ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​សម្រេច​ដកហូត​តំណែង​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ធ្វើការ​ស៊ើបអង្កេត

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម បាន​សម្រេច​ភ្លាម​ៗ​កាលពី​ថ្ងៃ​ទី​១៨ កុម្ភៈ ក្នុង​ការ​ផ្ទេរ​ភារកិច្ច​លោក អាំង មាលតី ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម បាន​សម្រេច​ភ្លាម​ៗ​កាលពី​ថ្ងៃ​ទី​១៨ កុម្ភៈ ក្នុង​ការ​ផ្ទេរ​ភារកិច្ច​លោក អាំង មាលតី ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​និង​ដាក់​ជំនួស​លោក តាំង ស៊ុន​ឡាយ ដែល​ជា​អនុប្រធាន​ចូល​កាន់​តំណែង​ជា​ប្រធាន ។ ការ​ប្រកាស​ផ្ទេរតំណែង​នេះ បាន​ធ្វើ​ឡើង​មួយ​ថ្ងៃក្រោយ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ប្រតិកម្ម​ចំពោះ​ការ​សម្រេច​ដោះ​លែង​ជនជាប់ចោទ​ពីរ​នាក់​ប្តី​ប្រពន្ធ​ជា​ឪពុក​ម្តាយ​របស់​ឧកញ៉ា ថោ​ង សា​រ៉ាត់​។

លោក គឹ​ម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​ថ្លែងប្រាប់​ក្រុម​អ្នកកាសែត​ថា បន្ទាប់​ពី​មាន​ភាព​មិន​ប្រក្រតី​ក្នុង​ការ​ដោះ​លែង​ឪពុក​ម្តាយ​លោក ថោ​ង សា​រ៉ាត់ កាលពី​ពេល​ថ្មី​ៗ​នេះ ក្រុម​អធិការកិច្ច​មិន​ទាន់​បញ្ចប់​ការ​ស៊ើបអង្កេត​ក្នុង​សំណុំរឿង​នេះ​នៅឡើយ​ទេ ។ លោក​ថា លោក អាំង មាលតី ត្រូវ​បាន​ផ្ទេរ​ភារកិច្ច​ទៅ​ប្រើ​ការ​នៅ​ឯ​ក្រសួងយុត្តិធម៌​វិញ ។

គួរ​បញ្ជាក់​ថា លោក អាំង មាលតី អតីត​ជា​ប្រធាន​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ទើបតែ​ចូល​កាន់​តំណែង​ជា​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ខែមេសា ឆ្នាំ​២០១៤ បាន​រយៈពេល​ជាង​១០​ខែ​ប៉ុណ្ណោះ ។ លោក តាំង ស៊ុន​ឡាយ ជា​អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ អតីត​ជា​ចៅ​ក្រុម​សាលាឧទ្ធរណ៍ បាន​ចូល​មក​កាន់​តំណែង​ក្នុង​រយៈពេល​ដូច​គ្នា​នេះ​ដែរ ។

ពិធី​ផ្ទេរ​ភារកិច្ច​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​លោក អង្គ វង្ស​វ​ឌ្ឍា​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក ឌិ​ត មន្ទី ប្រធាន​តុលាការ​កំពូល លោក​ឱម យ៉ិ​ន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​មានការ​អញ្ជើញ​ចូលរួម​ពី​អគ្គស្នងការ​រង​នគរបាល​ជាតិ​ចំនួន​២​រូប គឺ​លោក​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ និង​លោក​ឧត្តមសេនីយ៍ កង សា​ខន លោក​ជំទាវ ជា លាង​អគ្គ​ព្រះរាជអាជ្ញា​អម​តុលាការ​កំពូល លោក អ៊ុ​ក សា​វុ​ធ លោកប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ ។

