ខេត្តក្រចេះ ៖ ឧប្បត្ដិហេតុដែលនឹកស្មានមិនដល់មួយបានកើតឡើង ធ្វើឱ្យអ្នកដំណើររួមទាំងអ្នកបើកបរផង ភ័យបះសក់នាំគ្នារត់ចុះចេញពីរថយន្ដទាំងសភាពភ័យស្លន់ស្លោ ខណៈរថយន្ដតាក់ស៊ីដែលកំពុងតែជិះនេះត្រូវភ្លើងឆាបឆេះសន្ធោសន្ធៅ។
ហេតុការណ៍ដែលធ្វើឱ្យមានការភោ្ញក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៧ កុម្ភៈ នៅលើកំណាត់ផ្លូវជាតិលេខ៧ ត្រង់ចំណុចភូមិអូរពោធិ៍ ឃុំក្បាលដំរី ស្រុកសំបូរ ។ ឯរថយន្ដតាក់ស៊ីដែលឆេះម៉ាកសាន់យ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2A-3858 ធ្វើដំណើរពីខេត្ដក្រចេះ ឆ្ពោះទៅកាន់ខេត្ដស្ទឹងត្រែង តែសំណាងល្អមិនបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់អ្នកដំណើរណាម្នាក់ទេ គ្រាន់តែសំភារមួយចំនួនធំនៅលើរថយន្ដ រួមទាំងរថយន្ដមួយគ្រឿងនេះ ត្រូវក្លាយជាចំណីព្រះអគ្គីគ្មានសល់ តែមួយប៉ប្រិចភ្នែកសល់តែឆ្អឹង។
រថយន្ដតាក់ស៊ីដែលជួបហេតុការណ៍អាក្រក់នេះ ត្រូវបានគេស្គាល់ថា ម្ចាស់ឈ្មោះហែន ស៊ុយ អាយុ៥៨ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ហើយក៏ជាអ្នកបើកបររថយន្ដតាក់ស៊ីមួយគ្រឿងនេះដែរ។ ខណៈពេលដែលរថយន្ដត្រូវភ្លើងឆេះ គឺមិនមាននរណាអាចជួយពន្លត់ទាន់ពេលទេ ដោយសារតែកន្លែងកើតហេតុជាតំបន់ដាច់ស្រយាលពុំសូវមានប្រជាពលរដ្ឋរស់នៅ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ខណៈពេលដែលរថយន្ដកំពុងតែបើកទៅមុខ គេឃើញមានផ្កាភ្លើងចេញតាមបំពង់សឺម៉ាំង ហើយក៏បានឆាបឆេះពីតួខាងក្រោយរថយន្ដរាលមកមុខធ្វើឱ្យទាំងអ្នកជិះ និងអ្នកបើកបរនាំគ្នារត់ចុះពីរថយន្ដទាំងព្រលឹងចុងសក់។ ការឆេះរថយន្ដមួយគ្រឿងនេះ ត្រូវបានគេសន្និដ្ឋានថា បណ្ដាលមកពីផ្កាភ្លើងឆេះចេញតាមបំពង់សឺម៉ាំង ហើយប៉ះជាមួយនឹងធុងប្រេងក៏បណ្ដាលឱ្យអណ្ដាតភ្លើងឆាបឆេះតែម្ដង៕
ចែករំលែកព័តមាននេះ