ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជុំវិញ​កិច្ច​ប្រជុំJBCត្រៀមធ្វើនៅប្រទេសឥណ្ឌូណេស៊ី កម្ពុជាបានដើរ​មុន​ភាគី​ថៃ​មួយជំហាន​ទៀតក្នុងការ​សម្រេចចិត្ត

15 ឆ្នាំ មុន

យោងតាម​កាសែត​បាង​កក​ប៉ុស្តិ៍​​របស់ថៃ​ផ្សាយ​​ជា​ភាសា​អង់គ្លេស​​នៅថ្ងៃទី​​៩ មីនា ​ឱ្យ​ដឹង​ថា ​នាយក​រដ្ឋ​មន្ត្រីថៃ​លោកអាប់ភីស៊ីត​ វ៉េ​ចាជី​វ៉ា ​សង្ឃឹម​​ថា កិច្ចប្រជុំ​​​គណៈ​កម្មាធិការ​​ព្រំដែន​​ចម្រុះ (JBC) ដែល​​​ត្រូវ​រៀបចំឡើង​នៅ​ក្នុងប្រទេស​ឥណ្ឌូ​ណេស៊ី​​នាពេលខាង​មុខនេះ​នឹង​​ជា​ចំណុច​​ចាប់​ផ្តើម​​មួយ ដើម្បី​​បន្ធូរ​បន្ថយ​​​ភាព​តានតឹង​​នៅ​តាម​​បណ្តោយព្រំដែន​​រវាង​ប្រទេស​​ថៃ និង​ប្រទេស​​កម្ពុជា ។​ លោកអាប់ភីស៊ីត បានលើកឡើង​​ដូច្នេះ​​ក្រោយ​ពី​​ភាគីកម្ពុជា​​បាន​​ឯក​ភាព​ចំពោះកិច្ច​ប្រជុំ​​នេះដែល​ស្នើឡើង​​ដោយ​ប្រធានអាស៊ាន​​​ដោយ​​ត្រូវ​រៀប​ចំ​ធ្វើ​នៅថ្ងៃទី​​២៤និង​​២៥ មីនាខាង​មុខ។​

កាសែតបាង​កកប៉ុស្តិ៍​​បានដកស្រង់​​សម្តី​លោក Thani Thongpha Kdi អ្នកនាំ​ពាក្យ​​ក្រសួង​​ការបរទេស​ថៃ ​ដែលថ្លែង​​កាលពីថ្ងៃទី​​​៨ ​មីនា ​កន្លង​មក​​​ថា រដ្ឋ​មន្ត្រី​​ការបរទេស​​ឥណ្ឌូណេស៊ី​​​លោក​ម៉ាធី ណាតាឡេហ្គាវ៉ា ​​ជា​​ប្រធាន​​អាស៊ាន ​បាន​​ជម្រាប​​ក្រសួង​​ការបរទេសថៃ​​​ថា កម្ពុជា​បាន​ឯកភាព​​រួចហើយ​ចំពោះ​​ការ​ចូល​រួម​​កិច្ចប្រជុំ​​ JBC ដែលស្នើឡើង​​​នោះ ។​

ដំបូង​កិច្ចប្រជុំ​ JBC ត្រូវគ្រោងរៀបចំ​​​​ធ្វើ​នា​ចុងខែ​​កុម្ភៈ កន្លង​មក ​ប៉ុន្តែ​បាន​ពន្យារ​ពេល​​វិញ ​ដោយភាគី​​ថៃ​អះអាង​ថា ​កម្ពុជា​​ចង់​ឱ្យ​មាន​​​អន្តរា​គមន៍​​​​ពីសហគមន៍​​អន្តរជាតិ​សិន ។​​ កាសែតថៃ​​ដដែល​នេះ​បាន​ដកស្រង់សម្តី​​​លោក​​​អាប់ភីស៊ីត ​ដែល​ថ្លែង​ថា ​«ខ្ញុំ​សង្ឃឹម​​​ថា កិច្ចប្រជុំ​​នេះនឹង​ជួយ​បន្ធូរបន្ថយ​​ភាព​តានតឹង​​រវាង​ប្រទេស​​ទាំង​ពីរ» ។ ​ប្រភពព័ត៌​មាន​​ពីកាសែត​​បាង​កកប៉ុស្តិ៍​​​ឱ្យ​​ដឹង​ទៀត​ថា ​លោក​នាយករដ្ឋ​មន្ត្រី​​​អាប់ភីស៊ីត ក៏នឹង​​មិន​ជំទាស់ដែរ ប្រសិនបើ​​កិច្ចប្រជុំ ​JBC ត្រូវរៀបចំ​​ធ្វើឡើង​​ក្រោមការ​សង្កេត​របស់​តំណាង​អាស៊ាន ឬ​ប្រធានអាស៊ាន។​