លោក អាំង មាលតី ដែល​ត្រូវ​បាន​ដក​ចេញពី​តួនាទី បាន​ថ្លែង​ថា លោក​មាន​សេចក្តី​សប្បាយ​រីករាយ ដែល​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រកាស​តំណែង​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ថ្មី​លោក តាំង ស៊ុន​ឡាយ ជំនួស​រូប​លោក​ដែល​ត្រូវ​បាន​ផ្ទេរ​ភារកិច្ច​ទៅ​បម្រើ​ការងារ​នៅ​ក្រសួងយុត្តិធម៌​វិញ ។ លោក​លើក​ឡើង​ថា ក្នុង​តួនាទី​រយៈពេល​១០​ខែ​របស់​លោក​ជា​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក​និង​មន្ត្រី​តុលាការ​ដទៃ​ទៀត បាន​ខិតខំ​យកចិត្តទុកដាក់​ចំពោះ​ការងារ​ណាស់ ។
លោក អាំង មាលតី បាន​លើក​ឡើង​ថា ក្នុង​តួនាទី​នោះ​លោក​និង​សហការី បាន​ខិតខំ​បំពេញការងារ​ភារកិច្ច​ក្នុង​ការ​ផ្តល់​សេវា​យុត្តិធម៌​ជូន​ភាគី​ក្តី​និង​បាន​យកចិត្តទុកដាក់​ពង្រឹង​កិច្ច​ការងារ​គ្រប់គ្រង​រដ្ឋបាល​តុលាការ​ឲ្យ​បាន​កាន់តែ​ប្រសើរ​ឡើង ។ លោក​ថា «​ខ្ញុំ​បាន​ខិតខំ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អាច​ទទួល​បាន​នូវ​សេវា​យុត្តិធម៌ តាម​យន្តការ​រដ្ឋបាល  សេវា​យុត្តិធម៌​ម​តាម​សេចក្តីសម្រេច​របស់​តុលាការ​» ។

លោក អាំង មាលតី បាន​លើក​ឡើង​ថា សំណុំរឿង​ស៊ើបសួរ​ឬ​សល់​ពី​មុន​មាន​ចំនួន​១.៩៧៩​រឿង និង​មាន​រឿ​ចូល​ថ្មី​២.៨៨៦​រឿង​។​សំណុំរឿង​បាន​ចាត់ការ​រួច​ចំនួន​២៧៨៩ រឿង​និង​សល់​២.០៧៧​រឿង ។ សំណុំរឿង​ព្រហ្មទណ្ឌ​ជំនុំជម្រះ​សល់​ពី​មុន​៣.០១៥​រឿង និង​ចូល​ថ្មី​២.០៨៩​រឿង ។ លោក​មិន​បាន​និយាយ​ដល់​បញ្ហា​ជុំវិញ​ដក​តំណែង​របស់​លោក​នោះ​ទេ ។

លោក តាំង ស៊ុន​ឡាយ​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ថ្មី​បាន​ថ្លែង​ថា «​ខ្ញុំ​សូម​អរគុណ​ចំពោះ​ព្រះមហាក្សត្រ និង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បាន​ផ្តល់​ជំនឿ​ទុកចិត្ត​ចំពោះ​រូប​ខ្ញុំ​ក្នុង​ការ​តែងតាំង​តួនាទី​ជា​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​» ។

លោក​ប្រធាន​តុលាការ​ថ្មី​បាន​លើក​ឡើង​ថា​ដើម្បី​ឆ្លើយ​តប​ចំពោះ​ការ​តែងតាំង​នេះ លោក​បាន​ប្តេជ្ញា​ចិត្ត​ថា «​ស្មោះត្រង់​ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ គោរព​និង​អនុវត្ត​ឲ្យ​ម៉ឺង​មា​៉​ត់​តាម​រដ្ឋធម្មនុញ្ញ និង​បទ​ប្បញ្ញត្តិ​ទាំងឡាយ​ដែល​មាន​ជា​ធរមាន ។ ធានា​ការពារ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌ និង​មិន​លង់​នូវ​អគតិ​ទាំង​បួន​យ៉ាង​» ។

