ្រ​ពីក្រោយ​ដល់​កម្លាំងប្រដាប់អាវុធ​ក្នុង​បុព្វហេតុ​ការពារ​ប្រទេស​ជាតិ​​ ។​ លោក​បន្ដ​ទៀត​ថា ​យើង​ដឹងគុណ​ជា​និច្ច​ដល់​កងទ័ព​ប្រជាជន​វៀតណាមដែល​បាន​ជួយ​កម្ពុជា​កន្លង​មក ។ ​ដោយឡែក​កងទ័ព​ភូមិភាគ​៩ ​និង​ខេត្ដ​ហូ​វ​យ៉ាង​ និង​គៀង​យ៉ាង​បន្ដ​ជួយ​កងទ័ព​យោធ​ភូមិ​ភាគ​ទី​៥​កម្ពុជា​តាំងពី​ឆ្នាំ​២០០៧​ មក​មាន​អគារ​​ស្នាក់​នៅ​, ​អគារ​មន្ទីរពេទ្យ​, ​ប្រ​ព័​ន្ធផ្លូវ​ក្រៅ​-ក្នុ​​ង​ទីតាំង​កងទ័ព​, ​បណ្ដុះបណ្ដាល​កងទ័ព​,​បំប៉ន​បច្ចេកទេស​យោធា​ និង​ជួសជុល​អាវុធ​ដើម្បី​ពង្រឹង​ឱ្យ​កងទ័ព​កម្ពុជា​មានគុណ​ភាព​បន្ដ​រហូត​មក​ដល់​ពេល​នេះ​ ។

​លោក​បន្ថែម​ទៀត​ថា ​កន្លង​មក​យោធភូមិ​ភាគ​ទី​៥​កម្ពុជា​បាន​រួម​សហ​ការ​ជាមួយ​កងទ័ព​វៀតណាម​ក្នុង​ការ​រុករក​អដ្ឋិ​ធាតុ​កងទ័ព​វៀត​ណាម​ដែល​ពលី​ជីវិត​នៅ​ខេត្ដ​បាត់ដំបង ​ខេត្ដ​ពោធិ៍សាត់ ខេត្ដបន្ទាយមានជ័យ និង​ខេត្ដ​ប៉ៃ​លិន ក្នុង​បុព្វហេតុ​ជួយ​ប្រទេសកម្ពុជា​​ពេល​មាន​អាសន្ន​​ដែល​គិតមក​ដល់​ឆ្នាំ​២០១០​រុករក​ឃើញ​អដ្ឋិធាតុ​កងទ័ព​វៀតណាម​ចំនួន​២៧៩​​រូប​។ ឆ្លើយ​តប​វិញ​លោក​ឧត្ដមសេនីយ៍ទោត្រឹ​ន ភី​ហូ ថ្លែងថា ​យើង​កំពុង​តែ​អនុវត្ដតាម​កិច្ច​សហ​ការ​ព្រមព្រៀង​រួម​គ្នា​តាម​អនុស្សរណៈ​យោគ​យល់​គ្នា​ដែល​បាន​ចុះ​ហត្ថ​លេខា​ដោយ​ក្រសួង​ការពារ​ជាតិ​កាលពី​ឆ្នាំ​២០១០ ។​ ​ពេល​នេះ​ ក្នុង​កម្ម​វិធីចុះ​សួរ​សុខ​ទុក្ខ លោក​សុំ​ទទួលស្គាល់​សភាព​ការណ៍​រួមរវាង​កម្ពុជា​-​សៀម​ដែល​កើត​​​មានពេល​ថ្មី​ៗ​នេះ ។ នៅ​ដើមឆ្នាំ​២០១១​នេះ ខាង​ប្រទេស​វៀតណាម​​សង្កេត​ឃើញសម​យុ​ទ្ធផ្នែក​យោធា​នៅ​លើ​ផ្ទៃ​ទឹកស​មុទ្រ​របស់​ថៃ​ដែល​មាន​អា​មេ​រិ​ក​ចូលរួម​ផង​នោះ​គឺជា​ការ​បង្អួត​បង្ហាញ​ផ្នែក​គ្រឿង​សព្វា​វុធ​របស់​អា​មេ​រិ​ក ​ហើយ​អា​មេ​រិ​ក​ក៏​មិន​ទាន់​បោះ​បង់​ចោល​នូវ​គំនិត​ចាស់​ពី​មុន​មក​ដែរ​ដោយ​ឃោសនា ​​និង​មាន​ពួក​អមិត្ដ​ជួយ​បន្ទរ​ថា ប្រទេស​វៀតណាម​គ្មាន​គោរព​ច្បាប់​សិ​ទ្ធិមនុស្ស​ឱ្យ​បាន​ត្រឹមត្រូវ​អ្វី​ឡើយ រួម​ទាំង​កម្ពុជា​ និង​ឡាវ​ផង​ដែរ ។ នេះសុ​ទ្ធតែ​ជា​ប្រទេស​ដែល​ធ្លាប់​រង​គ្រោះ​ដោយសារ​អា​មេ​រិ​ក​ពី​មុន​មក​ដែល​មាន​គំនិត​​ញុះ​ញ​ង់​ចង់ឱ្យ​កើត​ស​ង្គ្រាម​ ។

លោក​បន្ដ​ទៀត​ថា អា​មេ​រិ​ក​កំពុង​តែ​រក​វិធី​ទប់ស្កាត់រាល់​សម​យុ​ទ្ធរបស់​ចិន​នៅ​សមុទ្រ​ខាង​ត្បូង​ និងប៉ែក​ឥណ្ឌូចិន​នេះ ហើយ​ចំណែក​យើង​ដែល​រស់នៅ​រួម​គ្នា​នេះ គឺដឹង​សុខទុក្ខ​ជាមួយ​គ្នា​ព្រោះ​កន្លង​មក​យើងតែងតែ​សហការ​រួម​គ្នា​ទាំង​ប្រជាជន​ទូទៅ​និង​តាម​បណ្ដោយ​ទន្លេមេគង្គ​មាន​ឡាវ កម្ពុជា និងវៀតណាម​ ។ ​ដោយឡែក​កម្ពុជា​ ​វៀតណាម​យើង​​បាន​រួម​គ្នា​ទប់ស្កាត់​រាល់​បទល្មើស​ដែល​ខុស​ច្បាប់​ទាំង​ដែនទឹក ​និង​គោក​បាន​ល្អតាម​ខ្សែបន្ទាត់​ព្រំដែន ។ ចំពោះ​ដែន​សមុទ្រ​ និង​ដែន​កោះ កន្លង​មក​មាន​ប្រជាជន​វៀតណាម​ចូល​មក​នេសាទជ្រៅ​ហួស​ព្រំដែន​ត្រូវ​កងទ័ព​កម្ពុជា​ចាប់​បញ្ជូន​ទៅ​វិញ​១៩​ករណី​។ ​អាជ្ញាធរ​វៀតណាម​អប់​រំជា​ប្រចាំ​នៅ​តែ​មាន​បទ​ល្មើស​ដដែល​ ពីព្រោះ​តែ​នៅ​ដែនទឹក​ខាង​កម្ពុជា​សំបូរ​ត្រី​ជាង​នៅ​ខាង​វៀតណាម​ ហើយ​ប្រជា​នេសាទ​មិន​គិត​អំពី​រឿង​ខុស​ច្បាប់​ ឬហួស​ខ្សែ​បន្ទាត់​ព្រំដែន​ឡើយ​ គឺ​គិតតែ​ពី​ការនេសាទ​​។ រឿង​នេះ ​​ខាង​វៀតណាម​កំពុង​អប់រំ​បន្ដ​កុំឱ្យ​មាន​ទៅ​ថ្ងៃក្រោយ​ទៀត​។​ ​កងទ័ព​ប្រជាជន​វៀតណាម​ភូមិភាគ​៩​បាន​ទទួល​សំណើ​ពី​យោធភូមិ​ភាគ​ទី​៥​ឱ្យ​ជួយ​ជា​បន្ដ​ទៀត​ដើម្បី​ពង្រឹងគុណភាព​កងទ័ព​កម្ពុជា​ឱ្យ​កាន់តែ​មាន​ប្រ​សិ​ទ្ធភាព​​ឡើង ៕