ទីភ្នាក់ងារ​​ព័ត៌មានផ្លូវ​​​​​​ការចិនស៊ីនហួ​​កាលពី​ថ្ងៃទី​​​៨ មីនា ​​បានដក​ស្រង់សម្តីលោក​កុយ គួង ​​អ្នកនាំពាក្យ​​ក្រសួងការបទេស​​ និងសហប្រតិបត្តិ​ការ​​អន្តរជាតិ​កម្ពុជា​ដែល​​ថ្លែង​ថា លោក​ឧបនា​យ​ក​រដ្ឋ​​មន្ត្រី​​​​ហោ ណាំ​ហុង រដ្ឋមន្ត្រី​​​ក្រសួងការ​បរទេស និង​ស​ហ​​ប្រតិបត្តិការ​​អន្តរជាតិ បាន​ផ្ញើ​លិខិត​​មួយ​ច្បាប់​ជូន​រដ្ឋ​មន្ត្រី​​ការបរទេស​​ឥណ្ឌូ​ណេស៊ី ​​លោក​​​ម៉ាធី ណាតាឡេហ្គាវ៉ា ដែលក្នុង​លិខិត​​នោះ​លោក​ឧប​នាយករដ្ឋ​មន្ត្រី​​​​​​សរសេរ​ថា ​​កិច្ចប្រជុំ JBC និង​កិច្ចប្រជុំ​​​ GBC ត្រូវតែ​​​រៀបចំឡើង​​​ដោយមាន​ការ​​ចូល​រួម​ពី​ប្រធាន​អាស៊ាន ឬ​តំណាង​អាស៊ាន ​យ៉ាង​ហោចណាស់​​ក៏​នៅ​​ក្នុងពិធី​​​បើក​កិច្ច​ប្រជុំ​ដែរ ​ហើយ​នៅ​ពេល​​កិច្ច​ប្រជុំ​​ចប់ ភាគី​​ទាំង​ពីរ​​កម្ពុជា ​និង​ថៃ​ត្រូវ​​តែ​រាយ​ការណ៍​​អំពីលទ្ធ​ផល​​នៃ​កិច្ច​​​ប្រជុំ​នេះ​ជូន​ប្រធាន​អាស៊ាន ។

យោងតាម​​របាយ​ការណ៍​​របស់​ស្ថាន​ទូត​កម្ពុជា​​​​​ប្រចាំប្រទេស​ឥណ្ឌូ​ណេស៊ី​​ ប្រមុខ​ការទូត​ឥណ្ឌូណេស៊ី​ លោក​ម៉ាធី ណា​តាឡេហ្គាវ៉ា បាន​​សម្រេច​ស្នើ​ឱ្យ​មាន​កិច្ច​ប្រជុំ​​​គណៈ​​កម្មាធិការ​ព្រំ​ដែន​ទូទៅ​និង​គណៈ​កម្មការ​ចម្រុះ​​បោះ​បង្គោល​​ព្រំដែន​​​កម្ពុជា-​ថៃ នៅ​ថ្ងៃទី​​២៤ និង​ថ្ងៃទី​២៥ មីនា នៅ​ក្នុង​ក្រុង​ Bogorក្បែរ​​​ទីក្រុង​ហ្សាការ​តា​។ ​លោក​កុយ គួង អ្នកនាំពាក្យ​​ក្រសួង​ការបរទេស​ ​កម្ពុជា​ត្រូវបាន​​ដក​ស្រង់​សម្តី​ថា នៅ​ក្នុង​លិខិត​ឆ្លើយ​តបទៅ​រដ្ឋ​មន្ត្រី​​​ការបរទេស​​​ឥណ្ឌូណេស៊ី​​ លោក​ឧបនាយករដ្ឋ​មន្ត្រី​​ហោ ណាំហុង​ បាន​ស្នើ​ទៅ​ប្រធាន​​អាស៊ាន​ថា ត្រូវ​​​មាន​​​វត្ត​មាន​រដ្ឋ​មន្ត្រី​​ការបរទេស​ឥណ្ឌូណេស៊ី​ ឬ​​អ្នក​តំណាង​យ៉ាង​​ហោច​ណាស់​នៅ​​ពេលបើក​កិច្ច​ប្រជុំ​នៃជំនួប​​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​​ ដែល​ដឹកនាំ​ដោយ​រដ្ឋ​មន្ត្រី​​ការ​ពារ​ជាតិ និង​កិច្ច​ប្រជុំ​គណៈ​កម្មាធិ​ការ​ចម្រុះ​ព្រំដែន​កម្ពុជា​-ថៃ​ ។