លោក​ប្រធាន​តុលាការ​ថ្មី​បាន​អះអាង​ថា «​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​សេវា​យុត្តិធម៌​ប្រកបដោយ​ប្រសិទ្ធភាព​និង​ឆាប់រហ័ស និង​ខិតខំ​រៀនសូត្រ​បន្ថែម​ទៀត​» ។ លោក​បន្ត​ថា លោក​នឹង​ខិតខំ​ប្រតិបត្តិ​តាម​ថ្នាក់ដឹកនាំ​នៃ​ក្រសួងយុត្តិធម៌​និង​មន្ត្រី​ផ្នែក​យុត្តិធម៌​ដទៃ​ទៀត​ដែល​ទទួល​បាន​យុត្តិធម៌​កន្លង​មក ។
លោក ឱម យ៉ិ​ន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ថ្លែង​ថា ប្រធាន​តុលាការ​ថ្មី ត្រូវ​មានការ​សហការ​គ្នា​ចាំបាច់​ណាស់ ហើយ​គ្មាន​ស្ថាប័ន​ណា​អាច​ធ្វើ​ការងារ​តែឯង​បាន​នោះ​ទេ ។

លោក​លើក​ឡើង​ថា អំណាច​ទាំង​បី នីតិប្បញ្ញត្តិ អំណាច​ប្រតិបត្តិ និង​អំណាចតុលាការ ។ បើ​មិន​ប្រើ​ពាក្យ​សហការ​ទេ មិន​អាច​ទៅ​រួច​ទេ ។ ប៉ុន្តែ​បើ​មិន​សហការ​គ្នា​ទេ អាច​ឲ្យ​មាន​ភាព​ច្របូកច្របល់ ហើយ​ក្នុង​នោះ​ដូច​ជា រដ្ឋាភិបាល​ដាក់​ច្បាប់​ទៅ​រដ្ឋសភា ដើម្បី​អនុម័ត​មិន​មាន​ន័យ​ថា ជា​ការ​លូកដៃ​ក្នុង​កិច្ច​ការងារគ្នា​ទេ ។

លោក ឱម យ៉ិ​ន​ទៀង បាន​លើក​ឡើង​ថា គ្មាន​ស្ថាប័ន​ណាមួយ​អាច​ធ្វើ​តែឯង​ឬ​នៅ​ឯកោ​នោះ​ទេ ។ នៅ​ក្នុង​ក្រសួង​មន្ទីរ​ត្រូវ​មើលឃើញ​កិច្ច​សហប្រតិបត្តិការ ទើប​ប្រទេស​កម្ពុជា​អាច​ដំណើរការ​ទៅ​បាន ។ វា​ចាំបាច់​ណាស់​សហការ​គ្នា​មិន​អាច​អត់​បាន​ឡើយ ។ ក្នុង​សាលក្រម​មួយ​ចេញពី​ស្ថាប័ន​តុលាការ​ទៅ​នោះ មាន​ទាំង​ញើស​ឈាម​កម្លាំងកាយ​ចិត្តគំនិត​គ្រប់​ផ្នែក​ទាំងអស់ ។

លោក ឱម យ៉ិ​ន​ទៀង បាន​ថ្លែង​ថា សាលក្រម​មួយ​ចេញ​ដោយ​មនុស្ស​ម្នាក់ មាន​តែ​មនុស្ស​ជា​ច្រើន​ឬ​ស្ថាប័ន​ជា​ច្រើន​ចូលរួម​ក្នុង​កិច្ចការ​នេះ មាន​ន័យ​ថា មានការ​សហការ​ពី​ស្ថាប័ន​ដទៃ​ទៀត ចូលរួម​ចំណែក​ផង​ដែរ ។

លោក ឱម យ៉ិ​ន​ទៀង បាន​ថ្លែង​ថា ពេល​នេះ​ជា​តំណាក់កាល​កែទម្រង់​ទាមទារ​ឲ្យ​មានការ​សហការ​គ្នា​គ្រប់​ភាគី​ទាំងអស់ ហើយ​បើ​ផ្នែក​ណា ឬ​អ្នក​ណា​មិន​ចូលរួម​សហការ​ទេ ត្រូវ​តែ​ដើរ​ចេញពី​ផ្លូវ​កំណែទម្រង់​នេះ​ទៅ ។ ក្នុង​កិច្ចសហការ​នេះ​ស្ថាប័ន​មួយ​អាច​ទទួល​បាន​ជោគជ័យ​នោះ​វា​ពិត​ណាស់​ទើប​អាច​ទៅ​បាន ។