ក្រុម​អ្នក​​​វិភាគ​បាន​មើល​​ឃើញ​​​ថា ទោះបីជា​ពេល​នេះ​ភាគី​ថៃ​​បាន​ព្រម​ក្តី ក៏​បង្ហាញ​​ថា ​កម្ពុជា​​បាន​ដើរ​មុន​ថៃ​មួយ​ជំហាន​​ទៀត​ហើយ នៅពេល​ដែល​គេ​នៅ​មិន​ទាន់​បាន​ដឹងអំពី​ការ​ឆ្លើយ​តប​របស់​រដ្ឋាភិបាល​ថៃ ភ្លាមៗ​នោះ ។ ​រដ្ឋា​ភិបាល​កម្ពុជា​​បាន​ប្រកាស​​ជំហរ​​ច្បាស់​​លាស់​នៅ​ពេល​​​នេះ បន្ទាប់ពី​​ការ​ចរចា​​​ទ្វេភាគី​​កន្លងមក​​​ ហាក់​ដូចជា​​មិន​បានការ​អ្វីទាំងអស់​ក្នុង​ការ​​​ដោះ​ស្រាយ​​ជម្លោះ​ព្រំដែន​នេះ ហើយ​បាន​​ប្រកាស​ថា ​​​ចាប់ពី​ពេល​នេះ​ទៅ កម្ពុជា​ឈប់​ប្រើ​ប្រាស់​យន្ត​ការ​ទ្វេ​ភាគី​​ដោយ​គ្មាន​ភាគី​ទី៣​ទៀត​ហើយ ។ ការចរចា​​ ឬការ​ពិភាក្សា​ត្រូវ​ប្រព្រឹត្ត​​ទៅ​មួយ​ទល់​មួយ​​រវាង​កម្ពុជា​​និង​ថៃ​មែន ប៉ុន្តែ​ការពិភាក្សា​​ត្រូវ​មាន​ការ​​ដឹងឮ​​​ពីភាគី​ទី៣ គឺឥណ្ឌូណេស៊ី​ ។​

កិច្ច​ចរចា​ទ្វេភាគី​​ រវាង​គណៈ​​កម្មាធិ​ការ​ព្រំដែន​​​កម្ពុជា​និង​ថៃ បាន​ផ្អាក​តាំងពីឆ្នាំ​២០០៩​មក ។ ​ការ​កោះ​ប្រជុំ​ជា​ថ្មី​នៅ​ក្នុង​ប្រទេស​​ឥណ្ឌូ​ណេស៊ី​នា​ចុង​ខែ​មីនា​ខាង​មុខ​នេះ​ គឺ​ដោយ​មាន​ភាគី​ទី៣​ ចូល​រួម​​ដឹងឮ​ទើប​កិច្ច​ចរចា​ដំណើរ​ការ​ទៅ​បាន ។ ក្រសួង​ការ​បរទេស​​កម្ពុជា​ នៅ​ថ្ងៃទី៨ មីនា បាន​ទទួល​​យក​ជា​ផ្លូវ​ការ​ហើយ​នូវ​សំណើ​របស់​រដ្ឋ​មន្ត្រី​​ក្រសួងការបរទេស​​ឥណ្ឌូណេស៊ី​ លោក​ម៉ាធីណាតាឡេហ្គាវ៉ា ជា​ប្រធាន​​អាស៊ាន​ កាលពី​ថ្ងៃទី​​៧ ខែមីនា ​កន្លង​ទៅ​នេះ ​ដែល​បាន​កោះ​ឱ្យ​មាន​កិច្ច​ប្រជុំ​ទ្វេភាគី​​រវាង​គណៈកម្មាធិការ​ព្រំដែន​​កម្ពុជា និង​ថៃ ក្រោម​ការ​តាម​ដាន​ដោយ​ភាគី​៣​ នៅក្នុង​ប្រទេស​​ឥណ្ឌូណេស៊ី​​ខាង​មុខ​នេះ។ ​កិច្ច​ប្រជុំ​​នោះ គេ​បាន​ចែកជា​២​ផ្នែក​ដោយ​ឡែក​ពី​គ្នា គឺទី១-​ជា​កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​ព្រំដែន​ចម្រុះ​រវាង​កម្ពុជា​និង​ថៃ និងទី២-​ជា​កិច្ច​ប្រជុំ​គណៈ​កម្មាធិការកិច្ច​ការព្រំដែន​ទូទៅ​ រវាង​កម្ពុជា​និង​ថៃ ដោយ​ចាប់ផ្តើម​​ធ្វើ​ពី​ថ្ងៃទី​២៤ ខែមីនា​ ដល់​ថ្ងៃទី​២៥ ខែមីនា​ ឆ្នាំ២០១១​ នៅ​ក្នុង​ទីក្រុង​Bogor ​ជិតទី​ក្រុង​ហ្សាការតា​ ប្រទេស​ឥណ្ឌូ​ណេស៊ី ។

ប្រធាន​​គណៈកម្មាធិការ​កិច្ច​ការ​ព្រំដែន​​នៃ​ប្រទេស​កម្ពុជា លោក​វ៉ា គឹមហុង ត្រូវ​បាន​ដក​ស្រង់​​​ប្រសាសន៍​​ដោយ​វិទ្យុ​​​ផ្សាយ​ជាខេមរភាសា​​ថា លោក​បាន​ត្រៀម​ខ្លួន​ទៅ​ចូលរួម​នៅក្នុង​កិច្ច​ប្រជុំ​នោះ​ហើយ ។  «សម្តេច​តេជោ​​លោក​ឯក​ភាព​​ហើយ លោក​ឱ្យទៅ​ហើយ ។ បញ្ហា​គឺ​ទាក់​ទង​នឹង​រឿង​ព្រំដែន​រវាង​ប្រទេសទាំង២​ ដែល​នឹង​ត្រូវ​លើក​ឡើង» ។ គួររំលឹក​ថា កាលពី​ថ្ងៃទី​២២ ខែកុម្ភៈកន្លងទៅនេះ រដ្ឋ​មន្ត្រី​​​ក្រសួង​ការ​បរទេស​​ឥណ្ឌូណេស៊ី​ លោក​ម៉ាធី ណាតាឡេហ្គាវ៉ា ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ បាន​កោះ​​ហៅ​​ជាបន្ទាន់​មួយ​ឱ្យ​មាន​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋ​មន្ត្រី​​​ការបរទេស​អាស៊ាន​ នៅក្នុង​ទីក្រុង​ហ្សាការតា​ ប្រទស​ឥណ្ឌូ​ណេស៊ី  ដើម្បី​រក​ដំណោះ​ស្រាយ​បទ​ឈប់​បាញ់​​គ្នា​រវាង​កងទ័ព​កម្ពុជា និង​ថៃ ដែល​បាន​ផ្ទុះ​​ឡើង​កាលពី​ថ្ងៃទី​៤​ ខែកុម្ភៈ​ រហូតដល់​ថ្ងៃទី​៧ ខែកុម្ភៈ​​កន្លង​ទៅនេះ ។ ការ​កោះ​ប្រជុំ​ជាបន្ទាន់​នោះ គឺ​​ក្រោយ​ពេល​ដែល​ក្រុម​ប្រឹក្សា​សន្តិសុខ​​អង្គការ​​សហប្រជា​ជាតិ​​បាន​កោះ​​ប្រជុំ​ជាបន្ទាន់​ កាលពី​ថ្ងៃទី១៤ ខែកុម្ភៈ តាម​សំណើ​របស់​កម្ពុជា​ ប្រឆាំង​នឹង​​ការ​ឈ្លានពាន​​របស់​កងទ័ព​ថៃ ។​