លោក អង្គ​វង្ស វ​ឌ្ឍា​នា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​ថ្លែង​ថា លោក​អបអរសាទរ​ចំពោះ​លោក​ប្រធាន​តុលាការ​ថ្មី ហើយ​ក្រសួងយុត្តិធម៌​តែង​យកចិត្តទុកដាក់​ចំពោះ​ការ​គ្រប់គ្រង​ផ្នែក​រដ្ឋបាល​បច្ចេកទេស ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ប្រជាពលរដ្ឋ​ប្រកប​ដោ​យុត្តិធម៌ ។ លោក​រដ្ឋមន្ត្រី​បន្ត​ថា ការ​ដោះ​ដូរ​នេះ​ដោយ​យោង​តាម​ច្បាប់​ចំនួន​បី​ស្តី​ពី​ការ​រៀបចំ​និង​ការ​ប្រព្រឹត្ត​ទៅ​សេវាកម្ម​យុត្តិធម៌ ដែល​ទើប​អនុម័ត​ដោយ​រដ្ឋសភា ។

លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​បាន​ផ្តល់​សិទ្ធិ​ដល់​ក្រសួងយុត្តិធម៌​ក្នុង​ការ​ដោះស្រាយ​កិច្ច​ការងារ​ជា​ច្រើន​របស់​ខ្លួន ។ ក្រុមការងារ​នឹង​ចុះ​ទៅ​ដល់​សាលាដំបូង​ទូ​ទាំង​ប្រទេស​ក្នុង​ការ​ចូលរួម​តាមដាន​ដំណើរ​ការងារ​សវនាការ​របស់​តុលាការ ។ ការ​ចុះ​នេះ​នឹង​អាច​ទទួល​បាន​ផល​ច្រើន​របស់​ចៅក្រម ព្រះរាជអាជ្ញា​ត្រូវ​តែ​ខិតខំ​បំពេញការងារ​របស់​ខ្លួន​ក្នុង​ការ​ផ្តល់​សេវាកម្ម ។

លោក​រដ្ឋមន្ត្រី​បាន​ណែនាំ​ដល់​ចៅក្រម ព្រះរាជអាជ្ញា​ឲ្យ​ខិតខំ​ក្នុង​ការ​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​ខ្លួន​ឲ្យ​បាន​ល្អ ជា​អ្នក​ស្វែងរក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ និង​មាន​ជំនឿ​ទុកចិត្ត​ពី​សាធារណជន ។ សីលធម៌​ទាំងនោះ​ជា​ត្រីវិស័យ​ក្នុង​ការ​តម្រង់​ទៅ​របស់​ខ្លួន​និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ការងារ​របស់​ខ្លួន ត្រូវ​ចាត់ការ​សំណុំរឿង​មិន​ត្រូវ​ទុក​ចោល និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ភាគី​ពាក់ព័ន្ធ​ទេ ។

មានការ​កត់​សម្គាល់ថា ក្រោយ​ពី​ចប់​កម្មវិធី​ភ្ញៀវ​ទាំងអស់​ត្រូវ​បានការ​អញ្ជើញ​ចូលរួម​ពិសា​ភោជនាហារ​សាមគ្គី នៅ​ក្រោយ​អគារ​សាលាដំបូង ដែល​ជា​ម្ហូប​ប៊ូ​ហ្វេ ។ ចំណែក​លោក អាំង មាលតី អតីត​ប្រធាន មិន​បាន​នៅ​ចូលរួម​ពិសា​និង​គេ​ទេ គេ​បានឃើញ​គាត់​ចុះ​ដើរ​យ៉ាង​លឿន​ចូល​រថយន្ត​បើក​ចេញ​ទៅ​បាត់ ។ កម្មវិធី​ពិសា​ភោជនាហារ​សាគ​ម្គី​នោះ ត្រូវ​បាន​មន្ត្រី​សាលាដំបូង រៀបចំ​យ៉ាង​គគ្រឹកគគ្រេង ដោយ​មាន​ដូរ​តន្ត្រី និង​អ្នកចម្រៀង​កម្សាន្ត​ផង​ដែរ ដែល​នោះ​ហៅ​ថា ជា​ការ​ជប់លៀង​សម្រាប់​លោក​ប្រធាន​ទើប​ទ្បើ​ង​ថ្មី ៕