លោក​វ៉ា គឹមហុង បាន​បញ្ជាក់​ថា កិច្ច​ប្រជុំ​​​ទ្វេភាគី​នៃ​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​និង​ថៃ ​បាន​​ផ្អាក​តាំងពី​ខែមេសា ឆ្នាំ២០០៩មក ដោយ​សារ​តែ​កំណត់​ហេតុ​យល់​ព្រម​គ្នា​ចំនួន​​៣ ​មិន​ត្រូវ​បាន​សភាថៃ​ផ្តល់​សច្ចាប័ន​ឡើយ​រហូត​ដល់ពេល​​នេះ ដូច្នេះ​​​ហើយទើប​​កម្ពុជា​ចង់​បាន​​​ឱ្យ​មាន​​ភាគី​​ទី៣​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​​ខាង​មុខ ។ កំណត់​ហេតុ​យល់​ព្រមទាំង​៣នោះ មាន​​ដូច​ជា​ ការរំសាយ​កងទ័ព​ថៃឈ្លានពាន​កម្ពុជា​ នៅ​តំបន់​ប្រាសាទ​​ព្រះវិហារ​ ការចុះ​រាវ​រក​បង្គោល​​ព្រំដែន​ចាស់ៗ​ចំនួន​៧៣​ ការធ្វើ​ផែនទីឱ្យ​បាន​ច្បាស់​លាស់​ និង​ការ​​​ខណ្ឌ​សីមា ជាអាទិភាព​នៅ​តំបន់​​ប្រាសាទ​ព្រះ​វិហារ​ជាដើម ។

  • ក្រុមអាវលឿងមានផែនការប្រមូលផ្តុំគ្នា នៅមុខស្ថានទូតឥណ្ឌូណេស៊ី

កាសែត​ឌឹ​ណេស្សិន ​នៅថ្ងៃទី​៩ មីនា ​ឆ្នាំ​​២០១១ ​ផ្សាយ​​ឱ្យ​ដឹង​ថា ក្រុមសម្ព័ន្ធ​​ភាពប្រជា​​ជន​ដើម្បី​លទ្ធិប្រជា​ធិបតេយ្យ​​​​ ហៅក្រុម​អាវ​លឿង​​ប្រកាសថា ​ពួកគេ​​មាន​ផែនការ​​ដាក់ជូន​លិខិត​មួយច្បាប់ទៅ​​ស្ថានទូត​ឥណ្ឌូណេស៊ី​​ប្រចាំ​ទីក្រុង​​បាងកក​​នៅថ្ងៃទី​​១០ មីនា ​ទាមទារ​កុំ​​ឱ្យ​​ប្រទេស​​ឥណ្ឌូណេស៊ីជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​​ថៃ ។​

លោក Panthep Pourpongpan ជា​អ្នកនាំ​ពាក្យ​​​ក្រុមអាវ​លឿងនិយាយ​ថា ក្រុមអាវលឿង​​​ប្រឆាំង​​ដាច់ខាត​​ចំពោះការ​​ជ្រៀត​ជ្រែក​​ណា​មួយ​របស់​ឥណ្ឌូណេស៊ី​​​ដែលជា​ប្រធាន​អាស៊ាន​​ក្នុងកិច្ច​​ការផ្ទៃ​ក្នុង​​​របស់ថៃ ។​ តាមប្រភពព័ត៌​មាន​ពីកាសែតថៃ​​ឱ្យ​​ដឹង​​ទៀត​ថា ​នៅថ្ងៃទី​​​១០ មីនា ក្រុម​អាវ​លឿង នឹង​ប្រមូល​​​ផ្តុំគ្នា​នៅ​បរិវេណ​​ខាង​មុខ​​ស្ថានទូត​ឥណ្ឌូ​ណេស៊ី​​​​ដើម្បីដាក់​ជូន​លិខិត​នោះ ៕